ភ្នំពេញៈ កម្ពុជា-ម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ចសង្គម និងសាសនា ខណៈបេសកជនពិសេសរបស់ម៉ាឡេស៊ី បានបញ្ជាក់ជំហរមិនអនុញ្ញាតឱ្យមានក្រុមជ្រុលនិយមប្រើប្រាស់ទឹកដីម៉ាឡេស៊ី ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាឡើយ។
ការវាយតម្លៃខ្ពស់ជាវិជ្ជមាន ធ្វើឡើងនាឱកាសលោក Dato Ahmad Azam Bin Abrahman បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជួបដាច់ដោយឡែកជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
តាមរយៈតេឡេក្រាមរបស់លោក ហ៊ុន សែន, ក្នុងជំនួបនោះ លោក Dato Ahmad Azam Bin Abrahman បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីម នៅកម្ពុជា និងបានផ្តល់ឱកាសច្រើនដល់សហគមន៍ខ្មែរ អ៊ិស្លាមនៅកម្ពុជា។
បន្ថែមពីនេះលោក Dato បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ដោយបានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យមកជាប្រទេសដែលមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញ មានការរីកចម្រើនគួរជាទីមោទនៈ និងក្លាយទៅជាទីក្រុងដ៏ទំនើបនាពេលបច្ចុប្បន្ននេះ។
យោងតាមតេឡេក្រាមរបស់លោក ហ៊ុន សែន បេសកជនពិសេសម៉ាឡេស៊ីបានបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំបន្ថែមទៀត ហើយប្រទេសម៉ាឡេស៊ី បានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលយកទឹកដីម៉ាឡេស៊ី មកប្រើប្រាស់ធ្វើនយោយបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ»។
ជាការឆ្លើយតបលោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍មូស្លិមនៅកម្ពុជា និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមប្រើប្រាស់ទឹកដីដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានជម្រាបជូនពីសភាពការណ៍ថ្មីៗនិងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជាជូនចំពោះបេសកជនពិសេស ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសទាំង២។
ដោយឡែកក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក Dato Ahmad Azam Bin Abrahman ភាគីទាំង២បានពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាទ្បេស៊ី ក្នុងវិស័យសេដ្ឋកិច្ចសង្គម និងសាសនា។
ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង ធ្លាប់បានថ្លែងឱ្យដឹងថា កម្ពុជា និងម៉ាឡេស៊ី ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា គឺមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាល្អប្រសើរ ខណៈដែលការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា ក៏មានច្រើនគួរសមដែរ។
លោកបានលើកឡើងថា៖«នៅក្នុងបរិបទសហគមន៍សេដ្ឋកិច្ចអាស៊ាន ម៉ាឡេស៊ី ជាដៃគូដ៏ល្អរបស់កម្ពុជា ដូចនេះការផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដល់ប្រទេសនេះ អាចជួយជំរុញកំណើនការវិនិយោគពីម៉ាឡេស៊ីបន្ថែមទៀតស្របពេលការដោះដូរពាណិជ្ជកម្មរវាងគ្នាកាន់តែល្អប្រសើរ»។
សូមជម្រាបថា នៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា និងលោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៣ ភាគីទាំង២បានពិភាក្សាផ្តោតសំខាន់លើផលិតផល ស្រូវ/អង្ករ ដែលអាចធានាបាននូវសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មលើអង្កររបស់កម្ពុជា។
ជាមួយគ្នានេះ ភាគីទាំង២ បានលើកទឹកចិត្ត និងគាំទ្រឱ្យវិនិយោគិននៃប្រទេសទាំង២ វិនិយោគលើវិស័យកសិកម្ម ដោយធ្វើការសហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕