ភ្នំពេញៈ អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ដោយរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ ២០២៣ ដោយគ្រាន់តែបន្ថយអត្រាថ្លៃប្រើប្រាស់អានុភាព និងកែលម្អលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់អ្នកប្រើប្រាស់អគ្គិសនីឡើយ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខ្លួនដែលចុះហត្ថលេខាដោយប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាលោក យឹម វិសិដ្ឋ ដល់អ្នកប្រើប្រាស់អគ្គិសនីដែលស្ថិតនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ៣៤២ អាជ្ញាប័ណ្ណគ្របដណ្តប់លើភូមិសាស្ត្រ ២៤ រាជធានី-ខេត្ត។
នៅក្នុងសេចក្តីជូនដំណឹងនោះលោកបានលើកឡើងថា យោងតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពលចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ស្ដីពីការដាក់ឱ្យអនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំ ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ គឺរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ ២០២៣ ដោយគ្រាន់តែបន្ថយអត្រាថ្លៃប្រើប្រាស់ អានុភាព និងកែលម្អលក្ខខណ្ឌ និងរចនាសម្ព័ន្ធថ្លៃខ្លះដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់អ្នកប្រើប្រាស់អគ្គិសនីទេ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងករណីថ្លៃសម្រាប់អ្នកប្រើប្រាស់មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យត្រូវដាក់ផែនការឱ្យអនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជាធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខ័ណ្ឌនៃប្រកាសរបស់ក្រសួងរ៉ែ និងថាមពលជាផ្លូវការរួចរាល់ ទើបកំណត់ឱ្យអនុវត្តតាមអត្រាថ្លៃប៉ះប៉ូវនេះ។
លោក យឹម វិសិដ្ឋ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា អនុវត្តតាមនីតិវិធីកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាសូមដាក់ «បញ្ជីថ្លៃលក់អគ្គិសនី» នេះ ពិគ្រោះយោបល់ជាសាធារណៈ ជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីឯកជនទាំង ៣៤២ អាជ្ញាប័ណ្ណចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
លោកបានបន្តថា៖ «ក្រោយថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ បញ្ជីថ្លៃលក់អគ្គិសនីនេះ នឹងត្រូវចាត់ទុកថា បានឆ្លងកាត់ការពិគ្រោះយោបល់រួចហើយអាជ្ញាធរអគ្គិសនីកម្ពុជា អាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក យឹម វិសិដ្ឋ បញ្ជាក់ទៀតថា៖ «ដើម្បីឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាអាចអនុវត្តការកំណត់បញ្ជីថ្លៃលក់អគ្គិសនី ស្របទៅតាមច្បាប់ស្តីពីអគ្គិសនី អាជ្ញាធរអគ្គិសនីកម្ពុជាសំណូមពរឱ្យការផ្តល់យោបល់មកអាជ្ញាធរអគ្គិសនីកម្ពុជា មានមូលដ្ឋានសំអាងគ្រប់គ្រាន់ ដើម្បីរក្សាបានយុត្តិធម៌រវាងផលប្រយោជន៍របស់អ្នកប្រើប្រាស់ផង និងអ្នកផ្គត់ផ្គង់ផង»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញថា ការកំណត់ថ្លៃអគ្គិសនីឱ្យបានច្បាស់លាស់ និងការបើកទទួលយកសំណូមពរ និងការផ្តល់យោបល់ពីសំណាក់ភាគីពាក់ព័ន្ធនេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវ ដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់សេវាអគ្គិសនី។
លោកបានបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយ មនុស្ស ផ្លូវ ទឹក ភ្លើង (អគ្គិសនី) គឺជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ក្នុងការកសាងគ្រឹះនៃសេដ្ឋកិច្ចជាតិ។ យើងបានមើលឃើញ រាជរដ្ឋាភិបាលបានខិតខំច្រើនលើការកសាងបណ្តាញអគ្គិសនី ជាពិសេសការកសាងស្ថានីយវារីអគ្គិសនីបន្ថែមដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋឱ្យបានគ្រប់គ្រាន់ ហើយនេះជាអ្វីដែលយើងគួរសាទរ»។
លោក ហុង វណ្ណៈ បានបន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យអគ្គិសនីកម្ពុជាបញ្ចុះថ្លៃបន្ថែមជូនចំពោះវិស័យកសិកម្ម,ការកែច្នៃកសិឧស្សាហកម្ម,ឧស្សាហកម្ម,ពាណិជ្ជកម្ម និងទេសចរណ៍ទៅតាមរដូវកាលដែលមានកំណើនដើម្បីជំរុញការផលិត និងបង្កើនសកម្មភាពទេសចរណ៍ ក្នុងន័យស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិជាសកលបណ្តាលមកពីកូវីដ ១៩ និងសង្គ្រាមអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ធ្លាប់បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភធនជាង ១០០ លានដុល្លារ ជារៀងរាល់ឆ្នាំពីអាជីវកម្មរបស់អគ្គិសនីកម្ពុជា។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នថ្លៃលក់អគ្គិសនីនេះ មានអត្រាថ្លៃអនុគ្រោះ ៣៨០ រៀល,៤៨០ រៀល និង ៦១០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់លំនៅឋានគ្រួសារមានចំណូលទាបនិងមធ្យមដែលប្រើអគ្គិសនីតិច, ថ្លៃ ៤៨០ រៀលសម្រាប់ជួយដល់ការប្រើប្រាស់អគ្គិសនីលើវិស័យកសិកម្មដែលប្រើពេលយប់ចាប់ពីម៉ោង ៩:០០ យប់ ដល់ម៉ោង ៧:០០ ព្រឹក និងថ្លៃ ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ជួយដល់អ្នកប្រើប្រាស់ប្រភេទសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជនបទ»៕