ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ជំរុញដល់គណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់នៃក្រសួងព័ត៌មាន ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការរៀបចំមហោស្រពនេះ ដើម្បីឱ្យសាធារណជនយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រ។
លោកបានជំរុញបែបនេះក្នុងឱកាសធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រពនេះ នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅទីស្តីការក្រសួងព័ត៌មាន សម្រាប់ជាផ្នែកមួយក្នុងការឈានទៅអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖«ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់គណៈកម្មការរៀបចំត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្ថម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ»។
គោលបំណងនៃការរៀបចំមហោស្រពនេះគឺដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ និងបណ្តុះស្មារតីឱ្យកុមារតូចៗឱ្យស្រឡាញ់សិល្បៈ ស្រឡាញ់វប្បធម៌និងស្រឡាញ់ជាតិ តាំងពីវ័យក្មេង។
លោក ទេព អស្នារិទ្ធ ថ្លែងថា មហោស្រពនេះ ក៏ជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជា ក្នុងការបញ្ចញនូវភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម។
លោកថ្លែងថា៖ «រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជយលាភីក៏ពិតមែន ប៉ុន្តែ សុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម»។
គួររំឭកថា ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀងកុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខ័ណ្ឌនៃការសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា។
គណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិតដើម្បីធ្វើឱ្យការរៀបចំមហោស្រពប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យក្នុងការគាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕