កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានីបានបង្ហាញការជឿជាក់លើក្រុមការងាររាជរដ្ឋាភិបាលជិត ២០០ នាក់ ដែលទើបតែចាត់តាំងថ្មីចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនជាតិនិងប្រជាជន។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី នេះធ្វើឡើងកាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចំនួន១៨៨នាក់នៅសាលាខេត្តកំពង់ស្ពឺ។
លោកក៏បានស្វាគមន៍ចំពោះសមាជិកសមាជិកាថ្មីនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តជូនដល់រូបលោកធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន។
លោកបានមានប្រសាសន៍ថា៖«ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺខ្ញុំមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំនិងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ»។
លោក ហ៊ុន ម៉ានី បានបន្តថា៖ «ដូច្នេះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវបានចាត់តាំងតាមបណ្តាក្រុង ស្រុកទាំង៩ និងឃុំ សង្កាត់ក៏ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំនិងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗខ្លួនស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថាក្រុមការងារចុះមូលដ្ឋានថ្មីខេត្តកំពង់ស្ពឺទាំង ១៨៨ នាក់ នឹងមកគាំពារទៅលើសកម្មភាពការងាររបស់រដ្ឋបាលនៅមូលដ្ឋានព្រោះរដ្ឋបាលនៅមូលដ្ឋានមានផែនការសកម្មភាពប្រចាំឆ្នាំដែលមាន៣ឆ្នាំរំកិល ៥ ឆ្នាំ រំកិល។
លោកបន្តថា៖ «ក្រុមការងារទាំងអស់មកពីគ្រប់ស្ថាប័នដើម្បីគាំទ្រទៅលើសកម្មភាពដែលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនឹងអនុវត្ត។អ៊ីចឹងក្រុមការងារទាំងអស់ គាត់នឹងខិតខំរកវិធីសាស្រ្ត ក្នុងការជួយតម្រង់ទិស ឬក៏ជួយសម្របសម្រួលដោះស្រាយជូនរដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលមានបញ្ហាសំដៅធ្វើយ៉ាងណាឱ្យសេវាសាធារណៈក៏ដូចជាការផ្តល់សេវាផ្សេងៗទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាតាមអ្វីដែលយើងបានគ្រោងទុក»។
ឆ្លៀតក្នុងឱកាសផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់តាំងសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺលោក ហ៊ុនម៉ានី ក៏បានផ្តល់អនុសាសន៍លើភារកិច្ចស្នូលមួយចំនួនដែរដល់ក្រុមការងារនេះ។
លោកថា ត្រូវលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន, សហការគាំទ្រដល់មូលដ្ឋាន ដែលក្រុមការងារចុះបំពេញការងារ,ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីរ អង្គភាពជំនាញអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។
លោកបានបន្តថា សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាននិងកៀរគរធនធានមធ្យោបាយសម្ភារពីគ្រប់ប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន កសាងសមិទ្ធផលសង្គម និងដោះស្រាយឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕