ភ្នំពេញៈ ក្រសួងមហាផ្ទៃ កំពុងចុះជំរុញឱ្យអាជ្ញាធរទាំង ២៥ រាជធានី-ខេត្ត ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ដែលផ្ដោតទៅលើការយកចិត្តទុកដាក់លុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ធ្នូថា លក្ខណសម្បត្តិគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពមាន ៧ ចំណុចសំខាន់ ដែលមន្ត្រីក្រសួងកំពុងចុះពង្រឹងការអនុវត្ត គោលនយោបាយនេះ គឺនៅទូទាំងរាជធានី-ខេត្តរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព ធានាដល់បរិយាកាសសង្គម ដែលមានសន្តិសុខ និងសុវត្ថិភាពល្អប្រសើរ ជាពិសេសផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។
ចំណុចគោលទាំងនេះរួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ,ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មាន ក្មេងទំនើង, ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព,ទី៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ និងចំណុចចុងក្រោយ គឺឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
លោក ទូច សុខៈ បញ្ជាក់ថា៖ «ការចុះទៅជំរុញពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ បានជាថ្នាក់ដឹកនាំបង្កើតឡើង ដែលក្នុងនោះក្រសួងជាអ្នកជួយគាំទ្រ ត្រួតពិនិត្យដល់មន្ត្រីថ្នាក់ក្រោមជាតិដែលប្រឈមបញ្ហាផ្សេងៗ»។ លោកថា៖«ដូច្នេះរាល់ការត្រួតពិនិត្យទាំងអស់ហ្នឹងគឺមិនមែនដាក់បន្ទុកកំហុសលើថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែយើងចូលរួមគាំទ្រនិងផ្ដល់អនុសាសន៍ផ្សេងៗជូនពួកគាត់»។
នៅអាណត្តិថ្មីនេះដែរ ក្រសួងមហាផ្ទៃក៏បានដាក់ទិសដៅអាទិភាពចំនួន ៦ ចំណុចដោយផ្តោតលើបញ្ហាគ្រឿងញៀន, បញ្ហាចរាចរណ៍, បញ្ហាបទល្មើសនានាដែលកើតឡើងនៅតាមមូលដ្ឋាន,ការគ្រប់គ្រងក្រុមក្មេងទំនើង, បញ្ហាការជួញដូរមនុស្ស និងញ្ហាដែលកើតឡើងនៅតាមបណ្ដាព្រំដែនជាប់ប្រទេសជិតខាង។ ទិសដៅអាទិភាពទាំងនេះ គឺមិនមែនសម្រាប់តែអនុវត្តនៅឆ្នាំ ២០២៤ ខាងមុខនេះនោះទេប៉ុន្តែវាជាទិសដៅសម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះតែម្តង។ នេះបើតាម លោក ទូច សុខៈ។
លោកបន្ថែមថា៖ «ទិសដៅអាទិភាពទាំង ៦ ចំណុចនេះវា ក៏ស៊ីចង្វាក់គ្នា ទៅនឹងលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដូច្នេះមន្ត្រីក្រសួងដែលចុះទៅធ្វើការផ្សព្វផ្សាយ និងជំរុញលើការងារនេះ នឹងណែនាំឱ្យអាជ្ញាធរខេត្តផ្តោតលើការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពមើលឃើញថា មានមេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍ខ្លះពួកគាត់ក៏អនុវត្តគោលនយោបាយនេះបានល្អ និងមានប្រសិទ្ធភាពដែរ។
លោក គិមអេង បញ្ជាក់ថា៖ «អ៊ីចឹង! ខ្ញុំគិតថា តាមយោបល់ខ្ញុំ ប្រសិនបើចង់ឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាព អាចអនុវត្តទៅបានប្រសិទ្ធភាពល្អ គឺយើងផ្ដល់មធ្យោបាយទៅឱ្យថ្នាក់ក្រោមជាតិទៅ ហើយជួយពង្រឹង សមត្ថភាពពួកគាត់ដែលនៅថ្នាក់ក្រោមជាតិហ្នឹងវិញ»។
លោកបានបន្តថា ក្រៅពីនេះ អាជ្ញាធរ ក៏ត្រូវតែពិនិត្យមើលទៅលើរឿងគ្រឿងស្រវឹងដែរមិនមែនផ្ដោតតែលើបញ្ហាគ្រឿងញៀននោះទេ ព្រោះការប្រើប្រាស់គ្រឿងស្រវឹង ក៏បានបង្កឱ្យមានភាពអសន្តិសុខសង្គម អំពើហិង្សានានានៅក្នុងសហគមន៍ដូចគ្នាផងដែរ៕