ភ្នំពេញ: មន្ត្រីការទូតរបស់កម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ប្រទេសកម្ពុជានៅមានវិស័យសក្ដានុពលជាច្រើនដើម្បីស្វាគមន៍វិនិយោគិនកូរ៉េ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៣ ផ្សេងទៀតដែលអនុញ្ញាតដល់អ្នកនាំចេញក្នុងអត្រាអត់គិតពន្ធ។
ថ្លែងក្នុងវេទិកាធុរកិច្ច និងវិនិយោគ រវាងកម្ពុជា-កូរ៉េ លើកទី ២ បានរៀបចំឡើងកាលពីថ្ងៃទី ២១ ខែធ្នូ កន្លងទៅ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ វេទិកានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ឱកាសវិនិយោគរវាងកម្ពុជា និងកូរ៉េ តាមរយៈការចែករំលែកព័ត៌មាន បទពិសោធល្អៗ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាបង្កបរិយាកាសក្នុងការបង្កើតដៃគូថ្មីៗ សម្រាប់អ្នកវិនិយោគនៃប្រទេសទាំង ២ ផងដែរ។
លោកស្រីបានបញ្ជាក់ថា៖«ជាក់ស្ដែង ភាគីទាំង ២ មានយន្ដការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូចជា កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របពេលដែលប្រទេសទាំង ២ ជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ដែលយន្តការទាំងអស់នេះ បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ»។
លោកស្រី ជ្រឹង បុទុមរង្សីបាន បញ្ជាក់បន្ថែមថា ៖ «ជាងនេះ ទៅទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងអាស៊ាន និងដៃគូសន្ទនាអាស៊ាន ការវិនិយោគនៅកម្ពុជាបើកទ្វារទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ប្រទេសកម្ពុជាបាន ចាប់ផ្តើម ការផ្លាស់ប្តូររបស់ខ្លួនពីសេដ្ឋកិច្ចដែលពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចទំនើបដោយផ្អែកលើកសិកម្មឆ្លាតវៃ ឧស្សាហកម្ម សេវាកម្ម និងការបង្កើន ល្បឿនឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។ លោកស្រីបន្តថា ៖ «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកវិនិយោគ ហើយយើងលើកទឹកចិត្តអ្នក វិនិយោគកូរ៉េឱ្យឃើញពីសក្តានុពល ដោយផ្ទាល់»។
លោក MARN Kijeong អនុប្រធានប្រតិបត្តិនៃសមាគមអ្នកនាំចូលកូរ៉េ ក៏បានថ្លែងដែរថា កម្ពុជាគឺជាប្រទេសដែល មានសក្ដានុពល ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ ភាគរយ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលប្រទេសនេះ ស្ថិតនៅក្នុងភូមិសាស្ដ្រអាចតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក។
លោកក៏បានបញ្ជាក់ថា៖«ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសការដាក់ចេញនូវគោលនយោបាយឌីជីថលូបនីយកម្ម និងឧស្សាហូបនីយកម្ម ច្បាប់ការងារ ច្បាប់វិនិយោគ និងកត្តាអំណោយផលនានា ដែលបានផ្តល់ការគាំពារ និងការគាំទ្រដល់ការវិនិយោគពីក្រៅប្រទេស បានជំរុញឱ្យសមាគម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា»។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ សាធារណរដ្ឋកូរ៉េខាងត្បូង ជាប្រទេសដែលមានការវិនិយោគផ្ទាល់ (FDI) ច្រើនជាងគេនៅកម្ពុជា លំដាប់ទី ២ បន្ទាប់ពីចិន ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ ២២,៤ ទ្រីលានរៀល ដែលស្មើនឹងជាង ១០ ភាគរយ នៃ FDI សរុប។
ការវិនិយោគរបស់កូរ៉េភាគច្រើន លើវិស័យ ហិរញ្ញវត្ថុ, អចលនទ្រព្យ,កម្មន្តសាល,កសិកម្ម,វារីអគ្គិសនី និងសំណង់ជាដើម។
ដោយឡែក បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញឱ្យឃើញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៦៨៣ លានដុល្លារ ថយជិត៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមកនេះ៕