ពោធិ៍សាត់ៈ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយផ្ទៃដីធ្វើស្រែប្រាំង ដោយសារប្រភពទឹកនៅក្នុងខេត្តមិនអាចអន្តរាគមន៍ជួយបានគ្រប់គ្រាន់ទេ ពីព្រោះទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំងមានសម្រាប់តែផ្ទៃដី ២ ម៉ឺនហិកតាប៉ុណ្ណោះ ខណៈផ្ទៃដីដែលកសិករបង្កបង្កើនផលមានដល់ទៅជាង ៤ ម៉ឺនហិកតា។
លោក ខូយ រីដា លើកឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ តាមរយៈហ្វេសប៊ុកលោកថា៖ «សូមអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងទាំងអស់មេត្តាកុំបង្កបង្កើនផលលើកទី ៣ ទៀតព្រោះប្រភពទឹកមិនអាចអន្តរាគមន៍ជូនពុកម៉ែប្រជាពលរដ្ឋបានតាមតម្រូវការទេ ដែលអាចធ្វើឱ្យយើងខាតបង់ ថវិកាដោយមិនទទួលបានផលឡើយ»។
ទោះជាយ៉ាងណា លោកអភិបាលខេត្តក៏បានលើកឡើងដែរថា រដ្ឋបាលខេត្តនឹងខិតខំរកដំណោះស្រាយឱ្យអស់លទ្ធភាពសម្រាប់ជួយអន្តរាគមន៍ដល់កសិករដែលកំពុងបង្កបង្កើនផលស្រូវលើកទី២ និងលើកទី៣ ក្នុងរដូវប្រាំងនេះដែលមកដល់ពេលនេះទំនប់ទឹកដ៏ធំរបស់ខេត្តពោធិ៍សាត់គឺទំនប់ទី ៥ ចាប់ផ្តើមអន្តរាគមន៍បញ្ចូលទឹកចូលក្នុងស្រែដែរ។
ជុំវិញបញ្ហានេះលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៥ ខែធ្នូ បានប្រាប់ឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះខេត្តពោធិ៍សាត់ មិនទាន់មានការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ដល់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែបើប្រជាពលរដ្ឋបន្តសម្រុកធ្វើស្រូវប្រាំងកាន់តែច្រើនថែមទៀត វាអាចនឹងប្រឈមខ្វះខាតទឹកជាក់ជាមិនខានឡើយ។
លោកថ្លែងថា៖ «និយាយទៅ មកទល់ពេលនេះ យើងមិនទាន់មានការខ្វះខាតទឹកទេ គ្រាន់តែត្រៀមៗ ពីព្រោះប្រជាពលរដ្ឋគាត់សម្រុកធ្វើច្រើនពេក ស្រូវឡើងថ្លៃផង គាត់ក៏នាំគ្នាសម្រុកធ្វើ គឺច្រូតហើយធ្វើៗ។យើងក៏ចុះទៅពិនិត្យមើលកន្លែងណាខ្វះខាតយើងបង្ហូរតិចៗឱ្យគាត់ដែរ»។
បើតាមលោក ហៃ ធូរ៉ា សម្រាប់ការប្រមូលផលស្រូវឆ្នាំនេះ លឿនជាងឆ្នាំមុន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានដីនៅជាប់ប្រឡាយ និងទឹកសល់ពីរដូវវស្សាផង ក៏នាំគ្នាបន្តធ្វើស្រូវប្រាំងនេះច្រើនឡើងៗ។ ដូច្នេះ បើពួកគាត់នៅតែបន្តធ្វើទៀតអាចនឹងធ្វើឱ្យមានភាពរាំងស្ងួតដោយសារតែកង្វះខាតទឹកសម្រាប់បង្ហូរចូលទៅក្នុងស្រែរបស់ពួកគាត់។
ជាដំណោះស្រាយបឋម គឺរដ្ឋបាលខេត្តពោធិ៍សាត់បានជូនដំណឹងដល់រដ្ឋបាលស្រុក និងឃុំ សង្កាត់ ដែលចំណុះឱ្យខេត្ត ត្រូវចុះទៅណែនាំ និងពន្យល់ប្រជាពលរដ្ឋ កុំឱ្យធ្វើស្រែប្រាំងលើកទី៣ ឬទី៤ ទៀត ព្រោះអាចប្រឈមនឹងការខាតបង់ថវិកា និងពេលវេលា ដោយសារតែគ្មានទឹក។ ជាមួយគ្នានេះលោកហៃ ធូរ៉ា ក៏បានបញ្ជាក់ទៀតដែរថា សម្រាប់ប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្ត គឺមិនខ្វះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទ គឺប្រព័ន្ធវារីអគ្គិសនីទឹកពោធិ៍សាត់មិនទាន់ធ្វើហើយ។
លោកបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ធ្វើរួចនៅឆ្នាំ ២០២៥ យើងអាចស្តុកទឹកបន្ថែម វាអាចជួយកសិករបង្កើនលទ្ធភាព ធ្វើស្រែប្រាំងបានច្រើនដងថែម»។
សូមបញ្ជាក់ដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង កាលពីសប្តាហ៍មុន ដោយបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ។
ក្រសួងបានបញ្ជាក់ថា ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ ២០២៣ ដល់ដើមខែឧសភា ឆ្នាំ ២០២៤) ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨ អង្សាសេ និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់ ៤១ អង្សាសេ។
ក្រសួងបញ្ជាក់ថា៖ «សូមអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក»៕