ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យមនៅកម្ពុជា ងាកមកប្រើប្រាស់ថាមពលស្អាត (Green energy) វិញដើម្បីលើកកម្ពស់បរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងអាចលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីផងដែរ។
ក្នុងជំនួបជាមួយក្រុមហ៊ុនជប៉ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (MirarthAgri Teach Co., Ltd.) កាលពីថ្ងៃទី២៥ ខែធ្នូលោក អ៊ាង សុផល្លែត បានកោតសរសើរដល់ក្រុមហ៊ុននេះ ចំពោះការអនុវត្តគម្រោងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម នៅស្រុកសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តាមរយៈការប្រើប្រាស់ថាមពលស្អាត (Green energy) ដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីនៅកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានគាំទ្រចំពោះក្រុមហ៊ុនរបស់ជប៉ុនមួយនេះ ដែលបានជ្រើសយកកម្ពុជា ជាដៃក្នុងការផលិតគ្រាប់ស្វាយចន្ទី និងនាំកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបានប្រើប្រាស់ថាមពលស្អាត ហើយថាមពលស្អាតនេះទៀតសោត គឺជាយុទ្ធសាស្ត្រដែលមាននៅក្នុងយុទ្ធសាស្ត្រគន្លឹះ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ តាមរយៈការផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន លោកបានថ្លែងថា៖ «ក្រសួងគាំទ្រចំពោះការអនុវត្តថាមពលស្អាត (Green energy)។ លើសពីនេះ ដំណាំស្វាយចន្ទីជាផ្នែកមួយនៃចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា និងម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិក និងផលិតជាអុកស៊ីហ្ស៊ែនទៅក្នុងបរិយាកាសវិញ»។
លោក អ៊ាង សុផល្លែត បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្ត្រស្នូលទី៤ ដែលបានផ្តោតលើការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
នាជំនួបដដែលនោះដែរ លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (MirarthAgri Teach Co., Ltd.) បានលើកឡើងដែរថា ក្រុមហ៊ុនមានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ថាមពលស្អាត (Green energy) បន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតគ្រាប់ស្វាយចន្ទីឱ្យបានជាង ២ម៉ឺនតោនក្នុង ១ឆ្នាំៗ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ មានតែសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងមួយទេ ដែលបានប្រើប្រាស់ថាមពលសូឡា ដែលជាថាមពលស្អាត នៅក្នុងដំណើរការខ្សែច្រវាក់ផលិតរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖«ការប្រើប្រាស់ថាមពលសូឡា ជួយដល់បរិស្ថាន ប៉ុន្តែយើងត្រូវចំណាយច្រើនចំពោះការរៀបចំដំបូង ខណៈដែលបច្ចុប្បន្នយើងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យមប្រមាណតែ ៣ទេ រួមមាន រោងចក្រកែច្នៃSantana ខេត្តព្រះវិហារ,រោងចក្រ Welwillingខេត្តកំពង់ចាម និងMTST ខេត្តត្បូងឃ្មុំ។ ដោយឡែក សិប្បកម្មខ្នាតតូច ២ទៀត រួមមាន TPJC ជ័យសំបូរ ខេត្តកំពង់ធំ និងHCST ខេត្តស្ទឹងត្រែង តូចតែដំណើរការពេញ ១ឆ្នាំ ខណៈដែលកម្ពុជាមានរោងចក្រទាំងអស់ ៤១»។
ទោះជាយ៉ាងណាក៏ដោយ លោកអួន ស៊ីឡុត បានបញ្ជាក់ថា មកទល់នឹងពេលនេះ លោកមិនទាន់បានសិក្សាច្បាស់លាស់ ពីថាមពលស្អាត ដែលប្រើប្រាស់សម្រាប់ឧស្សាហកម្មស្វាយចន្ទីនៅឡើយទេ ខណៈបច្ចុប្បន្នលោកកំពុងតែប្រមូលរបាយការណ៍ពីសមាជិក។
លោកស្រី មុត ចរិយា ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានប្រាប់ឱ្យដឹងដែរថា លោកស្រីបានចំណាយលើការដំឡើងថាមពលសូឡា ចន្លោះ៦ ទៅ ៧ម៉ឺនដុល្លារ ដោយការជ្រើសរើសប្រើប្រាស់ថាមពលសូឡា ក្នុងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មលោកស្រីនេះ ក្នុងគោលដៅជួយលើកកម្ពស់ផ្នែកបរិស្ថាន។
លោកស្រីបានប្រាប់ថា៖ «ការពិតទៅ ការប្រើប្រាស់ថាមពលសូឡា វាចំណាយច្រើនបន្តិចមែនពេលដំឡើងដំបូង ប៉ុន្តែវាចំណេញជាងប្រើប្រាស់អគ្គិសនី បើយើងធៀបគ្នាទៅ។ ម្យ៉ាង យើងចង់រួមចំណែកកាត់បន្ថយបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ដែលក្រៅតែពីទទួលបានផលចំណេញហើយ យើងចង់គិតគូរដល់បញ្ហាបរិស្ថានផងដែរ»។
បើតាមលោកស្រី មុត ចរិយា ក្រៅពីការប្រើប្រាស់ថាមពលសូឡាហើយ សិប្បកម្មរបស់លោកស្រី គិតគូរដល់ការកែច្នៃឡើងវិញ នូវសម្បកគ្រាប់ស្វាយចន្ទី ដែលកន្លងទៅលោកស្រីធ្លាប់បានពិភាក្សាជាមួយសមាគម ក្នុងកែច្នៃសម្បកគ្រាប់ស្វាយចន្ទី ដោយកៀបយកប្រេង ឬក៏កែច្នៃធ្វើជាចំណីសត្វជាដើម៕