ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញានឹងបន្ដធ្វើការងារបង្ក្រាបការនាំចូលសាច់ដែលខូចគុណភាព និងខុសច្បាប់ និងស្នើទៅរាជរដ្ឋាភិបាលកំណត់ អ្នកដែលអាចមានសិទ្ធិនាំចូលសាច់បង្កក ត្រូវតែមានឃ្លាំងត្រជាក់ និងអាជីវកម្មច្បាស់លាស់ ចៀសវាងកុំឱ្យមានការលបលួចនាំចូលសាច់បង្កកដោយខុសច្បាប់។
លោក គុណ ញឹម បានថ្លែងបែបនេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងពីគុណភាពសាច់ និងចៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងការចុះទៅត្រួតពិនិត្យឃ្លាំងសាច់បង្កក។
លោកបានថ្លែងថា៖ «អនុក្រឹត្យលេខ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការនាំចូលសាច់បង្កក មិនតម្រូវឱ្យសុំលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ អនុក្រឹត្យនេះ ចែងច្បាស់ថា សាច់បង្កកនាំចូល គឺតម្រូវឱ្យមានវិញ្ញាបនបត្រសុខភាពសត្វ ដែលចេញឱ្យដោយប្រទេសនាំចេញ។ ដូច្នេះនៅពេលខាងមុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម ហើយច្រកអន្តរជាតិដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ»។
លោក គុណ ញឹម បានពន្យល់បន្ថែមថា៖ «អ្នកចិញ្ចឹមសត្វ គិតគូរពីអាជីវកម្មរបស់គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសត្វទេ រាជរដ្ឋាភិបាល ត្រូវគិតគូរពីអ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ វាត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឱ្យអតិផរណាសាច់ ឬសាច់ឡើងថ្លៃ»។
លោកបានបន្តទៀតថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺវាស្ថិតនៅក្នុងវិធានដែលមានចែង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺមានសិទ្ធិនាំចូលមកចែកចាយ ហើយការនាំចូលសាច់បង្កក គឺមានការនាំចូលពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្ស៊ី, ប្រេស៊ីល, ជប៉ុន ជាពិសេសប្រទេសឥណ្ឌា។
លោកបានបញ្ជាក់ថា៖ «កម្ពុជា មិនមែនមានតែផ្សារទេ គឺមានសណ្ឋាគារផ្កាយ៥, ភោជនីយដ្ឋានលំដាប់ខ្ពស់ ដែលត្រូវផ្គត់ផ្គង់សាច់គុណភាពខ្ពស់ដល់ភ្ញៀវ។ ដូច្នេះវិធានការពាក់ព័ន្ធនឹងសាច់បង្កក ត្រូវគិតគូរសាជាថ្មី ពីព្រោះថា ត្រូវពង្រឹងការគ្រប់គ្រង ហើយសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កន្លងមកបានបង្ក្រាប ការនាំចូលសាច់បង្កកខូចគុណភាពជាច្រើនករណី ព្រោះមានជនខិលខូច នាំចូលសាច់បង្កកតាមច្រករបៀង»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងនៅថ្ងៃទី២៦ ខែធ្នូ ថា សាច់បង្កកដែលលួចលាក់នាំចូលដោយខុសច្បាប់តាមច្រករបៀងនានា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ជាពិសេសអ្នកចិញ្ចឹមជ្រូក និងអ្នកចិញ្ចឹមគោ។
លោកបានបញ្ជាក់ដូច្នេះថា៖ «អ្នកចិញ្ចឹមជ្រូក និងអ្នកចិញ្ចឹមគោកំពុងជួបការលំបាកខ្លាំងណាស់ដោយសារតែតម្លៃជ្រូករស់ និងគោរស់មានការចុះថ្លៃខ្លាំងពេក ដោយគោរស់តម្លៃតែពី ៦ ០០០រៀល ទៅ ៧ ០០០រៀល ខណៈដែលជ្រូករស់ ចុះនៅសល់តែពី ៥ ០០០រៀល ទៅ ៦ ០០០រៀលតែប៉ុណ្ណោះ ក្នុង ១គីឡូក្រាម។ ដូច្នេះបើសិនជាស្ថាប័នពាក់ព័ន្ធ មិនគិតគូរ មិនកែប្រែ នោះកសិករពិតជាជួបការលំបាកខ្លាំងហើយ»។
ជាមួយគ្នានោះដែរ លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ នៅខេត្តត្បូងឃ្មុំ ក៏បាននិយាយដែរថា សព្វថ្ងៃនេះ សាច់បង្កក និងសាច់កញ្ចប់កំពុងធ្វើបាបកសិករខ្មែរ ដោយបានធ្វើឱ្យតម្លៃគោរស់ចុះថោកយ៉ាងខ្លាំង ខណៈដែលឈ្មួញទិញពីលោកទៅកាប់យកសាច់លក់ បានកាត់បន្ថយការទិញគោរស់ និងទិញសាច់គោបង្កកយកមកជំនួសវិញ ដោយលក់ដូចតម្លៃគោរស់ក្នុងស្រុកដែរ។
លោកបានប្រាប់ថា៖ «សាច់គោបង្កក ឬសាច់គោកញ្ចប់ហ្នឹង គេលក់ថោកជាងរបស់យើង។ កសិករចិញ្ចឹមមកពីជុំវិញបណ្តាខេត្ត យកគោមកលក់ឱ្យខ្ញុំ ដោយនាំគ្នានិយាយថា ចិញ្ចឹមមិនចំណេញ គោរស់ចុះថោកពេក។ ឥឡូវខ្ញុំកាត់បន្ថយការទិញចូលដែរហ្នឹង ព្រោះគ្មានទុនទេ បើគោចុះថោកយ៉ាងនេះ»។
ជាមួយគ្នានេះ លោកហ៊ត លាង បានស្នើថា បើសិនជារាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះបាន លោកមានបំណងនាំសាច់គោខ្មែរកែច្នៃលក់ចេញទៅក្រៅប្រទេសទៀត ដោយលោកបានបញ្ជាក់ថា សព្វថ្ងៃលោក និងពលរដ្ឋក្នុងតំបន់លោករស់នៅ បានចងក្រងគ្នាជាសហគមន៍ ដើម្បីគិតគូរដល់បញ្ហាទីផ្សារនេះដែរ៕