ស្ទឹងត្រែង/កំពង់ធំៈ «យើងចង់ឱ្យមានការនាំចេញគ្រាប់ស្វាយចន្ទី ដែលផលិតនៅក្នុងស្រុកខ្មែរ ដែលរសជាតិដើមពីស្រុកខ្មែរទៅកាន់ទីផ្សារពិភពលោកឱ្យពួកគេស្គាល់ទាំងប្រភពដើម ហើយមួយទៀតយើងចង់ជួយជំរុញសេដ្ឋកិច្ចរបស់ប្រជាកសិករក្នុងប្រទេសកម្ពុជាផ្ទាល់»។ នេះជាការលើកឡើងរបស់ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងនៅខេត្តស្ទឹងត្រែង ដែលបង្ហាញបំណងចង់ពង្រីកការផលិត កែច្នៃគ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាពស្តង់ដាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ដោយពិនិត្យឃើញថា ស្វាយចន្ទីរបស់កម្ពុជាមានគុណភាពខ្ពស់ មានការប្រមូលផលបានច្រើនរហូតឈរនៅលំដាប់ទី២លើពិភពលោក ប៉ុន្តែការផលិតកែច្នៃ នៅមិនទាន់មានភាពទូលំទូលាយ ម្ចាស់អាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា គ្រោងបង្កើនការផលិតនិងកែច្នៃសម្រាប់នាំចេញ ដែលជាឱកាសល្អក្នុងការរកប្រាក់ចំណូល បង្កើនសេដ្ឋកិច្ចសហគមន៍និងលើកតម្លៃកេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាលើឆាកអន្តរជាតិផង។
អ្នកស្រី មុត ចរិយា ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង ដែលមានទីតាំងនៅភូមិ-ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីបានបង្កើតសិប្បកម្មនេះនៅខែតុលា ឆ្នាំ ២០២១ ដោយចំណាយទុនដំបូង ២ ម៉ឺនដុល្លារ។ ក្នុងរយៈពេលតែ ២ ឆ្នាំសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានពង្រីកទុនរហូតដល់ជិត ១ លានដុល្លារ។
តាមរយៈការចេញទៅធ្វើបទបង្ហាញនៅក្រៅប្រទេស និងបាននាំយកផលិតផលទៅជូនអន្តរជាតិភ្លក្សមើលដើម្បីស្ទង់ចំណូលចិត្ត គ្រាប់ស្វាយចន្ទីនៃសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង បានទទួលបានការគាំទ្ររសជាតិពីបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសជប៉ុន អាមេរិក អង់គ្លេស ហុងកុង កូរ៉េ អូស្ត្រាលី និង ប្រទេសហូឡង់ជាដើម។
អ្នកស្រី ចរិយា ប្រាប់ថា បច្ចុប្បន្ន ផលិតផលសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែងបាននិងកំពុងដាក់លក់នៅប្រទេសជប៉ុនក្នុងបរិមាណតិចតួចនៅឡើយ ប៉ុន្តែនៅឆ្នាំ ២០២៤ ខាងមុខនេះ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន ហុងកុង និងហូឡង់ ក្នុងទំហំប្រមាណ ៦ ០០០ តោន។
អ្នកស្រីថ្លែងថា៖ «យើងបាននាំចេញទៅលក់នៅក្រៅប្រទេសហើយគឺប្រទេសជប៉ុន តែដោយសារយើងទើបចាប់ផ្តើមយើងលក់នូវបរិមាណតិចតួចនៅឡើយទេ ហើយខែ ១២ នេះ យើងចេញទៅហុងកុងមួយទៀត ដែលមានបរិមាណគ្រាន់បើដែរ ចំណែកឆ្នាំក្រោយទៅចិន និងទៅហូឡង់ ចំណែកទីផ្សារនៅអាមេរិកយើងកំពុងរៀបចំ Warehouse នៅទីនោះ»។
បច្ចុប្បន្ននៅកម្ពុជាមានអ្នកផលិតកែច្នៃគ្រាប់ស្វាយចន្ទី តិចតួចបំផុត មិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានទេ ហេតុនេះវិនិយោគិនផ្សេងៗ គួរតែធ្វើការបណ្តាក់ទុនក្នុងវិស័យនេះឱ្យកាន់តែច្រើន ដើម្បីលើកស្ទួយការកែច្នៃ ផលិត ឱ្យកាន់តែមានវិសាលភាព។
អ្នកស្រី មុត ចរិយា បញ្ជាក់ថា៖ «គ្រាប់ស្វាយចន្ទីមានទីផ្សារខ្លាំងណាស់ ប៉ុន្តែ ចំពោះប្រទេសកម្ពុជារបស់យើងនៅខ្វះបច្ចេកទេសក្នុងការផលិតទី ១។ ទី២ ខ្វះទុនវិនិយោគទាំងអស់ហ្នឹង ព្រោះស្វាយចន្ទីត្រូវការបច្ចេកទេស ជាមួយនឹងដើមទុនធំណាស់ក្នុងការផលិតវា បើមិនអ៊ីចឹងទេ យើងមិនអាចធ្វើវាទៅបានទេ»។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកនៃសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង ថ្លែងថា ការបង្កើនការផលិត កែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញនេះ គឺដើម្បីកុំឱ្យគ្រាប់ស្វាយចន្ទីខ្មែរនាំចេញទាំងគ្រាប់ស្រស់ទៅក្រៅប្រទេសបន្ថែមទៀត ដែលជាហេតុធ្វើឱ្យបាត់អត្តសញ្ញាណឈ្មោះប្រទេស។ ជាមួយគ្នានោះ ក៏ដើម្បីបង្កើតការងារ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
កញ្ញាថ្លែងថា៖ «ពីដើមឡើយពលរដ្ឋគាត់ធ្វើចំណាកស្រុករកការងារធ្វើ ប៉ុន្តែនៅពេលពួកខ្ញុំបើកសិប្បកម្មគឺពួកគាត់មកធ្វើការនៅទីនេះ អាចរកចំណូលបានរាល់ខែ មិនបាច់ពិបាកទៅដាំដំឡូងហត់ចំណាយពេលច្រើនោះទេ។ បន្ថែមលើហ្នឹងពួកគាត់ទទួលបានចំណេះដឹងបន្ថែមច្រើន តាំងពីការកែច្នៃ ការផលិតស្តង់ដាអនាម័យបរិស្ថាន កុំព្យូទ័រនិងជំនាញបើកបរផងដែរ»។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ នៅខេត្តកំពង់ធំ ក៏បានឱ្យដឹងដែរថា ចាប់តាំងពីបានសហការជាមួយដៃគូជប៉ុននៅឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៣ នេះ ផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនប្រមាណ ៧០ តោន និងផ្គត់ផ្គង់ក្នុងស្រុកប្រមាណ ៣០ តោន។
ដោយឡែកក្នុងឆ្នាំ ២០២៣ នេះមិនទាន់មានការនាំចេញនៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការស្នើសុំការបញ្ជាក់វិញ្ញាបនបត្រស្តង់ដាជាថ្មីដែលត្រូវធ្វើ ១ ឆ្នាំម្តង។ នៅឆ្នាំ ២០២៤ ខាងមុខសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ នឹងពង្រីកទីតាំងសិប្បកម្មបន្ថែមឱ្យបានធំជាងមុន និងធ្វើការនាំចេញឱ្យបាន ១៥០០ តោន។ ជាមួយគ្នានោះអ្នកស្រីក៏គ្រោងនឹងត្រៀមផលិតសម្រាប់ទីផ្សារក្នុងស្រុកផងដែរព្រោះបច្ចុប្បន្នទីផ្សារក្នុងស្រុកមានដល់ ៧០ ភាគរយ។
អ្នកស្រីថ្លែងថា៖ «នៅឆ្នាំ ២០២៤ គឺយើងគ្រោងពង្រីកទីតាំងនេះឱ្យកាន់តែធំជាងមុននិយាយឱ្យចំទៅថា ទំហំផលិតរបស់យើងធ្វើយ៉ាងណាឱ្យបាន ៣ តោន ក្នុង ១ ថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស និងក្នុងប្រទេសផងដែរ។ បច្ចុប្បន្នយើងធ្វើនៅមានកម្រិតនៅឡើយដោយសារទីតាំងយើងនៅតូច ហើយកញ្ចប់ថវិកាមិនទាន់គ្រប់គ្រាន់»។
ចំពោះការប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីធ្វើការផលិតនេះ អ្នកស្រីមានជំនឿជាក់ថា នឹងអាចប្រមូលទិញបានគ្រាប់ស្វាយចន្ទីដែលមានស្តង់ដាគ្រប់គ្រាន់ សម្រាប់យកទៅផលិតឱ្យត្រូវតាមស្តង់ដា ព្រោះកន្លងមកធ្លាប់មានបទពិសោធន៍ផ្ទាល់ជាមួយសហគមន៍កសិករដែលមានស្រាប់។
ក្នុងនាមជាសហគ្រិនស្ត្រីម្នាក់អ្នកស្រី អ៊ិន ឡៃហួត បានបង្ហាញអារម្មណ៍មោទនភាព ដែលបានបង្កើតការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន បាននាំយកផលិតផលស្វាយចន្ទី ដែលដាំដោយដៃកសិករខ្មែរទៅដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលមិនត្រឹមតែប្រទេសជប៉ុននោះទេ អ្នកស្រីនឹងពង្រីកទីផ្សារលក់ដូរទៅកាន់សហគមន៍អឺរ៉ុប អាស៊ាន និងកូរ៉េផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំនៅតែមានមហិច្ឆតាពង្រីកបន្ថែមហើយខ្ញុំនឹងចូលរួមផ្សព្វផ្សាយក៏ដូចជាចូលរួមបង្កើតការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ក្នុងភូមិឃុំ ហើយយើងនឹងសហការជាមួយក្រុមកែច្នៃតូចៗ ដើម្បីឱ្យបានទៅកាន់ទីផ្សារអន្តរជាតិជាមួយគ្នា»។
លោក លី គឹមស៊ុយ ជាម្ចាស់ចម្ការស្វាយចន្ទី នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានលើកឡើងថា ការបង្កើនការផលិត កែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកគឺជារឿងល្អ។ ទី១ ការពង្រីកកន្លែងផលិត កែច្នៃ គឺអំណោយផលដល់ប្រជាកសិករក្នុងការលក់ដូរគ្រាប់ស្វាយចន្ទី ទី២ ការផលិតកែច្នៃ ដែលមានស្តង់ដាត្រឹមត្រូវ ធ្វើឱ្យចន្ទីកម្ពុជាកាន់តែមានតម្លៃ និងមានការទទួលស្គាល់នៅទីផ្សារអន្តរជាតិ។
ក្នុងនាមជាកសិករដាំស្វាយចន្ទីម្នាក់ លោកចង់ឱ្យមានរោងចក្រផលិត កែច្នៃគ្រាប់ស្វាយចន្ទីក្នុងមូលដ្ឋាន ទោះបីបច្ចុប្បន្ន ស្វាយចន្ទីមិនខ្វះទីផ្សារយ៉ាងណាក៏ដោយ លោកនៅតែមានបំណងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីទៅឱ្យរោងចក្រក្នុងស្រុក ព្រោះងាយស្រួលនិងច្បាស់លាស់ជាងការលក់ដូរទៅឱ្យកូនកញ្ច្រែងដើរប្រមូលទិញ។
លោកថ្លែងថា៖ «ខ្ញុំផ្ទាល់ដែលមានចម្ការស្វាយចន្ទី ១៩ ហិកតា បើសិនជាអ្នកមានលុយគាត់អាចបង្កើតរោងចក្រកែច្នៃផលិតគ្រាប់ស្វាយចន្ទី ក្នុងមូលដ្ឋានរបស់យើង ភាគច្រើនខ្ញុំអត់អាចលក់ឱ្យទៅកូនកញ្ច្រែងទេ គឺខ្ញុំលក់ទៅកន្លែងដែលកែច្នៃនោះតែម្តង»។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទី បានឱ្យដឹងថា តាមការកត់សម្គាល់របស់លោកមួយរយៈពេលចុងក្រោយនេះមានអ្នកមានធនធានមួយចំនួនបាន បែរមកចាប់អារម្មណ៍លើការវិនិយោគលើស្វាយចន្ទី ដោយអ្នកទាំងនោះបានណាត់ជួបជាមួយសមាគមស្វាយចន្ទីជាញឹកញាប់ដើម្បីស្វែងយល់បន្ថែម ហេតុនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងមានវិនិយោគិនក្នុងស្រុកអាចធ្វើការវិនិយោគច្រើនទៅលើការកែច្នៃ គ្រាប់ស្វាយចន្ទី។ បើតាមលោកកុកធានកម្ពុជាអាចនឹងក្លាយអធិរាជស្វាយចន្ទីដែលមានន័យថា ជាប្រទេសដែលមានស្វាយចន្ទីល្អជាងគេលើពិភពលោក ពោលគឺគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជាមិនមានប្រទេសផ្សេងណាមាននោះទេ។
លោកថា៖ «អ្វីដែលខ្ញុំរំពឹងទុកមែនទែននោះគឺគុណភាពស្វាយចន្ទីរបស់កម្ពុជាយើងគឺនៅលើពិភពលោកអត់មានអ្នកណាប្រៀបបានទេ ប៉ុន្តែគ្រាន់តែនៅចំណុចតូចមួយដែលយើងត្រូវកែច្នៃផលិតផលដែលល្អរបស់យើងហ្នឹង ឱ្យក្លាយជាផលិតផលដែលគេទទួលស្គាល់លើពិភពលោក»។
បច្ចុប្បន្នទុនវិនិយោគលើវិស័យស្វាយចន្ទីនេះមិនមានបញ្ហាចោទនោះទេដោយសារតែរាជរដ្ឋាភិបាលបានដាក់បញ្ចូលកញ្ចប់ថវិកាក្នុងវិស័យនេះ ដោយមានធនាគារ ARDB និង SME ហើយក្រសួងកសិកម្មក៏មានទុនជួយប្រមាណ ១០០ លានដុល្លារថែមទៀតជុំវិញការជំរុញកសិកម្មល្អនៅកម្ពុជា។
ទន្ទឹមនេះ ដៃគូអភិវឌ្ឍន៍ក៏មានចំណែកទុនធំៗក្នុងការជួយគាំទ្រលើវិស័យនេះ ផងដែរ។ លោកថ្លែងថា៖«អ្វីដែលយើងធ្វើគឺយើងធ្វើយ៉ាងណាឱ្យប្រជាកសិកររបស់យើងអាចយល់ដឹង ពីការងារហ្នឹង [កម្ពុជាមានស្វាយចន្ទី ល្អជាងគេលើពិភពលោក] ហើយអ្នកកែច្នៃរបស់យើងអាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងដែរ»។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាមានទំហំធំធេង ប៉ុន្តែបច្ចុប្បន្ន ការដាំដុះមានប្រមាណតែ ៧០ ម៉ឺនហិកតាប៉ុណ្ណោះដែលអាចផ្តល់ផលជាមធ្យមប្រមាណ ១ លានតោន ក្នុង ១ ឆ្នាំ ដែលផលនេះនាំចេញទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ។ ថ្វីបើកម្ពុជាមិនខ្វះស្វាយចន្ទីសម្រាប់នាំចេញ ក៏ដូចជាការផ្គត់ផ្គង់ក្នុងស្រុកក៏ដោយប៉ុន្តែបញ្ហានៅត្រង់ថា កម្ពុជានៅមិនទាន់សម្បូរអ្នកផលិត កែច្នៃ គ្រាប់ស្វាយចន្ទី ដែលមានគុណភាពស្តង់ដាសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស។
កញ្ញាបញ្ជាក់ថា៖ «អ្វីដែលយើងចង់បានគឺធ្វើម៉េចជំរុញឱ្យមានការកែច្នៃធ្វើម៉េចឱ្យទីផ្សាតស្វាយចន្ទីនិងស្ថិតនៅក្នុងស្រុកយើងទាំងអស់បើអាចធ្វើទៅបានយើងផលិតនៅក្នុងស្រុក ១ លានតោន យើងកែច្នៃក្នុងស្រុក ១ លានតោន ឬបើល្អជាងហ្នឹងទៀតយើងនាំចូលមកហើយកែច្នៃនាំទៅក្រៅប្រទេសវិញ»។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កន្លងមកការរារែកចិត្តពីសំណាក់អ្នកវិនិយោគ ក្នុងការបណ្តាក់ទុនលើវិស័យនេះ ដោយសារតែ មិនមានតុល្យការក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីពីកសិករ ហេតុនេះអាណត្តិថ្មីនេះជាដំណោះស្រាយ ក្រសួងកសិកម្មបង្កើតសហគមន៍កសិកម្មទំនើប ដែលចងភ្ជាប់គ្នារវាងអ្នកដាំដុះ អ្នកប្រមូលទិញ និងសហគ្រាសកែច្នៃ៕