ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ ខែធ្នូថា ចំនួនរោងម៉ាស៊ីនកិនស្រូវ ដែលមានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ មានបរិមាណច្រើនសមស្របហើយ ប៉ុន្តែរោងម៉ាស៊ីនទាំងនោះ នៅមានបញ្ហាប្រឈមកង្វះដើមទុនសម្រាប់ប្រមូលទិញស្រូវស្តុកទុកសម្រាប់កែច្នៃនាំចេញ។
លោកបានបន្ថែមថា បច្ចុប្បន្នវិស័យស្រូវអង្ករ គឺមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំ ចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិហើយចំណែកឯសមត្ថភាពកិនកែច្នៃវិញមានចំនួន ១ ២០០ តោនក្នុង ១ ម៉ោង និងសមត្ថភាពឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២ ០០០ តោន ក្នុង ១ ថ្ងៃ។
លើសពីនេះ រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុង ១ វគ្គ ដែលនេះបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់រោងចក្រកិនស្រូវនៅកម្ពុជាទាំងអស់ក្នុងការកិនកែច្នៃ និងផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤ លានតោនក្នុង ១ ឆ្នាំ។
ទោះជាបែបនេះក្តី រោងម៉ាស៊ីនកិនស្រូវ នៅមានបញ្ហាប្រឈមក្នុងការខ្វះទុន ដើម្បីប្រមូលទិញស្រូវស្តុកទុក ដើម្បីកែច្នៃ។ លោកថា៖«សម្រាប់រោងចក្រ ឃ្លាំងស្តុក និងឡសម្ងួតមានប៉ុណ្ណឹង អាចថា គ្រប់គ្រាន់ហើយ សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ តែអ្វីដែលនៅខ្វះនោះ គឺទុនក្នុងការប្រមូលទិញស្រូវស្តុកទុក និងការដែលធ្វើយ៉ាងណាឱ្យថ្លៃដើម នៃការកែច្នៃរបស់យើង ជាពិសេសការដឹកជញ្ជូនរបស់យើង ដែលនៅតែជាបញ្ហាប្រឈម សម្រាប់យើងនៅឡើយ»។
លោក យ៉ង សាំងកុមារ បន្តទៀតថា ខាងធនាគារអភិវឌ្ឍន៍ជនបទ (ARDB) បានបញ្ចេញទុនច្រើនដែរហើយ សម្រាប់វិស័យស្រូវអង្ករនេះ ខណៈដែលកញ្ចប់ថវិកា ១០០ លានដុល្លារ ដែលរាជរដ្ឋាភិបាលត្រៀមសម្រាប់ការជួយប្រមូលទិញកសិផល នៅរដូវប្រមូលផល នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៤ ខាងមុខ។
លោក ហេង ផេង អ្នកនាំចេញអង្ករ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានទីតាំងនៅស្រុកថ្មគោល ខេត្តបាត់ដំបង ក៏បានប្រាប់ឱ្យដឹងដែរថា កាលពីប៉ុន្មានឆ្នាំមុនមានការខ្វះខាតឃ្លាំងស្តុក និងឡសម្ងួតស្រូវ ស្របពេលដែលកសិករសម្រុកច្រូតព្រមគ្នាផងនោះ ធ្វើឱ្យតម្លៃស្រូវចុះថោកខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហានេះ ត្រូវបានដោះស្រាយបានច្រើន ដោយសារការផ្តល់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ។
លោកនិយាយថា៖ «ឃ្លាំងស្តុក និងសម្ងួតស្រូវ លែងជាបញ្ហាហើយ ប៉ុន្តែបញ្ហាដែលកសិករ និងឈ្មួញកំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺថ្លៃដើមផលិតកើនឡើង ដូចប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃ ជាដើម។ យើងក៏ត្រូវការទុនបន្ថែម នៅរដូវប្រមូលផលដែរ ដើម្បីប្រមូលទិញស្រូវស្តុកទុកសម្រាប់នាំចេញ។ យើងសប្បាយចិត្តនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការទម្លាក់កញ្ចប់ថវិកា ១០០ លានដុល្លារ សម្រាប់ត្រៀមក្នុងការជួយប្រមូលទិញកសិផលពីកសិករ»។
លោក ហេង ផេង បន្តថា តាមរយៈគោលនយោបាយនេះម្ចាស់រោងម៉ាស៊ីនកិនស្រូវអាចនឹងទទួលបានទុនបន្ថែម សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ សម្រាប់ស្តុក ដើម្បីកុំឱ្យស្រូវដែលបានផលិតហូរចេញទៅក្រៅប្រទេសច្រើនពេក។
តាមរបាយការណ៍ពីក្រសួងកសិកម្ម នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាបានសម្រេចលទ្ធផលនៃការនាំចេញស្រូវ និងអង្ករក្នុងបរិមាណ ២ លាន ៥២ ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង ៥២ ម៉ឺនតោន ស្រូវមានចំនួនជិត ២ លានតោន បើគិតជាប្រាក់មានជាង ១ ១៦៦ លានដុល្លារ។
ការនាំចេញអង្ករជិត ៥៣ ម៉ឺនតោន កើនឡើងជាង ៤ ភាគរយ ខណៈដែលស្រូវមានជិត ២ លានតោន កើនឡើងជាង ២១ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕