ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ដែលមានឈ្មោះអ្នកបោះឆ្នោតចំនួនជាង ៩លាននាក់ ស្មើនឹង ៨៩,៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងជាង១០លាននាក់ និងមានការិយាល័យបោះឆ្នោតចំនួន២៤ ០៣៤ កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ(គ.ជ.ប)នៅថ្ងៃទី២៦ ខែធ្នូ បានឱ្យដឹងថា ការឯកភាពនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួច។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា គ.ជ.ប ក៏បានឯកភាពលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងឯកភាពលើសេចក្តីណែនាំស្តីពី ការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។
គ.ជ.ប បានឱ្យដឹងថា៖ «ក្នុងរបៀបវារៈផ្សេងៗរបស់អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងបានឯកភាពលើខ្លឹមសារវីដេអូស្ប៉តអប់រំគំនូរជីវចល ១រឿង ដែលមានចំណងជើងថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ គ.ជ.ប ក្នុងអាណត្តិថ្មី បន្ទាប់ពី គ.ជ.ប បានចូលកាន់តំណែងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣»។
ទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាននេះដែរ លោក សោម សូរីដា សមាជិកគ.ជ.ប ក៏បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូដែរថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ត្រូវបានគ.ជ.បពិនិត្យ និងសម្រេចជាផ្លូវការ និងបញ្ចប់ជាស្ថាពរ ដែលនេះ គឺជាសមិទ្ធផលមួយរបស់គ.ជ.ប សម្រាប់យកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លោកបានបន្តថា៖ «ដោយឡែកពាក់ព័ន្ធនឹងការការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងរៀបចំទិន្នន័យអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ក៏ត្រូវបានគ.ជ.ប សម្រេចឱ្យនាយកដ្ឋានជំនាញរបស់គ.ជ.ប ពិនិត្យលើការងារនេះដែរ»។
សូមបញ្ជាក់ថា ការសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣នេះ បន្ទាប់ពីគ.ជ.ប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូងនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។
ដោយឡែក (គ.ជ.ប)ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងធ្វើទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤៕