ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
ការលើកឡើងរបស់លោកស្រី ម៉ែន សំអន បែបនេះនៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។
លោកស្រីបានលើកឡើងនៅក្នុងហ្វេសប៊ុកថា សមិទ្ធផលជិត ១ លានដុល្លារនៅវត្តចាក់អង្រែក្រោមត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ក្រោមដំបូលសុខសន្តិភាព ហើយរាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍ គឺដោយសារប្រទេសមានសុខសន្តិភាពដែលទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា៖ «ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រពោលគឺពុទ្ធបរិស័ទ ១ រូបៗគ្មានលទ្ធភាពបង្កបង្កើនចំណូលយកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់ដែរ»។
លោកស្រីបានបញ្ជាក់ថា៖ «ប៉ុន្តែដោយសារសន្តិភាពមាននៅក្នុងប្រទេសយើងនេះហើយដែលយើងអាចជំរុញការអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋពី ១ ថ្ងៃ ទៅ ១ ថ្ងៃមានការរីកចម្រើន»។
ជាមួយគ្នានេះលោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលនានាឱ្យនៅគង់វង្សដើម្បីជាការចូលរួមចំណែកលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានឱ្យដឹងនៅថ្ងៃទី ២៥ ខែធ្នូថា ការលើកឡើងរបស់លោកស្រី ម៉ែនសំអន គឺពិតជាត្រឹមត្រូវណាស់ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍ រួមទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រនោះដែរ។
លោក ជ័យ តិច បានថ្លែងឱ្យដឹងថា៖«សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ដើម្បីរក្សា និងពង្រឹងឯកភាពជាតិ សន្តិភាព នោះកម្ពុជាត្រូវពង្រីកលម្ហប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិបាលកិច្ច ព្រមទាំងបង្កភាពងាយស្រួលថែមទៀតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សេវាគាំពារសង្គមជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា កត្តាជាមូលដ្ឋានចម្បងដែលអ្វីគ្រប់យ៉ាង អាចកើតមាន និងបន្តរីកទៅទៀតតាមផែនការ តាមគោលដៅដែលរាជរដ្ឋាភិបាលចង់បានឱ្យប្រទេសឈានទៅមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺត្រូវធានាឱ្យបានសន្តិភាពនៅក្នុងប្រទេស ដែលនេះជាពាក្យមិនអាចបាត់ចោលបានទេ។
លោកបានថ្លែងថា៖ «គ្មានសន្តិភាពគឺគ្មានស្ថិរភាព ហើយបើគ្មានស្ថិរភាព គឺគ្មានការអភិវឌ្ឍស្រួលបួលនោះទេ។ ប្រជាជនរងរបួស ស្លាប់ ដីស្រែចម្ការ ដីធ្វើរោងចក្រ ក្លាយទៅជាដីចម្ការមីន។ អ៊ីចឹងហើយបានជាយើងត្រូវរួមកសាងស្ថិរភាពសេដ្ឋកិច្ចជាមួយនឹងសន្តិភាព»៕