ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា សភាពាណិជ្ជកម្ម ម៉ាឡេស៊ីនៅកម្ពុជា នឹងដាក់ឱ្យដំណើរការមូលនិធិអប់រំ និងសុខភាពនៅឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ តាមរយៈបណ្ណាល័យចល័ត និងគ្លីនិក។
លោក ហង់ជួន ណារ៉ុន បានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃសភាពាណិជ្ជកម្ម ម៉ាឡេស៊ី នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈហ្វេសប៊ុករបស់ក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និងថ្លែងអំណរគុណ ចំពោះការរួមចំណែកជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា ពីសំណាក់សមាជិកសភាពាណិជ្ជកម្ម ម៉ាឡេស៊ីនៅកម្ពុជា (MBCC) ទាំងអស់ ហើយលោកក៏ចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត រវាងប្រទេស និងប្រជាជនម៉ាឡេស៊ី-កម្ពុជា ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។
លោកបានបន្តថា ទន្ទឹមគ្នានេះ ពាណិជ្ជកម្ម ម៉ាឡេស៊ីនៅកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាលើកកម្ពស់ឱកាសអាជីវកម្ម សម្របសម្រួលការវិនិយោគ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំង២ ក្នុងរយៈពេលប្រមាណ ៣ទសវត្សរ៍កន្លងមក។
លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាពិតរីករាយចំពោះដំណឹងដែល សភាពាណិជ្ជកម្ម ម៉ាឡេស៊ីនៅកម្ពុជា នឹងដាក់ឱ្យដំណើរការមូលនិធិអប់រំ និងសុខភាពនៅឆ្នាំ២០២៤ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យតាមរយៈបណ្ណាល័យចល័ត និងគ្លីនិក»។
បើតាមលោក ហង់ជួន ណារ៉ុន តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាបាននិងកំពុងខិតខំពង្រឹងសមត្ថភាពនាំចេញ និងការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រដល់អ្នកនាំចេញ គឺជាជំហានវិជ្ជមានក្នុងការពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍពាណិជ្ជកម្ម ដើម្បីជួយពង្រីក និងការកសាងសមត្ថភាព រួមទាំងជំនាញវិជ្ជាជីវៈ និងការអប់រំ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ២០៥០ តបតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីម៉ាឡេស៊ី-កម្ពុជា (FTA) ដែលជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីសម្រួលពាណិជ្ជកម្ម និងបន្តដកចេញរបាំងពាណិជ្ជកម្ម នៅឆ្នាំ២០២១ ដែលចាប់ពីពេលនោះមកពាណិជ្ជកម្មរវាងប្រទេសទាំង២មានកំណើនឥតឈប់ឈរ។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា កន្លងមករាជរដ្ឋាភិបាល ក៏បានរៀបចំគោលនយោបាយ និងផែនការជាបន្តបន្ទាប់មកហើយក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ការជួយនេះមាន តាមរយៈការផ្ដល់នូវបណ្ណសមធម៌ បណ្ណប.ស.ស ហើយនិងមានការបន្ធូរបន្ថយថ្លៃព្យាបាលសុខភាពដោយមិនគិតប្រាក់ជាដើម ខណៈដែលឥលូវនេះ មានការរួមចំណែកពីសភាពពាណិជ្ជកម្មម៉ាឡេស៊ី ទៅលើការផ្ដួចផ្ដើមមូលនិធិជួយប្រជពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្ថែមទៀតគឺវាកាន់តែប្រសើរ។
លោកបានថ្លែងថា៖ «ការផ្ដួចផ្ដើមបង្កើតមូលនិធិអប់រំ និងសុខភាពជួយប្រជាពលរដ្ឋ និងងាយរងគ្រោះ ខ្ញុំគិតថា វាគឺជារឿងកាន់តែប្រសើរណាស់ ពីព្រោះបញ្ហាសុខភាពនេះ ជាចំណុចសំខាន់ ដែលយើងត្រូវគិតគូរថាវាជាការងារអាទិភាព ដូច្នេះយើងសប្បាយរីករាយ ប្រសិនជាមានការជួយបែបនេះ»។
លោកសង្ឃឹមផងដែរថា មូលនិធិដែលគ្រោងដាក់ឱ្យដំណើរការខាងមុខនេះ ទោះបីមានទំហំតិចក្ដី ច្រើនក្ដីក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់សុំឱ្យមាននិរន្តរភាព សម្រាប់ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ៕