ភ្នំពេញៈ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មីបានអនុវត្តការងារកមុ្មវិធីនយោបាយទាំង ៦ ក្នុងរយៈពេលប្រមាណជា ៤ ខែកន្លងទៅនេះ ដោយទទួលបានជោគជ័យ និងបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ជាពិសេសរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម។
ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿងផងដែរ ហើយលោកក៏បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាថែរក្សាសន្តិភាព កុំឱ្យបាត់បង់ទើបស្តាយក្រោយ។ នេះជាការថ្លែងឱ្យដឹងកាលពីថ្ងៃទី ២៦ ខែធ្នូ ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា។
លោកបានប្រាប់ឱ្យដឹងថា៖ «នៅក្នុងប្រទេសកម្ពុជាក្នុងពេល ៣ ឬ ៤ ខែកន្លងទៅនេះ ខ្ញុំឃើញរាជរដ្ឋាភិបាលថ្មីរបស់យើងរក្សាលំនឹងសុខសន្តិភាពល្អមែនទែន គ្រប់បែបយ៉ាងទាំងអស់ អត់មានការប្រែប្រួលទេ ហើយធ្វើការបានលឿនរហ័សទៀត។ អ៊ីចឹង សង្ឃឹមថា ឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជានឹងធ្វើដំណើរទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿង ក៏ដូចជាឆ្នាំទៅមុខៗទៀតដែរ»។
ក្នុងរយៈពេលប្រមាណជា ៤ ខែ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលបានចាប់ផ្តើមពីថ្ងៃទី ២២ ខែសីហា រហូតមកដំណាច់ឆ្នាំ២០២៣ នេះ គឺជាការចាប់ផ្តើមនៃគណៈរដ្ឋមន្ត្រីថ្មី រដ្ឋមន្ត្រីថ្មី និងនាយករដ្ឋមន្ត្រីថ្មី បានធ្វើដំណើរលឿន ដោយសារសម្រេចបានលទ្ធផលដ៏ល្អ គឺការរក្សាបានលំនឹងសុខសន្តិភាព ស្ថិរភាពសង្គម លំនឹងនយោបាយ លំនឹងសេដ្ឋកិច្ច នៅក្នុងប្រទេសដោយមិនធ្វើឱ្យមានការច្របូកច្របល់អ្វីឡើយ។
លោក ប៉ែន បូណា បានថ្លែងថា បើទោះបីជារាជរដ្ឋាភិបាលមានរចនាសម្ព័ន្ធដែលមានស្រាប់ហើយក៏ដោយ ក៏ប៉ុន្តែនៅពេលដែលមន្ត្រីចូលកាន់តំណែងថ្មី ប្រធានស្ថាប័ននីមួយៗបានប្រើប្រាស់ដៃម្ខាងត្រូវរៀបចំបញ្ហាផ្ទៃក្នុង និងការងារបែបបទមួយចំនួន និងដៃម្ខាងទៀត គឺចាប់ផ្តើមរាជរដ្ឋាភិបាលឱ្យទៅមុខ។
លោកបានប្រាប់ថា៖ «អ៊ីចឹងសម្លឹងទៅឆ្នាំ ២០២៤ ខ្ញុំគិតថា គ្រប់យ៉ាងចុងក្រោយនេះ រាជរដ្ឋាភិបាល រួមនឹងក្រសួងនីមួយៗ ត្រៀមរួចរាល់ហើយដែលឆ្នាំ ២០២៤ នឹងត្រូវផ្តោតអារម្មណ៍ធ្វើការឱ្យសកម្មជាងឆ្នាំ ២០២៣ ដោយធ្វើម៉េចជំរុញក្បាលសេដ្ឋកិច្ច របស់យើងទៅមុខ ដើម្បីទាញយកកំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់»។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ថ្លែងថា ពិតណាស់ការធ្វើដំណើររបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេល ៤ ខែកន្លងទៅនេះ គឺរលូន និងទទួលបានជោគជ័យជាច្រើនទាំងកិច្ចការអន្តរជាតិ និងក្នុងប្រទេស ដូចជាការរក្សាបានស្ថិរភាពនយោបាយ សន្តិភាព កំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច រួមនឹងការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី ១ និងជាពិសេសការដាក់ចេញឱ្យអនុវត្តនូវកម្មវិធីបន្ទាន់ទាំង ៦ សម្រាប់ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ជាពិសេសគឺរក្សាបានកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ចំនួន ៥,៦% ក្នុងនោះវិស័យកសិកម្មមានកំណើត ១,១% វិស័យឧស្សាហកម្ម៥,៩% សេវាកម្ម ៧,៣%។ សមិទ្ធផលទាំងនេះគឺមិនអាចសម្រេចបានទេ បើប្រទេសជាតិគ្មានស្ថិរភាព សន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។
លោកថា តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថ្មី សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនប្រមាណ ៦,៦% សម្រាប់ឆ្នាំ ២០២៤ ដោយក្នុងនោះមានការចូលរួមសំខាន់ពីកំណើនលើវិស័យសេវាកម្ម (ទេសចរណ៍) វិស័យឧស្សាហកម្មជាពិសេសកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យកសិកម្ម។ ហានិភ័យ និងកត្តាប្រឈមរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៤ គឺបញ្ហាអតិផរណាថាមពល ម្ហូបអាហារ ជំងឺរាតត្បាតសកល ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការងើបឡើងវិញយឺតនៃវិស័យទេសចរណ៍ និងអចលនទ្រព្យជាដើម៕