ភ្នំពេញៈ លោក ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក ស ខេង បានស្នើបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៃវិទ្យាល័យព្រះមុនីវង្ស ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈហ្វេសប៊ុកលោក ស ខេង បានថ្លែងថា ៖ «ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើន រហូតមកទល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការសម្រេចដោយមានការគ្រោងទុកប្រកបដោយទស្សនវិស័យវែងឆ្ងាយ ពីជោគវាសនារបស់ប្រទេសជាតិ ឈរលើមូលដ្ឋានពិភាក្សាស្រុះស្រួលមូលមតិគ្នា សាមគ្គី និងឯកភាពគ្នាយ៉ាងរឹងមាំ។ យើងត្រូវរក្សាឱ្យបាននូវសន្តិភាពនេះ ដែលជាកិច្ចការរបស់យើងទាំងអស់គ្នាដែលមានការពាក់ព័ន្ធ»។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង។
បើតាមលោក ស ខេង ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក បាននិងកំពុងជំរុញនិងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាននូវគោលការណ៍នៃការកសាងជាតិ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ថា នេះគឺជារឿងមួយត្រឹមត្រូវ និងជារឿងធម្មតាសម្រាប់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលតែងតែងចង់រំលឹកនូវស្នាដៃ ឬរឿងល្អៗ ក្រោមការដឹកនាំរបស់ខ្លួន និងជាពិសេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស។
លោក ស៊ឺន សម បានបន្ថែមថា ទោះបីជា លោក ស ខេង មិនមែនជាប្រធានគណបក្សក៏ដោយ ក៏ប៉ុន្តែ លោកជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយក៏ជាសមាជិកដ៏សំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា។
លោកមានថ្លែងថា៖«អីចឹងទេ! ការអំពាវនាវឱ្យចូលរួមពង្រឹង និងរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នោះគឺជារឿងដ៏សំខាន់ និងជាសារមួយ ដែលថ្នាក់ដឹកនាំ ត្រូវតែអំពាវនាវ ឱ្យពលរដ្ឋនិយាយរឿងល្អៗ ដើម្បីបង្ហាញឱ្យពលរដ្ឋ និងសាធារណជនបានយល់ដឹង»។
ទាក់ទងនឹងគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពវិញ លោក ស៊ឺន សម បានប្រាប់ថា ជារឿងមួយដ៏សំខាន់ ប៉ុន្តែវាជាតួនាទី និងកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានដែលមានមេប៉ុស្តិ៍ និងមេឃុំ ក្នុងការពង្រឹងគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាព៕