ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនូវគោលដៅចម្បង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងចំនួន ២ ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៤។កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង លើកទី៤ ធ្វើឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត តាមរយៈតេឡេក្រាមផ្លូវការរបស់លោកបានលើកឡើងថា គោលដៅចម្បង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បីសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព។
លោកបានបន្តថា៖ «តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាពការអភិវឌ្ឍ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២៣ ខែធ្នូ បានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៤ នេះតបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំគឺលោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ឯកសារចំនួន ៣ គ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ (២) ផែនការសកម្មភាព ៥ ឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ នេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាព ៥ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ២៥ ខែធ្នូថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់នៅក្នុងបណ្តាប្រទេសនៅតំបន់មេគង្គឡានឆាង ដែលនៅក្នុងឯកសារគោលទី ១ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបណ្តាប្រទេសមេគង្គ គឺជារឿងមួយសំខាន់បំផុតសម្រាប់ប្រទេសនៅតំបន់មេគង្គ។
លោកបានបន្តថា៖ «យើងឃើញថា យើងនៅមានគម្លាតនៃការអភិវឌ្ឍច្រើន បើយើងមើលដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហាក់នៅឆ្ងាយពីគេ បើធៀបជាមួយនឹងថៃ វៀតណាម ហើយនិងចិន ដែលមានការអភិវឌ្ឍរីកចម្រើនខ្លាំង។ អ៊ីចឹងទេ! ការរួមចំណែកក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំបណ្តាប្រទេសមេគង្គនេះ គឺធ្វើយ៉ាងណាឱ្យកម្រិតនៃការអភិវឌ្ឍប្រហាក់ប្រហែលគ្នាគឺជារឿងសំខាន់»។
លោក គិន ភា បានបន្តថា ចំណែកទាក់ទងនឹងសន្តិភាព វិបុលភាពតំបន់ គឺជារឿងសំខាន់ផងដែរ ដើម្បីធានាការអភិវឌ្ឍនូវវិបុលភាពផ្សេងៗ។លោកបានបន្តថា ដោយឡែក ចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ ២០១៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងកិច្ចសហប្រតិបត្តិការនៅអនុតំបន់មេគង្គផ្សេងទៀតសម្រាប់ការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិក៏មានសារៈសំខាន់ដែរ បើមានការអនុវត្តបាន ព្រោះការតភ្ជាប់នេះជារឿងសំខាន់។
លោកបានថ្លែងថា ៖ «យើងដឹងហើយថា ការតភ្ជាប់ផ្ទៃក្នុងតំបន់ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលវាជាកត្តាជំរុញឱ្យមានលំហូរវិនិយោគទុនផ្ទាល់ពីបរទេសមកកាន់តំបន់មេគង្គឱ្យបានកាន់តែច្រើន ហើយជំរុញការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសតំបន់មេគង្គ ហើយនឹងពីមេគង្គទៅកាន់តំបន់ផ្សេងទៀត ហើយក៏ជាការជំរុញការតភ្ជាប់ឬក៏ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ»។ លោក គិនភា បានបន្ថែមថា ប្រសិនបើមូលដ្ឋានគ្រឹះ ២ នេះអាចអនុវត្តបាន នោះនឹងទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕