រតនគិរីៈ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងក្រសួងរ៉ែ និងថាមពល កំពុងធ្វើការរួមគ្នាក្នុងការជំរុញការផ្ដល់បណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ដល់សហគមន៍ជនជាតិដើមភាគតិច នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សេចក្ដីប្រកាសរបស់អង្គការ UNDP ចុះថ្ងៃទី២៤ ខែធ្នូ បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័ស ក្នុងការផ្ដល់ថាមពលអគ្គិសនី ដល់សហគមន៍ទូទាំងប្រទេសពីត្រឹមតែ ៦,៦ភាគរយក្នុងឆ្នាំ២០០០ ដល់ ៩៨,៨៧%ក្នុងឆ្នាំ២០២៣។ ខណៈដែលមានការរីកចម្រើនបែបនេះក៏នៅមានសហគមន៍ប្រមាណ ១៦០ភូមិ ដែលមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់ ហើយភាគច្រើនភូមិទាំងនោះត្រូវបានចាត់ទុកថា «ភូមិដែលពិបាកទៅដល់»។
ប្រភពខាងលើបានឱ្យដឹងទៀតថា បណ្តាញអគ្គិសនីរដ្ឋមិនទាន់បានទៅដល់ «ភូមិដែលពិបាកទៅដល់ទាំងនេះ» ក៏កំពុងមានវត្តមានបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច បាននិងកំពុងផ្តល់នូវដំណោះស្រាយថាមពលដែលអាចជឿទុកចិត្តបាន ក្នុងតម្លៃមួយសមរម្យ ដែលនេះបង្ហាញពីសារៈសំខាន់នៃការចូលរួមសហការពីវិស័យឯកជននៅកម្ពុជា ដើម្បីធានាឱ្យមានការទទួលបានថាមពលស្អាត ក្នុងតម្លៃសមរម្យ ហើយក៏ដើម្បីសម្រេចបាននូវការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។
អង្គការ UNDP បញ្ជាក់ថា៖ «ឥឡូវនេះបណ្តាញថាមពលព្រះអាទិត្យខ្នាតតូចមួយចំនួន បានដំណើរការហើយ ដែលផ្តល់លទ្ធភាពទទួលបានថាមពលដែលអាចទុកចិត្តបាន ដល់ផ្ទះនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដាច់ស្រយាលនៅខេត្តរតនគិរី។ នៅពេលល្ងាចដែលធ្លាប់ងងឹត ភូមិនានាត្រូវបានបំភ្លឺដោយបណ្តាញថាមពលព្រះអាទិត្យ និងអាចសាកថ្មទូរស័ព្ទ ស្តាប់វិទ្យុ មើលទូរទស្សន៍ និងចម្អិនម្ហូបដោយប្រើចង្ក្រានអគ្គិសនីជាដើម»។
លោកស្រី AlissarChaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងក្នុងសេចក្ដីប្រកាសថា ការផ្តល់សិទ្ធិអំណាចដល់ក្រុម និងសហគមន៍ដែលងាយរងគ្រោះ តាមរយៈការទទួលបានបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងឱកាសសេដ្ឋកិច្ចទៅដល់សហគមន៍ទាំងនោះ។
លោកស្រីបញ្ជាក់ថា៖ «គោលដៅរបស់យើង គឺជួយដល់ភូមិដាច់ស្រយាលចំនួន ១៦០ភូមិ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ធានាឱ្យពួកគេមានភ្លើងប្រើប្រាស់ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
បើតាមអង្គការ UNDP ការមានបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូចប្រើប្រាស់ វាក៏បានបង្កើតនូវឱកាសសេដ្ឋកិច្ចថ្មីសម្រាប់ស្ត្រី និងកុមារី ក្នុងការលើកកម្ពស់ជីវភាព និងសុខភាព ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ដល់សិស្សានុសិស្ស និងការអប់រំរបស់ពួកគេ។ ក្រៅពីនេះ វាក៏រួមចំណែកជួយដល់ការពង្រីក និងគ្រប់គ្រងអាជីវកម្មអ្នកផលិតម្ហូបអាហារផងដែរ។
សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា (EDC) តាមរយៈមូលនិធិផ្គត់ផ្គង់អគ្គិសនីតាមទីជនបទ បានជួយដល់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះ ដើម្បីទទួលបានថាមពលនៅតាមសហគមន៍ដែលគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលអង្គការ UNDP កំពុងបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈការដំឡើងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមផ្ទះរបស់សហគមន៍នៅតំបន់ដាច់ស្រយាល៕