ភ្នំពេញៈលោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥បានអះអាងថា ការចាញ់ដោយសន្លប់របស់អ្នកប្រដាល់ចាស់វស្សាថៃTuon Pe សម្រាប់ការបង្ហាញខ្លួននៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ មិនមែនជាការធ្វើពុតទេ គឺជាការចាញ់ដោយពិតប្រាកដ ដោយសារតែ Tuon Pe បានមើលស្រាលទៅលើសមត្ថភាពរបស់កីឡាករកម្ពុជា ផាន់ សុផាត។
ការអះអាងបែបនេះរបស់លោកសេង កដិកា ដោយសារតែខ្លាចាស់ Tuon Pe របស់ថៃ ដែលធ្លាប់មានសមត្ថភាពនិងមានភាពស៊ូខ្លាំងនោះ បែរជាត្រូវបានកីឡាករកំពុងសាងបានភាពល្បី ផាន់ សុផាត ទាត់ឱ្យខូចជើង មិនអាចបន្តការប្រកួតទៀតបាននៅត្រឹមទឹកទី១ហើយការចាញ់ដោយផុយស្រួយនេះបានធ្វើឱ្យអ្នកទស្សនាមួយចំនួនលើកឡើងថា អាចមកពី Tuon Pe ធ្វើពុតជាចាញ់ដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ។
ការដាក់ការសង្ស័យបែបនេះ ដោយសារតែអ្នកប្រដាល់ចាស់វស្សារបស់ថៃ Tuon Pe ត្រូវបានគេទទួលស្គាល់ថា ជាខ្លាចាស់ស្បែកស្វិតដែលធ្លាប់បានយកឈ្នះកីឡាករលំដាប់ខ្លាំងៗរបស់កម្ពុជាច្រើននាក់មកហើយ។បើទោះបីជាពេលនេះ Tuon Pe មានការធ្លាក់កម្លាំងបន្តិច ព្រោះមានវ័យកាន់តែចាស់ ប៉ុន្តែកីឡាករថៃម្នាក់នេះ នៅតែមានភាពស៊ូខ្លាំងនិងមានបច្ចេកទេសវាយល្អដោយកាលពីឆ្នាំ២០២២រូបគេធ្លាប់បានឈ្នះ-ចាញ់ជាមួយជើងខ្លាំងពេជ្រ សម្បត្តិ និងបានឈ្នះជើងខ្លាំងជំនាន់ក្រោយរបស់កម្ពុជាមួយចំនួនទៀតផងដែរតែបែរជាមកចាញ់ ផាន់ សុផាត ត្រឹមទឹកទី១។
ចំពោះការបរាជ័យដោយងាយនេះ លោក សេង កដិកា បានបកស្រាយកាលពីថ្ងៃទី២៥ ខែធ្នូថា៖ «ការចាញ់ដោយសន្លប់របស់Tuon Pe មិនមែនជាការធ្វើពុតនោះទេ។ បើទោះបីជាអ្នកទស្សនាមួយចំនួនបានមើលឃើញថា គាត់ចាញ់ ផាន់ សុផាត ដោយងាយពេក មិនសមទៅនឹងសមត្ថភាព និងភាពស៊ូរបស់គាត់កន្លងមក ប៉ុន្តែគាត់បានប្រាប់ខ្ញុំក្រោយការប្រកួតថា គាត់ក៏មិននឹកស្មានដល់ថា កីឡាករមានបទពិសោធន៍ក្មេងខ្ចីដូច ផាន់ សុផាត បែរជាមានទម្ងន់ជើងធ្ងន់បែបនេះនោះដែរ»។
លោកសេង កដិកា បានឱ្យដឹងទៀតថា កីឡាករចាស់វស្សារបស់ថៃ Toun Pe បានមើលស្រាលពីសមត្ថភាពរបស់ផាន់ សុផាត ថា ជាកីឡាករក្មេងខ្ចីម្នាក់ដែលមិនអាចមានសមត្ថភាពទប់ទល់ជាមួយគាត់បាននោះទេ ដោយគាត់បានអះអាងថា គាត់អាចមានលទ្ធភាពផ្តួល ផាន់ សុផាត ឱ្យសន្លប់ដោយមិនពិបាកទេ។
អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥រូបនេះបញ្ជាក់ថា៖ «កីឡាករ Tuon Pe បានប្រាប់ខ្ញុំថា គាត់អាចនឹងផ្តួលផាន់ សុផាត ឱ្យសន្លប់នៅទឹកទី២ ព្រោះសមត្ថភាពនិងបទពិសោធន៍នៅខ្ចី។ ហេតុនេះការចាញ់របស់ Tuon Pe លើកនេះ ដោយសារគាត់បានប្រមាថ និងមើលស្រាលពីសមត្ថភាពរបស់ ផាន់ សុផាត គឺមិនមែនជាការធ្វើពុតនោះឡើយ ហើយគាត់មានការសោកស្តាយខ្លាំងចំពោះការបរាជ័យនេះ ប៉ុន្តែនៅតែចង់ជួបកីឡាករកម្ពុជា ដែលមានសមត្ថភាពខ្លាំង ជាពិសេសអ្នកចូលចិត្តវាយបុក»។
តាមរយៈការប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃអាទិត្យនោះ Tuon Pe បានស្វាគមន៍ ផាន់ សុផាត ដោយការលោតបុកជង្គង់ ប៉ុន្តែត្រូវបានជើងថ្មីរបស់កម្ពុជារូបនេះ ម៉ាត់ចូល៣ដៃ និងទាត់ថែម ១ ជើង ឡើងសឺតាំងពីដើមទឹកទី១។ ជាមួយគ្នានេះ សុផាត បានតាមទាត់ និងម៉ាត់ថែមចូលធ្ងន់ៗ ហើយពេលឃើញ Tuon Pe រាងវង្វេងនោះ ផាន់ សុផាត បានទាត់ឆ្វេងចំភ្លៅខាងស្តាំបណ្តាលឱ្យដៃគូជើងចាស់ម្នាក់នេះ ដួលដេកទាំងឈឺចាប់ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១។
Tuon Pe បានព្យាយាមក្រោកឡើងដើម្បីប្រកួតបន្តជាមួយជើងថ្មី ផាន់ សុផាត ហើយរូបគេបានញញឹមនៅពេល សុផាត បានតាមទាត់ទៅលើរបួសចាស់ជើងខាងស្តាំនេះ ប៉ុន្តែវិធីសាស្ត្របង្វែរស្ថានភាពពិតរបស់ Tuon Pe ត្រូវបាន ផាន់ សុផាត មើលដឹង ដោយរូបគេនៅតែបន្តតាមម៉ាត់និងទាត់ទៅលើជើងខាងស្តាំរហូតធ្វើឱ្យខ្លាចាស់របស់ថៃម្នាក់នេះដួលក្រោកលែងរួចនៅចុងទឹកទី១តែម្តង។
កីឡាករ ផាន់ សុផាត បានបង្ហាញការរីករាយខ្លាំងចំពោះការផ្តួល Tuon Pe ឱ្យសន្លប់យ៉ាងលឿននេះ ព្រោះសូម្បីរូបគេផ្ទាល់ក៏មិននឹកស្មានថា អាចវាយឱ្យកីឡាករស៊ូខ្លាំងរបស់ថៃម្នាក់នេះ ចុះចាញ់លឿនបែបនេះនោះដែរ។ ប៉ុន្តែកីឡាករកម្ពុជាឡុង ឡា ដែលទើបឈ្នះបានមេដាយប្រាក់ពីការប្រកួត MMA ជើងឯកពិភពលោកបានចាញ់ពិន្ទុកីឡាករថៃ Den Phechhit ដោយអស់ចិត្ត ចំណែក ថុល មករា បានត្រឹមស្មើពិន្ទុជាមួយកីឡាកររបស់ឡាវ Sing Yai៕