ភ្នំពេញៈខ្សែការពារកណ្តាល ជួន ចាន់ចាវ នឹងមិនអាចបន្តជួយក្រុមភ្នំពេញក្រោននៅក្នុងការប្រកួតលីគកំពូលកម្ពុជានិងការប្រកួតពានរង្វាន់ AFC Cup បានទៀតទេ ហើយរូបគេក៏នឹងត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីកីឡាកររូបនេះបានរងរបួសកជើងខាងស្តាំធ្ងន់ធ្ងររហូតដល់ធ្វើការវះកាត់។
តាមរយៈការប្រកួតនៅកីឡដ្ឋាន KMH Park កាលពីព្រលប់ថ្ងៃអាទិត្យកន្លងមក ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដែលជាការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធជប៉ុន Shimizu Shintaroនៅនាទីទី៥៤ និងការស៊ុត១គ្រាប់ទៀតរបស់ខ្សែប្រយុទ្ធកូឡុំប៊ី Neitoនៅនាទីទី៦៦ ហើយការដណ្តើមបាន៣ពិន្ទុនេះបានជួយឱ្យភ្នំពេញក្រោនបន្តឈរនៅលេខ២ដោយមាន៣៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដែលមាន៣៧ពិន្ទុ។
យ៉ាងណាក៏ដោយ បន្ទាប់ពីដណ្តើមបាន៣ពិន្ទុពីក្រុម ISI ដ៏មានន័យនេះ សមាជិករបស់ក្រុមភ្នំពេញក្រោនទាំងអស់បានងាកការចាប់អារម្មណ៍ទៅលើមិត្តរួមក្រុមជួន ចាន់ចាវ ដែលបានរងរបួសកជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ និងត្រូវបានសែងចេញនៅនាទីទី៤៨ ហើយរបួសនេះបានកើតឡើងដោយសារ ចាន់ចាវ បានព្យាយាមរត់ទៅទាត់បាល់ចេញពីការរត់មកទទួលរបស់កីឡាករ អ៊ុន សុទ្ធរិទ្ធ តែបានជ្រុលទៅបុកជាមួយ សុទ្ធរិទ្ធ ហើយធ្លាក់មកវិញខុសជំហរ បណ្តាលឱ្យភ្លាត់កជើងខាងស្តាំតែម្តង។
ជាមួយបញ្ហារបួសកជើងខាងស្តាំនេះ ក្លិបភ្នំពេញក្រោន បានប្រកាសឱ្យដឹង នាយប់ថ្ងៃទី២៤ ខែធ្នូនោះថា ជួន ចាន់ចាវ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ភ្លាមៗតែម្តង ហើយរឿងនេះបានក្លាយជាដំណឹងដ៏រន្ធត់ចំពោះក្រុមគ្រួសារបាល់ទាត់កម្ពុជាដោយម្នាក់ៗបានផ្ញើសារលើកទឹកចិត្ត និងជូនពរដល់ ជួន ចាន់ចាវទទួលបានការវះកាត់ដោយជោគជ័យដើម្បីអាចវិលត្រឡប់មកកាន់ទីលានប្រកួតវិញ ព្រោះចាន់ចាវ ជាខ្សែការពារដ៏ល្អម្នាក់ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អ ទាំងលេងឱ្យក្រុមភ្នំពេញក្រោន និងក្រុមជម្រើសជាតិកម្ពុជា។
ចំពោះការទន្ទឹងរង់ចាំដំណឹងនៃការវះកាត់របស់ម្ចាស់អាវលេខ៧៣ ជួន ចាន់ចាវ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាថ្មីនៅព្រឹកថ្ងៃទី២៥ ខែធ្នូថា៖ «ក្លិបភ្នំពេញក្រោន សូមអរគុណចំពោះអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់ដែលបានបារម្ភ និងលើកទឹកចិត្តដល់កីឡាករ ជួន ចាន់ចាវ បន្ទាប់ពីរងរបួសក្នុងការប្រកួតកាលពីយប់មិញ។ នៅពេលនេះរូបគេ បានវះកាត់ប្រកបដោយជោគជ័យហើយ»។
ជាមួយការវះកាត់របួសកជើងខាងស្តាំនេះ ជួន ចាន់ចាវ នឹងត្រូវសម្រាកព្យាបាលរបួសនេះច្រើនខែ ដែលគេនឹងមិនអាចបន្តជួយដល់ក្រុមភ្នំពេញក្រោនសម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣-២០២៤ទៀតនោះទេ ហើយអ្វីដែលជាការសោកស្តាយបំផុតចំពោះ ចាន់ចាវ គឺរូបគេ មិនអាចបន្តជួយក្រុមភ្នំពេញក្រោន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាននៃពានរង្វាន់ AFC Cup ជាមួយក្រុមម្ចាស់ផ្ទះ Central Coast Mariners របស់ប្រទេសអូស្ត្រាលី ដែលគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
បន្ថែមលើនេះ ខ្សែការពារកណ្តាល ជួន ចាន់ចាវ ក៏នឹងត្រូវដកឈ្មោះចេញពីបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាទាំង២៤នាក់ ដែលត្រូវប្រមូលផ្តុំហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកាតា នៅរាជធានីដូហា ប្រទេសកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះដែរ៕