សៀមរាបៈ ក្រុមការងារបុរាណវិទ្យារបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
ការធ្វើកំណាយនេះមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល ៣ ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤។
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា លោកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះមានគោលបំណងទី ១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី ៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។
លោកស្រីឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ ៨០ សង់ទីម៉ែត្រ បានប្រទះឃើញដុំថ្មភក់ចំនួន ៨ ដុំដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។
កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ព័ន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕