បាត់ដំបងៈ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងរបស់លោកជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុជាមួយអ្នកសារព័ត៌មានដែលបានរៀបចំឡើងនៅថ្ងៃទី ២៣ ខែធ្នូ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។
លោកបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព ៣ គឺស្អាតបៃតង និងចីរភាព។ ភាពស្អាត និងសុខភាពល្អរបស់ប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។
លោកថ្លែងថា៖ «វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺជាកត្តាជំរុញដ៏សំខាន់នៃការលុបបំបាត់ការបញ្ចេញកាបូន នៅកម្ពុជាដើម្បីក្លាយជាអាងស្រូបកាបូន នៅឆ្នាំ ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត»។
លោកបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់កូនឈើជូនប្រជាពលរដ្ឋដាំក្នុង ១ ឆ្នាំ ១ លានដើម ដើម្បីជាវិធានការដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ ២០៥០។ យុទ្ធសាស្ត្រនេះនឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា សិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាន នៅកម្ពុជា នាពេលនេះមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៣០ នាក់មកពីស្ថានីយវិទ្យុនិងទូរទស្សន៍ ទស្សនាវដ្តី កាសែតអេឡិចត្រូនិក កាសែតបោះពុម្ព និងបណ្តាញផ្សព្វផ្សាយអនឡាញ។
សិក្ខាសាលានេះ ធ្វើឡើងមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ឱ្យកាន់តែច្បាស់ពីសកម្មភាព និងបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងនោះក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបានចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយ នៅឆ្នាំ ២០៥០»។
លោក ស៊ុល រ៉វី អ្នកយកព័ត៌មានថ្មីៗក្នុងចំណោមអ្នកចូលរួមផ្សេងទៀតយល់ឃើញថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មាន ដែលជាអ្នកផ្ដល់ព័ត៌មាន។លោកបន្តថា៖«កម្មវិធីនេះកាន់តែជំរុញឱ្យអ្នកសារព័ត៌មានយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពការងាររបស់ក្រសួង បរិស្ថានដែលកំពុងប្រតិបត្តិលើកិច្ចការងារនេះ»៕