ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ អាចថា ជាមោទនភាព និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខ ហើយក៏ជាមូលដ្ឋានសម្រេចផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២៤-២០២៨ ផងដែរ។
លោកបានលើកឡើងដូចនេះ ក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍របស់ក្រសួងផែនការស្ដីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២២ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ដែលតាមទិន្នន័យបានបង្ហាញពីការកើនឡើងរហូតដល់ ៤៩ ភាគរយនៃអង្គភាពសេដ្ឋកិច្ច បើធៀបនឹងជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ កន្លងទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ អាចនិយាយបានថា ជាមោទនភាព ដែលនេះគឺជាលើកទី២ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ ២០១១ ដែលពេលនោះស្ថានភាពទិន្នន័យ បច្ចេកទេសមានការលំបាក ហើយអ្វីដែលសំខាន់ពេលនោះធនធានមនុស្សសឹងតែអត់មានតែម្តងដោយពឹងលើភាគីមិត្តជួយសឹងទាំងស្រុងលើបច្ចេកទេស។
លោកបានមានប្រសាសន៍ថា៖ «ការចូលរួមរបស់យើងមានកម្រិតតិច ប៉ុន្តែក្នុងឆ្នាំ ២០២២ មិនត្រឹមតែទិន្នន័យបានល្អនោះទេ តែសំខាន់សមត្ថភាពប្រជាជនខ្មែរទាំងមន្ត្រីរបស់យើងក្នុងការម្ចាស់ការស្រាវជ្រាវ ហើយពិតណាស់ យើងមានជំនួយពីមិត្តភាគីដៃគូមួយចំនួន ប៉ុន្តែមន្ត្រីរបស់យើងមានសមត្ថភាពក្នុងការធ្វើខ្លួនឯងនេះគឺជាអ្វីយើងគួរមានមោទនភាព»។
នាឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញការពេញចិត្តចំពោះជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ ២០២២ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខហើយក៏ជាមូលដ្ឋានសម្រេចផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤ខាងមុខ ផងដែរ។
លោកបានបញ្ជាក់ថា៖ «ទិន្នន័យគឺសំខាន់ណាស់ ព្រោះជាផែនទីនិងត្រីវិស័យសម្រាប់យើងទាំងក្របខ័ណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច។ ដូចនេះជំរឿនសេដ្ឋកិច្ចគឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាពនិងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាពនិងដែលអាចជឿទុកចិត្តបានគឺជាធាតុចូល និងភ័ស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់សម្រាប់ការរៀបចំគោលនយោបាយ,យុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍និងសង្គមសេដ្ឋកិច្ចនានាឱ្យចំគោលដៅសម្រាប់រយៈពេលខ្លី មធ្យម និងវែង។
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងនៅក្នុងពិធីនោះដែរថា គោលបំណងជាសារវន្តនៃជំរឿនសេដ្ឋកិច្ចគឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ចនិងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាពនិងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។
លោកបានឱ្យដឹងដែរថា ជាលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣-៦៧០ ដែលកើនឡើង ៤៩ ភាគរយ បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១១ ដែលមានចំនួន ៥០៥ ១៣៤។
លោកបានបន្តថា៖ «អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ ២០២២ មាន ៥២,៥ ភាគរយនៅទីប្រជុំជន និង ៦៩,១ ភាគរយ ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩ ៨លាននាក់ក្នុងនោះស្ត្រីចំនួន ១,៨៤ លាននាក់»។
លោករដ្ឋមន្ត្រីផែនការបានបន្តថា ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុង ២ វិស័យគឺវិស័យឧស្សាហកម្មមាន ៧ ភាគរយ និងវិស័យសេវាកម្មមាន ៩៣ ភាគរយ។ លើសពីនេះចំនួនអង្គភាពសេដ្ឋកិច្ចត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំនៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ចតាមចំណាត់ថ្នាក់នៃវិស័យសកម្មភាពសេដ្ឋកិច្ចនិងតាមចំណូលចំណាយរបស់អង្គភាពសេដ្ឋកិច្ច។
លោក ប៊ិន ត្រឈៃ បានបញ្ជាក់ថា៖ «លទ្ធផលនៃជំរឿនសេដ្ឋកិច្ចនេះ រួមចំណែកក្នុងដំណើរការអនុវត្តយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
បើតាមលោក ប៊ិន ត្រឈៃ ក្រសួងផែនការបានរៀបចំបង្កើតគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច និងគណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២១ ព្រមទាំងគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចរាជធានី-ខេត្ត-ក្រុង យ៉ាងយកចិត្តទុកដាក់ដោយកំណត់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ជាកាលបរិច្ឆេទ។
ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ ២០២២ ត្រូវបានរាប់បញ្ចូលអង្គភាពសេដ្ឋកិច្ចមាន ជាអាទិ៍ អង្គភាពសេដ្ឋកិច្ចនៅតាមផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរតាមអនឡាញ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ វត្តអារាម និងសេវាកម្មផ្សេងៗ ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានលើកឡើងដែរថា ការធ្វើគោលនយោបាយនិងការសម្រេចចិត្តណាមួយត្រូវឈរលើគោលការណ៍ភ័ស្តុតាងជាក់ស្តែងដែលកើតចេញពីការសិក្សាស្រាវជ្រាវ។
លោកបានបន្តថា របាយការណ៍ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ ២០២២ ជាទិន្នន័យនិងភ័ស្តុតាងចាំបាច់មួយដើម្បីគូសវាសសកម្មភាពសេដ្ឋកិច្ចកម្ពុជា និងត្រួតពិនិត្យសកម្មភាពដែលបានអនុវត្តកន្លងមកហើយកំណត់សកម្មភាពដែលត្រូវបន្តដែលជាស្ពានសម្រេចគោលដៅប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោកបានប្រាប់ថា៖ «នៅកម្ពុជាយើងមានធនធានមនុស្សដែលអាចសិក្សាស្រាវជ្រាវកម្រិតខ្ពស់បាន សំខាន់ទៅលើការឱ្យតម្លៃនិងការចេះប្រើធនធានទាំងនោះឱ្យមានប្រយោជន៍ដល់សង្គមប៉ុណ្ណោះ។ របាយការណ៍បែបវិទ្យាសាស្ត្រជាទិសដៅចង្អុលបង្ហាញអ្នកធ្វើគោលនយោបាយ អ្នកនយោបាយ ការដាក់ចេញផែនការអភិវឌ្ឍន៍និងគម្រោងនានាទាំងដំណាក់កាលខ្លី និងវែង»។
លោក ប៉ា ចន្ទរឿន សង្ឃឹមថា របាយការណ៍ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ ២០២២ នេះ ប្រើប្រាស់វិធីសាស្ត្រកម្រិតខ្ពស់តាមបែបវិទ្យាសាស្ត្រចៀសវាងការធ្វើដោយរួចពីដៃ ដោយសាររបាយការណ៍ថ្នាក់ជាតិនេះនឹងក្លាយទៅជាទិន្នន័យគោលសម្រាប់ការដឹកនាំប្រទេស ការសម្រេចចិត្ត និងធ្វើគោលនយោបាយជាតិទាំងមូល។
គួររំឭកដែរថា ក្រសួងផែនការបានអនុវត្តការងារស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជាលើកទី ១ នៅក្នុងឆ្នាំ ២០០៩ និងបានអនុវត្តធ្វើជំរឿននេះទូទាំងប្រទេសជាលើកទី ១ នៅក្នុងឆ្នាំ ២០១១ និងបានអនុវត្តការងារអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៤ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ នៅក្នុងឆ្នាំ ២០២១ ក្រសួងផែនការ បានអនុវត្តធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចនៅទូទាំង ២៥ រាជធានី ខេត្ត និងបានបន្តអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាដោយផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ស្ដីពីស្ថិតិ៕