ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលបានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយយន្តការបង្កភាពងាយស្រួលដល់ការធ្វើចំណាកស្រុកស្របច្បាប់ ហើយរដ្ឋាភិបាលអាណត្តិទី៧ ក៏យកការគាំពារសិទ្ធិពលករនៅក្រៅប្រទេសជាកម្មវិធីនយោបាយអាទិភាពមួយដែរ។
ការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារដូចនេះ ធ្វើឡើងនៅក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មន្ត្រីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួនរួមនឹងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធជាច្រើនរូបទៀត។
លោកហេង សួរ លើកឡើងតាមរយៈវីដេអូដែលបានផ្សព្វផ្សាយដោយក្រសួងការងារនាថ្ងៃទី២៤ ខែធ្នូថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈខ្ពស់ ក្នុងការកាត់បន្ថយចំនួនចំណាកស្រុកខុសច្បាប់ ព្រមទាំងលើកម្ពស់ និងគាំពារសិទ្ធិពលករខ្មែរដែលនៅក្រៅប្រទេសវិញ។
លោកបានអះអាងថា រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួល មិនមានភាពស្មុគស្មាញសម្រាប់ពលករ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។
លោក ហេង សួរ បានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន»។
រដ្ឋមន្ត្រីការងារបានបន្តថា ៖ «រដ្ឋាភិបាលអាណត្តិទី៧ ក្នុងផ្នែកទេសន្តរប្រវេសន៍ ក៏ជាកម្មវិធីនយោបាយអាទិភាពសំខាន់មួយផងដែរដែលក្រសួងការងារកំពុងយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងទាំងសម្រាប់ជនបរទេសដែលកំពុងបម្រើការនៅកម្ពុជា»។
លោកបានឱ្យដឹងបន្ថែមថា រដ្ឋាភិបាល ជាពិសេសក្រសួងការងារ បានរៀបចំពិធីសាសនា ពិធីបុណ្យនានា តួយ៉ាង បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យផ្សេងៗទៀត នៅតាមបណ្តាប្រទេសគោលដៅ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលករដែលចាកឆ្ងាយស្រុកកំណើត ហើយរដ្ឋាភិបាលនឹងគ្រោងរៀបចំព្រឹត្តិការណ៍បែបនេះបន្ថែមទៀត។
ជាចុងក្រោយ លោកហេង សួរ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមសហការជិតស្និទ្ធិជាមួយរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចគោលដៅលើការលើកកម្ពស់ ការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនពលករទេសន្តរប្រវេសន៍។
ជុំវិញរឿងនេះ លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានឱ្យដឹងថា បញ្ហានៃការធ្វើចំណាកស្រុក ជារឿងស្មុគស្មាញសម្រាប់បណ្តាប្រទេសក្រីក្រដូចជាកម្ពុជា ហើយការចំណាកស្រុកនេះទៀតសោតជាលំហូរចេញនូវកម្លាំងពលកម្មក្នុងស្រុក តែជាយ៉ាងណា ដោយសារលក្ខខណ្ឌសេដ្ឋកិច្ច ការផ្តល់យន្តការចំណាកស្រុកដោយស្របច្បាប់ ការធ្វើចំណាកស្រុកក្នុងសម័យសកលភាវូបនីយកម្មជារឿងធម្មតាទៅហើយសម្រាប់ពិភពលោក។
លោកបានថ្លែងថា៖ «បើសិនយើងបណ្តោយឱ្យការធ្វើចំណាកស្រុកនេះដោយខុសច្បាប់ និងមិនមានសុវត្ថិភាព ឬមនុស្សឆ្លងដែនដោយខុសច្បាប់ ពេលនោះរដ្ឋត្រូវខាតច្រើនណាស់ ដែលយើងមិនអាចប្រមូលបានពន្ធពីកម្លាំងពលកម្មរបស់យើងទេ។ ត្រង់នេះ យើងត្រូវយល់ថា ពេលសេដ្ឋកិច្ច មិនមានតុល្យភាព មនុស្សនឹងចេញពីកន្លែងក្រ ទៅកន្លែងមាន»។
លោក មាស នី បានអះអាងទៀតថា មូលហេតុដែលនាំឱ្យមានការធ្វើចំណាកស្រុកខុសច្បាប់ គឺដោយសារពលរដ្ឋចង់ទៅទីកន្លែងដែលអាចកសាងប្រាក់ចំណូលខ្ពស់ ហើយមួយវិញទៀតភាពស្មុគស្មាញនៃការធ្វើលិខិតគតិយុត្ត និងតម្លៃខ្ពស់នៃសេវាឯកសាររបស់រដ្ឋ ដែលលោកស្នើឱ្យមានការកែសម្រួលត្រង់ចំណុចនេះ។
ជាមួយគ្នានេះដែរ លោកមាស នី ក៏បានសម្តែងការសាទរចំពោះការពង្រីកអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅ ដើម្បីផ្តល់ការថែទាំសុខុមាលភាពពលករ និងការពារសិទ្ធិជូនពលករខ្មែរនៅក្រៅប្រទេស ហើយលោកសង្ឃឹមថា មន្ត្រីតាមអនុព័ន្ធការងារទាំងនេះបម្រើការងារដោយស្មោះត្រង់ ជាជាងកេងប្រវ័ញ្ចពីពលករ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងថា អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ បានបង្ហាញប្រព័ន្ធបណ្តាញសង្គម និងលេខទូរស័ព្ទពិសេសដើម្បីដោះស្រាយបញ្ហា ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ដល់ពលករ និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ។
ក្រសួងបានបញ្ជាក់ថា ៖ «បងប្អូនពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញសង្គម ហ្វេសប៊ុកផេច (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមក្នុងក្រុមតេឡេក្រាមដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និងបណ្តាញសង្គម ឡាញ Line ID: Labour1234 »។
បន្ថែមពីនេះ ពលករខ្មែរនៅប្រទេសថៃ មានចម្ងល់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ បម្រាម សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ក៏អាចពីគ្រោះយោបល់មកកាន់ក្រុមអនុព័ន្ធការងារតាមរយៈលេខទូរស័ព្ទបន្ថែម ដូចជា ផ្នែកកិច្ចការអនុព័ន្ធការងារ តាមរយៈលេខទូរស័ព្ទ 094-0925-905, 094-416 5518 ផ្នែកកិច្ចការកុងស៊ុល លេខទូរស័ព្ទ 092-8050-561៕