ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់មិនដោះស្រាយ គួរត្រូវដកចេញពីក្របខ័ណ្ឌរដ្ឋ ខណៈវិធានការនៃការអប់រំគួរតែបញ្ចប់ត្រឹមឆ្នាំ ២០២៣ នេះ ដោយអនុវត្តវិធានការផាកពិន័យនៅឆ្នាំ ២០២៤។
លោក ស សុខា បានថ្លែងដូចនេះ ក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។
លោកមានប្រសាសន៍ថា៖ «ចំពោះអ្នកដែលបុករត់ ខ្ញុំសូមប្រកាស និងប្តេជ្ញានៅទីនេះតែម្តង បើសិនជាខ្លួនជាសមត្ថកិច្ច ឬមន្ត្រីក្រោមឱវាទ បើអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ ឧទាហរណ៍ យើងជាកម្លាំងប្រដាប់អាវុធ គឺយើងជាគំរូមួយ ជាតួអង្គមួយដែលគេមើល គេរៀនសូត្រតាម។ អ៊ីចឹង បើកាយវិការយើងមិនគោរព មិនគួរឱ្យគេធ្វើតាម ខ្ញុំគិតថា មិនអាចនៅបន្តទៀតទេ»។
លោក ស សុខា ក៏បញ្ជាក់ដែរថា ករណីនេះលោកមិនមែនដាក់បន្ទុកទៅលើកងកម្លាំង ប្រដាប់អាវុធទេ តែលោកសូមឱ្យពួកគេក្លាយជាអ្នកឆ្នើម ឬហៅថា អ្នកគ្រូ-លោកគ្រូឆ្នើមសម្រាប់យុវជនជំនាន់ក្រោយ។
លោកថា៖ «ខ្ញុំខ្លួនឯងផ្ទាល់មិនហាមឃាត់ការហូបគ្រឿងស្រវឹងទេ ប៉ុន្តែបើហូបយើងកុំប្រើប្រាស់មធ្យោបាយ។ បើនៅស្រុកគេឱ្យតែយើងក្នុងម៉ោងធ្វើការប្រើប្រាស់ ឬហូបគ្រឿងស្រវឹង ហើយយើងបើកបរ គេចាប់បានគឺត្រូវជាប់ពន្ធនាគារ ហើយត្រូវបណ្តេញចេញពីក្របខ័ណ្ឌទៀត។ យើងមិនទាន់ដល់ហ្នឹងទេ តែខ្ញុំសូមដាស់តឿន កុំឱ្យមានបញ្ហានេះសម្រាប់កងម្លាំងប្រដាប់អាវុធដែលជាតួអង្គសំខាន់ ព្រោះខ្លួនយើងជាអ្នកអនុវត្តច្បាប់»។
នាពិធីនោះដែរ លោក ស សុខា ក៏បានស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមនឹងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃបន្តរៀបចំផែនការដើម្បីណែនាំ អប់រំបន្ថែមទៀត ប៉ុន្តែទាក់ទងនឹងវិធានការអប់រំនេះដែរ លោករដ្ឋមន្ត្រីក៏បានរំលេចឡើងដែរថាគួរតែបញ្ចប់ត្រឹមឆ្នាំ ២០២៣ នេះហើយ។
លោកថ្លែងថា៖ «នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ គឺជាវិធានការក្នុងការរឹតបន្តឹងក្នុងការផាកវិន័យតែម្តង ព្រោះយើងមិនដឹងថា ត្រូវអប់រំដល់ពេលណាទៀតទេ ហើយខ្ញុំគិតថា បងប្អូនដែលនៅទីនេះដឹង ១០០% ថា ជិះម៉ូតូបើមិនពាក់មួកសុវត្ថិភាព គឺខុសច្បាប់ តែអ្នកខ្លះចេះតែភ្លេចខ្លួន។ ហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាមហន្តរាយធំណាស់សម្រាប់ជាតិ សម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបង្ហាញពីការគាំទ្រចំពោះការប្រកាស និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការលុបឈ្មោះពីក្របខ័ណ្ឌដល់មន្ត្រីសមត្ថកិច្ច ឬមន្ត្រីរាជការណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនទទួលខុសត្រូវ។
លោកថ្លែងថា៖ «ការលុបឈ្មោះ និងការដេញចេញពីក្របខ័ណ្ឌគួរតែធ្វើឡើង ព្រោះវាបញ្ជាក់ពីការមិនទទួលខុសត្រូវរបស់ខ្លួនក្នុងនាមអ្នកបម្រើឱ្យប្រជាពលរដ្ឋ ប៉ុន្តែចំណុចនេះក៏ត្រូវពិនិត្យមើលផងដែរថាតើគាត់រត់គេចរបៀបម៉េច? រត់ដោយសារការបារម្ភខ្លាចមានការប្រើហិង្សា តែគាត់ចូលខ្លួនដោះស្រាយនៅប៉ុស្តិ៍នគរបាលណាមួយ យើងក៏គួរតែពិនិត្យមើលដែរ»។
មួយវិញទៀត ប្រសិនបើអ្នកបង្កគ្រោះថ្នាក់នោះ មិនទទួលខុសត្រូវតែម្តង គឺត្រូវតែមានការផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យជនល្មើសមានការរាងចាល និងយកចិត្តទុកដាក់ក្នុងការចូលរួមគោរពច្បាប់ ឱ្យតម្លៃដល់អាយុជីវិតដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាមធ្យមក្នុង ១ ថ្ងៃចំនួន ១០ លើក បង្កឱ្យមានអ្នកស្លាប់ជាមធ្យមចំនួន ៤ នាក់ និងអ្នករបួសចំនួន ១២ នាក់ ខណៈយានយន្តមានកំណើនជាប្រចាំឆ្នាំប្រមាណជាង ១០%។ តាមការកត់សម្គាល់អ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាអ្នកជិះម៉ូតូដែលបង្កឱ្យមានការប៉ះពាល់ដល់ជីវិតមានប្រមាណជា ៧៩% ហើយក្នុងនោះ ៧៤% មិនពាក់មួកសុវត្ថិភាព។
លោក ស សុខាបានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១ ៥៤៨ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧៥៦ នាក់ របួស ២ ០៧២ នាក់ដែលក្នុងនោះរបួសធ្ងន់មានរហូតទៅដល់ ១ ៣៣២ នាក់។ បើប្រៀបធៀបជាមួយនឹងឆមាសទី១ ក្នុងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៦១ លើក ឬស្មើ ៤%។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ដ្រីនគរបាលចរាចរណ៍ ត្រូវបញ្ឈប់ការស្លៀកពាក់ស៊ីវិលឈរពួនស្ទាក់ចាប់យានយន្ដដែលល្មើសច្បាប់ ពោលត្រូវតែស្លៀកពាក់ ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។
លោកបានថ្លែងដូចនេះ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕