ភ្នំពេញៈ មន្រ្តីសុខាភិបាល បានបើកសិក្ខាសាលា ដើម្បីធ្វើការពិភាក្សារៀបចំសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលលើមុខវិជ្ជាស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ សម្រាប់បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត នៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
កិច្ចពិភាក្សាគ្នានេះ ធ្វើឡើងតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំជាតិ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពឆ្នាំ២០១៩ និងគោលនយោបាយជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាលឆ្នាំ ២០២៣។
សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីជំនាញមកពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង អ្នកជំនាញពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណ: រួមនឹងមន្រ្តីមកពីមន្ទីរពេទ្យរាជធានី-ខេត្តទាំង២៥ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងបានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើសមាសធាតុការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ដែលមានក្នុងគោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពឆ្នាំ២០១៩ និងគោលនយោបាយជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាលឆ្នាំ២០២៣ ដើម្បីដាក់បញ្ចូលក្នុងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់អភិវឌ្ឍមន្ទីរពេទ្យបង្អែក និងមគ្គុទេសក៍ព្យាបាលគ្លីនិក។
ក្រសួងបន្តថា៖ «ក្នុងការពិភាក្សានេះ មានមន្រ្តីជំនាញពាក់ព័ន្ធ បានរៀបចំសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពមុខវិជ្ជាស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគសម្រាប់បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិតជំនាញនៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល»។
បើតាមប្រភពដដែល នៅក្នុងអង្គសិក្ខាសាលានេះ មន្ត្រីជំនាញ ក៏បានពិភាក្សាគ្នាពីតួនាទី និងភារកិច្ចរបស់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ និងលក្ខខណ្ឌបច្ចេកទេសនានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យសុខភាពសាធារណ: ដែលបណ្តាលមកពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ។
លោក អ៊ី លីម៉ា អ្នកជំនាញសុខភាពសាធារណៈ និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា បានថ្លែងនៅថ្ងៃទី២៦ ខែធ្នូថា រាល់ឱសថទាំងអស់ គឺត្រូវការគ្រប់គ្រងដោយហ្មត់ចត់បំផុត ជាមួយអ្នកដែលមានសមត្ថភាព ចំណេះដឹងពីការប្រើប្រាស់ឱសថ។
លោកថា អ្វីដែលក្រសួងកំពុងរៀបចំនេះ វាគឺជាចំណុចល្អណាស់ ពីព្រោះមិនមែនសម្រាប់តែអ្នកនៅក្នុងវិស័យផ្នែកឱសថនោះទេ ដែលត្រូវបណ្ដុះបណ្ដាលឱ្យយល់ដឹងពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ ទាំងគ្រូពេទ្យ អ្នកលក់ឱសថ ប្រជាពលរដ្ឋ និងអ្នកជំងឺ ក៏ត្រូវយល់ដឹងដែរ ពីព្រោះពួកគាត់ជាអ្នកលក់ ហើយពួកគាត់ក៏ជាអ្នកប្រើប្រាស់ដែរ។
លោកបានថ្លែងថា៖ «ខ្ញុំមិនមានឯកសារយោងពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ ផ្ដល់ផលប៉ះពាល់យ៉ាងណាទេ ប៉ុន្តែជារួម ខ្ញុំឃើញការប្រើប្រាស់ ការផ្សំថ្នាំ ដោយមិនមានវេជ្ជបញ្ជា គឺមានច្រើន ពេលខ្លះផ្សំថ្នាំលើសពីច្បាប់កំណត់ទៅទៀត»។
លោកអ៊ី លីម៉ា បន្តទៀតថា អ្វីដែលគ្រោះថ្នាក់ធ្ងន់នោះ គឺឱសថស្ថានមួយៗ គ្រាន់តែឱ្យឱសថការីមកឈរឈ្មោះ ដោយមិនបានមើលដិតដល់ វាជាការចូលរួមធ្វើឱ្យកើនឡើងការប្រើប្រាស់ថ្នាំនៅស្រុកខ្មែរយើងមិនត្រឹមត្រូវ»។
បើតាមលោក អ៊ី លីម៉ា នៅពេលក្រសួងចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវម្ដងៗ តែងតែរកឃើញមានឱសថការីគ្រាន់តែឈរឈ្មោះ ឬជាឱសថការីក្លែងក្លាយ ដូច្នេះទាំងអស់នេះ វាចូលរួមធ្វើឱ្យមានការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាក៏ច្រើន ការរីកសាយភាយឱសថក៏ច្រើន ជាពិសេសអ្នកដែលលក់ឱសថ គ្រាន់តែរៀនវគ្គបណ្ដុះបណ្ដាលខ្លីៗប៉ុណ្ណោះ អាចមកផ្សំថ្នាំដើម្បីព្យាបាលជំងឺបាន។
លោកថា ឱសថក៏ជាសារធាតុគីមី រាល់ការផ្សំថ្នាំប្រភេទផ្សេងៗបញ្ជូលគ្នា ទោះខុសគ្នាតិចក្ដី ច្រើនក្ដី វាមិនធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមែន ប៉ុន្តែវាអាចមានផលអាក្រក់ទៅដល់ថ្លើមផងដែរ៕