ភ្នំពេញៈចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែធ្នូនេះ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន»បណ្តាលឱ្យស្លាប់អ្នកដទៃ កាលពីថ្ងៃទី១៤ ខែធ្នូ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ជាបណ្តោះអាសន្នដាក់ពន្ធនាគាររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ពាក់ព័ន្ធករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅខណ្ឌទួលគោក តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។
លោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែធ្នូនេះ បានបើកការស៊ើបសួរជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
លោកប្រាប់ថា៖«មកដល់ពេលនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌរួចហើយ»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូថា ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តច្បាប់ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ពាក់ព័ន្ធនឹងបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់។
លោកថ្លែងថា៖«ការងារនេះយើងបានប្រមូលភ័ស្តុតាង សាកសួរសាក្សី និងការឆ្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ហើយ»។
ប្រភពដដែលបានឱ្យដឹងថា ជនសង្ស័យបានចូលខ្លួនមកសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ដោយមានការសម្របសម្រួលពីអាណាព្យាបាល។ លោកបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅខណ្ឌទួលគោក រវាងរថយន្ត Jeep និង ម៉ូតូ១គ្រឿង បណ្តាលឱ្យបាត់បង់ជីវិតអ្នកបើបបរម៉ូតូ។
លោក សៀង ប៊ុនលាង អាយុ៥០ឆ្នាំ ជាឪពុករបស់ជនរងគ្រោះបានឱ្យដឹងថា ការបាត់បង់កូនប្រុសរបស់លោកនាពេលនេះគឺជាការបាត់បង់ដ៏ធំ ព្រោះកូនរបស់លោកជាបង្គោលគ្រួសារ ហើយទើបមានកូនតូចអាយុ៦ខែ រីឯប្រពន្ធនៅផ្ទះ ហេតុនេះកូនលោកជាអ្នករ៉ាប់រងជីវភាពគ្រួសារទាំងស្រុង។ លោកបន្ថែមថា អ្វីដែលលោកចង់បានបំផុត គឺយុត្តិធម៌ និងការទទួលបានសំណងជំងឺចិត្តសមរម្យ។
លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាគ្រួសារសពដែលកំពុងកាន់ទុក្ខ ខ្ញុំមានចិត្តរំភើប រីករាយណាស់ ដែលថ្នាក់ដឹកនាំ និងសមត្ថកិច្ចបានខិតខំស្វះស្វែងរកយុត្តិធម៌ដល់កូនរបស់ខ្ញុំបាទ រហូតដល់ជនបង្កយល់ព្រមចូលខ្លួនទៅសារភាពកំហុស។ ខ្ញុំចង់ឱ្យតុលាការរកយុត្តិធម៌ ចំពោះកូនខ្ញុំដោយឱ្យជនបង្កទទួលខុសត្រូវចំពោះមុខច្បាប់ និងសំណងជំងឺចិត្តបានសមរម្យ»។
លោក សៀង ប៊ុនលាង បានឱ្យដឹងថា ការបាត់បង់កូនរបស់លោកឈ្មោះ សៀង គឹមហុង ក៏ជាការបាត់បង់ធនធានមនុស្សក្នុងសង្គមដ៏សំខាន់ម្នាក់ផងដែរ ព្រោះកូនរបស់លោក គឺជើងឯកប្រកួតកីឡាវាយសីជម្រើសជាតិ ដែលទទួលបានមេដាយប្រមាណ៤០ ធ្លាប់បានចេញទៅប្រកួតនៅអន្តរជាតិនាំកិត្តិយសជូនជាតិមាតុភូមិ ពីតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសហ្វីលីពីន ជប៉ុន និងម៉ាឡេស៊ីជាដើម៕