ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ជនមានពិការភាព កុំមានការតូចចិត្ត និងអស់សង្ឃឹមក្នុងជីវិត តែត្រូវចេះតស៊ូជម្នះ ដើម្បីងើបផុតចេញពីភាពជាបន្ទុកសង្គម ហើយអាចជួយសង្គមវិញបាន ខណៈរដ្ឋាភិបាលនិងសង្គមស៊ីវិល កំពុងព្យាយាមស្វែងរកមធ្យោបាយផ្តល់ឱកាសសម្រាប់ជនមានពិការភាពចូលរួមក្នុងសង្គមឱ្យបានច្រើនផងដែរ។
លោក ហេង សួរ បានថ្លែងដូចនេះ តាមរយៈវីដេអូឃ្លីប ដែលផ្សព្វផ្សាយដោយក្រសួងការងារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ លោកបានផ្តាំដល់ជនមានពិការភាពទាំងឡាយ ត្រូវមានសង្ឃឹមក្នុងជីវិត ដើម្បីអាចសម្រេចជោគជ័យ បើសិនអាចឆ្លងកាត់ឧបសគ្គពិបាកទាំងឡាយបាន។
លោកថ្លែងថា៖ «កុំតូចចិត្ត នៅពេលគេនិយាយអ្វីមួយពាក់ព័ន្ធនឹងពិការភាពរបស់យើង។ ខ្ញុំខ្លួនឯងផ្ទាល់ ក៏ធ្លាប់លួងខ្លួនឯងថា នៅពេលគេនិយាយអ្វីមួយពាក់ព័ន្ធជាមួយយើង កុំចាត់ទុកថា គេមើលងាយយើង។ ជួនកាលដោយអចេតនា ដោយសារនៅក្នុងចំណោមមនុស្សច្រើន ១០០នាក់ ដោយ៩៨នាក់ជាមនុស្សទូទៅ ដល់ពេលគេមិនបានចាប់អារម្មណ៍យើង គេនិយាយលេងមកដល់យើង តែកុំឱ្យពាក្យបន្តិចបន្តួចហ្នឹង ធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត»។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ដែរថា ជនមានពិការភាព មិនមែនជាបន្ទុកសង្គមអស់មួយជីវិតឡើយ លុះត្រាតែសង្គមទាំងមូល ក្រុមគ្រួសារ និងជនមានពិការភាពខ្លួនឯងអស់សង្ឃឹម ទើបក្លាយជាបន្ទុកសង្គមជាដរាបហើយចំណុចនេះលោក ហេង សួរ ក៏បានអំពាវនាវឱ្យមានការផ្តល់ក្តីសង្ឃឹមដល់ជនមានពិការភាពផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញ និងពិនិត្យមើលការអនុវត្តនៅប្រទេសផ្សេងៗ ដើម្បីធ្វើម៉េចឱ្យបងប្អូនមានពិការភាពនេះ ទទួលបានឱកាសសមរម្យ ហើយជាពិសេសគឺការងារ»។
លើសពីនេះ លោកក៏បានស្នើដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូសហការនានា ជាពិសេសអង្គការសង្គមស៊ីវិលជាង៤០ ដែលធ្វើការពាក់ព័ន្ធជនមានពិការភាព ផ្ចុងផ្តើមសហការដើម្បីស្វែងរកឱកាសសម្រាប់ជនមានពិការភាព តួយ៉ាងការទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(TVET) ក្នុងកម្មវិធីរបស់រដ្ឋាភិបាលជាដើមដើម្បីទទួលបានជំនាញមួយពិតប្រាកដជាទុនសម្រាប់ចិញ្ចឹមជីវិត។
លោក ហេង សួរ បានបញ្ជាក់ថា នៅកម្ពុជា ជនមានពិការភាពទទួលបានសិទ្ធិបំពេញការងារជាផ្លូវការ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលមកទល់ពេលនេះស្ថិតក្នុងអត្រាមិនដល់ ១% នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងជំរុញបន្ថែមទៀតក្នុងអត្រា ៣% ហើយលោកក៏ស្នើដល់វិស័យឯកជនគួរបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពចូលបម្រើការផងដែរ។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ជនមានពិការភាព ក៏ជាពលរដ្ឋរស់នៅក្នុងសង្គម ដែលត្រូវមានឋានៈជាពលរដ្ឋមានសេចក្តីថ្លៃថ្នូរក្នុងសង្គម ដែលការងារនេះទាមទារការផ្តល់លក្ខណៈសមធម៌ពីសង្គមដល់ជនមានពិការភាព មិនថាពិការដៃ ជើង ភ្នែក គថ្លង់ តិចក្តី ច្រើនក្តី ខណៈសព្វថ្ងៃជនមានពិការភាពមួយចំនួនជ្រើសរើសយកការសុំទានតាមទីសាធារណៈដើម្បីចិញ្ចឹមជីវិត ព្រោះជីវភាពលំបាក។
លោកថា៖ «ការជំរុញអត្រាការងារដល់ជនមានពិការភាព ពិតជារឿងត្រឹមត្រូវ ក៏ប៉ុន្តែសូមឱ្យមានការអនុវត្តជាក់ស្តែង ជាពិសេសការបង្កលក្ខណៈសមធម៌ លុបបំបាត់ការរើសអើង បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ចំណេះជំនាញទៅតាមនីតិសម្បទារៀងៗខ្លួន។ សង្ឃឹមថា គោលនយោបាយសន្យានេះ នឹងត្រូវអនុវត្តជាក់ស្តែង»។
លោក យង់ ពៅ សង្កេតឃើញថា ចំណុចឧបសគ្គធំៗ លើការជំរុញអត្រាការងារដល់ជនមានពិការភាពនេះគឺទី១ពាក់ព័ន្ធទៅនឹងការរើសអើងតាំងពីសំណាក់សង្គម និងជនពិការខ្លួនឯង,ទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលសមត្ថភាពក៏មិនទាន់មុតស្រួច និងទី៣ ពាក់ព័ន្ធការយឺតយ៉ាវក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ៕