បាត់ដំបងៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានលើកឡើងថា ចំណេះដឹងនៃការប្រែប្រួលអាកាសធាតុគឺជាការសំខាន់ដែលអ្នកសារព័ត៌មានគួរដឹង ព្រោះអ្នកព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ហើយក៏ត្រូវតែផ្សព្វផ្សាយព័ត៌មានណាដែលពិតប្រកបដោយវិទ្យាសាស្ត្រ។
លោកបានថ្លែងដូចនេះក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា ដែលរៀបចំឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
លោក ជួប ប៉ារីស៍ បានថ្លែងថា ៖ «បើអ្នកសារព័ត៌មានមិនមានការយល់ច្បាស់ពីការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យមានការភាន់ច្រឡំ។ពីមុនមានការលើកឡើងថា ប្រទេសកម្ពុជាយើងជាអ្នកដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ដោយសារយើងមានការបាត់បង់ព្រៃឈឺតិចតួចនេះ វាទៅជាយើងអ្នកខុសទៅវិញ តែតាមពិតមិនមែនទេ ព្រោះការប្រែប្រួលអាកាសធាតុជាបញ្ហាសកល»។
លោកបានបន្តថា ៖ «ជាការពិតទៅ ប្រទេសយើងជាប្រទេសដែលរងគ្រោះ។ ប្រទេសរបស់យើងជាប្រទេសដែលបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍។ ប្រទេសអភិវឌ្ឍន៍គេប្រើប្រេងឥន្ធនៈហ្វូស៊ីល ដែលបំភាយច្រើនឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសធ្វើឱ្យកើនឡើងកម្ដៅ បណ្តាលឱ្យមានការកើនឡើងនៃការប្រែប្រួលអាកាសធាតុ»។
ការប្រែប្រួលអាកាសធាតុបាននាំមកនូវខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ទឹកជំនន់ ការរាំងស្ងួត និងទឹក
សមុទ្រកើនឡើងដែលធ្វើឱ្យលិចកោះមួយចំនួនផងដែរ។
បើតាមលោក ជួប ប៉ារីស៍ ការប្រែប្រួលអាកាសធាតុនេះ គឺប្រទេសអភិវឌ្ឍន៍ទេដែលជាអ្នកធ្វើឱ្យកើតមានឡើង រីឯប្រទេសកម្ពុជាជាប្រទេសដែលបញ្ចេញតិចតួចហើយក៏រងគ្រោះផងដែរ។ ដូចនេះហើយបានជានៅរាល់ការប្រជុំធំៗម្តង ជាពិសេសនៅឆ្នាំនេះនៅទីក្រុងឌូបៃកន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ប្រទេសយើងជាប្រទេសតូចជាប្រទេសដែលបញ្ចេញតិច ប៉ុន្តែយើងមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមបញ្ហាសកល»។
សូមរំឭកដែរថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែត បានតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយនឹងអន្តរជាតិដោយក្នុងអាណត្តិទី៧នេះ លោកនាយករដ្ឋមន្ត្រីបានបដិសេធរោងចក្រធ្យូងថ្ម៧០០មេហ្គាវ៉ាត់ ព្រោះវាបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនណាស់ ដោយជំនួសមកវិញនូវថាមពលធម្មជាតិរាវ ។
លោក ជួប ប៉ារីស៍ បានបញ្ជាក់ថា៖ «ថាមពលកកើតឡើងវិញរបស់យើងនាពេលបច្ចុប្បន្នមានរហូតដល់ប្រមាណ៦២ភាគរយ ដោយយើងរាប់តាំងពីថាមពលបានមកពីវារីអគ្គិសនី បានមកពីសូឡា ហើយយើងបានតាំងចិត្តថាយើងធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានថាមពលកកើតឡើងវិញនេះបានរហូតដល់៧០ភាគរយនៅឆ្នាំ២០៣០»។
ទាក់ទងនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនេះដែរ លោក ជួប ប៉ារីស៍ ក៏បានបញ្ជាក់ដែរថា ក្នុងយុទ្ធសាស្ត្រចក្រាមុំបៃតងដោយបានដាក់ចេញយុទ្ធសាស្ត្រដាំដើមឈើយ៉ាងតិច១លានដើមដើម្បីពង្រីកលម្ហបៃតង ហើយក៏នឹងមានការដាំដើមឈើ១លានដើមសម្រាប់ការចែកចាយដល់ពលរដ្ឋឱ្យចូលរួមដាំដោយមិនគិតថ្លៃ ហើយចាប់ពីឆ្នាំ២០២៤ទៅ គឺក្រសួងនឹងចែកជូនពួកគាត់សម្រាប់ដាំ គឺដាំនៅទីណា កន្លែងណាក៏បាន។
លោកបានបន្ថែមថា ៖ «មួយវិញទៀត គឺការដាំតាមសហគមន៍ ដោយយើងបំផុសឱ្យដាំតាមសហគមន៍ ដោយយើងចង់ឱ្យមានសហគមន៍អព្យាក្រឹតកាបូន សហគមន៍ដែលមិនបញ្ចេញកាបូន ដូចជាអគ្គិសនីប្រើដោយសូឡា ការដាំដើមឈើជាដើម ហើយអាទិភាពមួយទៀតគឺការដាំដើមឈើនៅតំបន់រេចរឹលឡើងវិញ»។
សូមបញ្ជាក់ដែរថា ក្នុងសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមថ្មីៗនេះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ពីជំហរកម្ពុជា ដោយប្តេជ្ញាចិត្តខ្ពស់ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕