ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមេដឹកនាំប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្តលើការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាព នៅចំពោះមុខការប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបានឯកភាពជំរុញការអភិវឌ្ឍខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ផងដែរ។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង»តាមរយៈប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានលោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងវត្តមានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ថ្នាក់ដឹកនាំប្រទេសទាំងឡាយបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធផលជាច្រើនក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ តាមរយៈផែនការសកម្មភាពពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដែលបានគាំទ្រគម្រោងជាង ៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យនានាទៀត។
មេដឹកនាំទាំង ៦ ប្រទេស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ លើការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាព នៅចំពោះមុខការប្រឈមនៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលមិនធ្លាប់កើតមាន ដែលអះអាងជាថ្មីលើការសហការដោះស្រាយបញ្ហាប្រឈមរួម ព្រមទាំងបានឯកភាពគ្នាលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង ផង។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ពីសារៈសំខាន់លើការពង្រឹងសហគមន៍រួមនៃសន្តិភាព និងវិបុលភាព នៃប្រទេសមេគង្គ-ឡានឆាង នេះដែរ។
លោកបានថ្លែងថា៖ «ផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់ និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង»។
នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ នេះបានអនុម័តលើឯកសារសំខាន់ៗចំនួន ៣ ក្នុងនោះរួមមាន៖ ទី១. សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤។ ទី២. ផែនការសកម្មភាព ៧ ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០២៣-២០២៧) និងទី៣. គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតក្នុងតំបន់។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ បានថ្លែងដោយកត់សម្គាល់ឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង លើវិស័យតភ្ជាប់រវាងសមាជិក និងសមាជិក ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាពិសេសការគ្រប់គ្រងរួមគ្នាលើធនធានទឹកក្នុងអាងទន្លេមេគង្គ។
លោកថា៖ «កម្ពុជាទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ តួយ៉ាង ការកសាងផ្លូវថ្នល់ ការតភ្ជាប់ ការពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់ត្រីកោណក៏ទទួលបានពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះដែរ និងគម្រោងនានាទៀត»។
ទោះជាយ៉ាងណា លោក សេង វណ្ណលី បានថ្លែងដោយសម្តែងការព្រួយបារម្ភចំពោះការប្រជែងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់មេគង្គ-ឡានឆាងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈពេលចិនកំពុងបង្កើនឥទ្ធិពល ហើយតំបន់នេះមានសារៈសំខាន់ជាភូមិសាស្ត្រយុទ្ធសាស្ត្រ ក្នុងវិស័យសេដ្ឋកិច្ច និងធនធានធម្មជាតិ។
ចិនបានប្រើប្រាស់គម្រោងខ្សែក្រវាត់ និងផ្លូវវិនិយោគយ៉ាងសន្ធឹកសន្ធាប់ក្នុងតំបន់នេះ ស្របពេលសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកក៏ដូចគ្នាដែរ ដែលសមាជិកប្រទេសមេគង្គ-ឡានឆាង ត្រូវធានាតុល្យភាពដូចស្វែងរកដៃគូក្រៅពីចិន រួមមាន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ជាដើម។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា នៅចំពោះមុខភាពមិនទុកចិត្តគ្នា និងភាពផុយស្រួយផ្នែកសន្តិសុខក្នុងតំបន់ រដ្ឋជាសមាជិកនៃក្របខ័ណ្ឌមេគង្គ-ឡានឆាង ត្រូវតែពង្រឹងការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈរៀបចំផែនការ និងការអនុវត្តគម្រោងតភ្ជាប់ក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការធ្វើពាណិជ្ជកម្ម ផលិតកម្ម កសិកម្ម ការរក្សាសន្តិសុខ ការរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងកិច្ចសហការផ្នែកទិន្នន័យ។
ចិន និងសហរដ្ឋអាមេរិក កំពុងសម្រុកទៅកាន់តំបន់មេគង្គ ដោយសារលក្ខខណ្ឌភូមិសាស្ត្រយុទ្ធសាស្ត្រ ស្របពេលចិនប្រើប្រាស់ការលើកកម្ពស់គោលនយោបាយនៃកិច្ចសហប្រតិបត្តិការសហគមន៍ ជោគវាសនារួមនៃសន្តិភាព និងវិបុលភាព ខណៈសហរដ្ឋអាមេរិកប្រើប្រាស់សម្ព័ន្ធមិត្តតួយ៉ាង អូស្ត្រាលី ជប៉ុន ហ្វីលីពីន ថៃ តៃវ៉ាន់ និងឥណ្ឌា ដើម្បីទប់ទល់ឥទ្ធិពលចិន៕