ភ្នំពេញៈ លោក​ កែវ រ៉េមី ប្រធាន​គណៈ​ក​ម្មា​សិទ្ធិមនុស្ស​កម្ពុជា ​(​គ​.​ស​.​ម​.​ក​.) ចេញមុខ​ច្រាន​​ចោលការ​លើកឡើង​ពី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​ ៦ ដែលថា ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះក្រោម​ហេតុផល​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បំបិទ​មិនឱ្យ​គណ​បក្ស​ភ្លើងទៀន​ចូលរួម​ការបោះ​ឆ្នោត​កាលពី​ខែកក្កដា និង​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកទោស​ន​យោ​បាយ​។​

​ការចេញមុខ​ច្រានចោល​របស់​ប្រមុខ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ ធ្វើឡើង​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២៣​ បន្ទាប់ពី​អង្គការ​ចំនួន ​៦ រួមមាន បណ្តាញ​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR), ​បណ្តាញ​ប្រជា​ធិ​ប​តេ​យ្យ​អាស៊ី ​(ADN),​ វេទិកា​អា​​ស៊ាន​ដើម្បី​ការអភិវឌ្ឍ​សិទ្ធិមនុស្ស (FORUM ASIA),​ បណ្តាញ​អា​ស៊ាន​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី (ANFREL),​ សម្ព័ន្ធ​ពិភព​លោក​សម្រាប់​ការចូលរួម​របស់​ពល​រដ្ឋ (CIVICUS) និង​អង្គ​ការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បានដាក់​លិខិត​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅកាន់​សភា​អន្តរជាតិ​ដល់​ប្រទេស​ចំនួន ៧ រួមមាន​៖ សភា​អឺរ៉ុប អាមេរិក កាណាដា អូ​ស្ត្រា​លី អង់គ្លេស នូ​វែ​ល​សេ​ឡង់ និង​ជប៉ុន​។​

​លោក ​កែវ រ៉េមី បាន​ថ្លែងថា លោក​ធ្វើ​សន្និសីទកាសែត​នេះ​ឡើង ផ្តោត​សំខាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ ដែល​លោក​ថា ជា​រឿង​ចាស់ ដោយ​យក​រូបភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មក​លើកឡើង ប៉ុន្តែ​ខ្លឹមសារ​ក្នុង​លិខិត​ប្តឹងផ្តល់​ដែល​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នោះ​គឺ​ផ្តោត​តែ​ចំពោះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រារាំង​ការចូលរួម​បោះឆ្នោត​កាលពី​ខែកក្កដា កន្លងទៅ​របស់​គណបក្ស​ភ្លើងទៀន​នោះទេ​។​

​លោក​បន្តថា​៖ «​ត្រង់នេះ​យើង​មាន​ចំណាត់ការ​ ២ ទី​១ ធ្វើ​ស​ន្និ​​សីទ​កាសែត​បំភ្លឺ​មហាជន​ហើយ​ទី ​២ យើង​នឹងធ្វើ​លិខិត​បំភ្លឺ​ទៅកាន់​សភា​ទាំង​ ៧ ដើម្បីឱ្យ​គាត់​បាន​ជ្រាប​។ ខ្លឹមសារ​លិខិត​ពួក​គាត់ និយាយ​តែ​ពី​រឿង​គណបក្ស CNRP [​គណបក្ស​សង្គ្រោះ​ជាតិ​] និង​គណបក្ស​ភ្លើងទៀន តែ​ប៉ុណ្ណឹង តែ​លើក​រូបភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ថា ធ្លាក់ចុះ​»​។​

​លោក​បាន​អះអាងថា លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជាមាន​ដំណើរការ​ប្រក្រតី ដោយ​ពលរដ្ឋ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត ចូលរួម​ការ​បោះឆ្នោត ព្រមទាំង​អាចមាន​សិទ្ធិ​បញ្ចេញមតិ​ទៅតាម​ច្បាប់​បានអនុញ្ញាត ដោយ​ជា​រៀងរាល់ ៥ ​ឆ្នាំ​ម្តង កម្ពុ​ជាមាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​ដែលមាន​ឡើងជា​ទៀង​ទាត់​តាម​ការកំណត់​។ ត្រង់​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កែវ រ៉េមី អះអាងថា ដោយសារ​គណបក្ស​នេះ​ជាប់​ពាក់​​ព័ន្ធ​ការឃុបឃិត​ជាមួយ​បរទេស​ដោយ​ទទួល​ទាំង​ជំនួយ​ថវិកា​និង​យុទ្ធសាស្ត្រ​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​របស់​ជាតិ​។​

​ចំពោះ​សំណុំរឿង​គណ​​បក្ស​ភ្លើងទៀន​វិញ លោក​បាន​បញ្ជាក់ដែរថា ការមិន​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណា​ង​រាស្ត្រ​នីតិកាល​ទី​៧ គឺ​ដោយ​សារ​គណបក្ស​ភ្លើងទៀន​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​ .​ប​.)​។

ចំណែក​ការអំពាវនាវ​ពី អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ​វិញ​លោក​ឆ្លើយតប​ថា​មិនមាន​ទាក់ទង​អ្នក​ទោស​នយោបាយ​នោះទេ​គឺ​អ្នក​ទោស​នយោបាយ​ប្រព្រឹត្ត​បទ​​ល្មើស​ខុសច្បាប់ ដែល​ត្រូវគោរព​តាមច្បាប់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ សឹង សែ​នក​រុ​ណា អ្នកនាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុកបាន​ថ្លែងថា ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៦ ជាការ​ព្រួយ​បារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ស្តង់ដា​អន្តរជាតិ ហើយ​ការច្រានចោល​របស់​គណៈ​ក​ម្មា​សិទ្ធិមនុស្ស​កម្ពុជា​អាច​ទទួលផល​អវិជ្ជមាន​ពី​បណ្តា​ប្រទេស​ទាំង​ ៧ ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​គួរតែ​មានការ​ពិនិត្យ ហើយ​ឆ្លើយតប​ដោយ​សន្តិវិធី​ដោយ​ទទួលយក​ចំណុច​ទាំង​ហ្នឹង​ដើម្បី​យកមក​កែលម្អ​។ ខ្ញុំ​យល់ថា ជា​ចំណុច​ប្រសើរ​ជាង​ការច្រានចោល​ដដែលៗ ដែល​គ្មាន​ការកែលម្អ​។ តាំងពី​រំលាយ​គណបក្សប្រឆាំង ពោលគឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​មក មកទល់ពេលនេះ ស្ថានភាព​សិទ្ធិមនុស្ស​មិនមាន​ភាពល្អប្រសើរ​ទេ​»​។​

​ជាមួយគ្នានេះ​លោក​ សែន​ករុណា បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​វិធានការ​ម៉ឺងម៉ាត់​ណាមួយ ដែល​អាចដាក់​ចេញពីរ​ង្វ​ង់​បណ្តា​ប្រទេស​ទាំង​ ៧ ដែល​ទទួលបាន​លិខិត​ពី​ក្រុម​អង្គការ​សង្គម​ស៊ី​​វិល ដែល​អាចធ្វើឱ្យ​ខាតបង់​ចំពោះ​កម្ពុជា​នៅ​ចំពោះមុខ​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល ហើយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរី​​ភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​សម្រាប់​លោក​ អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា កត់សម្គាល់ថា អង្គការ​ទាំង​ ៦ ដែល​ដាក់​លិខិត​សុទ្ធសឹងតែ​ជា​អង្គការ​ដែលមាន​ឥទ្ធិពល​ខណៈ​សភា​ទាំង ​៧ ដែល​ទទួល​លិខិត សុទ្ធតែជា​ប្រទេស​ដែលមាន​ឥទ្ធិ​​ពល និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​កម្ពុជា​ផងដែរ​។ លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យឡើងវិញ​ដើម្បី​ធ្វើ​កែលម្អ​ស្ថាន​ភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្រៅតែពី​ការប្រកាស​ច្រានចោល​របាយការណ៍​នានា​ពី​ក្រុម​សង្គម​ស៊ីវិល ឬ​បណ្តា​ប្រទេស​លោកខាងលិច​។​

​សូមបញ្ជាក់ថា អង្គការ​អន្តរ​​ជាតិ​ធំៗ​ចំនួន​ ៦ នេះ​បាន​ចុះផ្សាយ​លិខិត​ចំហ​របស់ខ្លួន កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២៣​ ទៅកាន់​សភា​អឺរ៉ុប និង​បណ្តា​ប្រទេស​ចំនួន​ ៦ ដោយ​បង្ហាញ​ក្តីបារម្ភ​ថា កម្ពុជា​កំពុង​បន្ត​ធ្លាក់ចុះ​ស្ថាន​ភាព​សិទ្ធិមនុស្ស និង​ប្រជា​ធិ​ប​តេ​យ្យ និង​«​បន្ត​ធ្លាក់​ចូលក្នុង​រណ្តៅ​នៃ​របប​ផ្តាច់ការ​» ដោយ​ស្នើឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​​វិធានការ​បន្ទាន់ មុន​បញ្ហា​នេះ​បន្ត​រាលដាល​យាយី​ដល់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​ ២០២៤ ខាងមុខ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ កែវ រ៉េមី បាន​គូសបញ្ជាក់ថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ​យើង​ដំណើរ​ការល្អ ដោយ​សម្តេច​ធិបតី​កំពុង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ គោរព​នីតិរដ្ឋ ដាក់​ទោសទណ្ឌ​មន្ត្រី​អនុវត្ត​ខុស មន្ត្រី​អាងខ្នង កូន​មន្ត្រី​ណា​អាង​ឪពុក​ធ្វើ​ធំ ប្រព្រឹត្ត​ខុស​។ កម្ពុជា​កំពុង​បោះជំហាន​លុប​​បំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព​កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌​។ គិតគូរ​គាំពារ​សង្គម និង​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​»៕