ភ្នំពេញ: ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ (MERLA) ជាពានរង្វាន់អក្សរសិល្ប៍ ដើម្បីអបអរសាទរអ្នកមានទេពកោសល្យអក្សរសាស្ត្ររបស់អ្នកនិពន្ធមកពីតំបន់ទន្លេមេគង្គបានប្រារឰឡើង និងប្រគល់នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវកាលពីថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២៣។
ក្នុងចំណោមម្ចាស់ជយលាភីតាមប្រទេសនីមួយៗ លោក ឡឹក សុធារ ជាកវីនិពន្ធ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពានរង្វាន់សម្រាប់ការសរសេរកំណាព្យខ្លីរបស់លោក។
លោក សុធារ បាននិយាយថា៖ «តាមរយៈស្នាដៃប្រកួតប្រជែងនេះ ខ្ញុំបានសម្រេចនូវក្ដីសុបិនចង់ក្លាយជាកវីនិពន្ធ ដែលមានក្រឹត្យត្រឹមត្រូវ និងបានបញ្ចេញសំឡេងរបស់ខ្លួនជុំវិញការអភិវឌ្ឍនៅតាមដងទន្លេមេគង្គនេះ ជាពិសេស នៅក្នុងប្រទេសកម្ពុជា»។
MERLA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយសមាគមអ្នកនិពន្ធវៀតណាម ឡាវ និងកម្ពុជា មានគោលបំណងលើកកម្ពស់ភាពស្និទ្ធស្នាល និងកិច្ចសហការអ្នកនិពន្ធមកពីប្រទេសតាមដងទន្លេមេគង្គ រួមមានឡាវ ថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងចិន។ដំបូងផ្តោតលើអ្នកនិពន្ធមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជា ចាប់តាំងពីពេលនោះមក វាបានពង្រីកវិសាលភាពរបស់ខ្លួនដើម្បីទទួលយកទេពកោសល្យពីបណ្តាប្រទេសតាមដងទន្លេមេគង្គទាំងអស់។
ពិធីនៅឆ្នាំនេះ រួមមានប្រភេទកំណាព្យ រឿងខ្លី និងកំណត់ហេតុប្រចាំថ្ងៃ មានអ្នកឈ្នះចំនួន២រូបមកពីប្រទេសនីមួយៗដែលចូលរួម ដោយវាមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ពីពានរង្វាន់ជ្រើសរើសម្ចាស់ជយលាភីតែម្នាក់នៃប្រទេសនីមួយៗរបស់ SEA Write Award សម្រាប់ប្រទេសអាស៊ានទាំងអស់។ MERLA ក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ ដោយផ្លាស់ប្តូរពីទីតាំងមួយទៅទីតាំងមួយ ដែលឆ្នាំនេះប្រព្រឹត្តទៅនៅរដ្ឋធានីរៀងចន្ទ ប្រទេសឡាវ។
ជ័យជម្នះរបស់លោក សុធារ នៅ MERLA បាននាំមកនូវការចាប់អារម្មណ៍មិនត្រឹមតែចំពោះជំនាញអក្សរសាស្ត្ររបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍក្នុងតំបន់ផងដែរ។ស្នាដៃប្រកួតដែលទទួលបានជយលាភីនេះ មានចំណងជើងថា «ដំណើរចុងក្រោយ» ដែលរៀបរាប់អំពីដំណើរពនេចរតាមធម្មជាតិរបស់ត្រីរាជមួយគូ និងត្រីរៀលចេញពីបឹងទន្លេសាបឆ្ពោះទៅមេគង្គលើដើម្បីពងកូន។ ក្នុងដំណើរនេះ ត្រីទាំងអស់បានជួបនូវឧបសគ្គមួយចំនួនទម្រាំតែអាចសម្រេចគោលដៅ ជាទីដែលពួកវាត្រូវចំណាយពេលពងកូន និងវិលត្រឡប់មកបឹងទន្លេសាបវិញ។
ស្នាដៃនេះ ក៏បានរៀបរាប់អំពីភាពវិសេសរបស់ប្រជាជន និងវប្បធម៌នៅតាមដងទន្លេមេគង្គ ដូចជា ភ្នំសុពណ៌កាលី ស្ថិតនៅភូមិជ្រោយថ្ម ស្រុកព្រែកប្រសប់ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ ផ្ទះថ្មប៉ះប្រះទឹក និងល្បាក់ទឹកក្នុងស្រុកសំបូរ ខេត្ដក្រចេះ និងមួយផ្នែកទៀតនៃខេត្ដស្ទឹងត្រែង។
លោក សុធារ ថ្លែងថា៖ «ខ្ញុំចង់ឃើញយុវជនរបស់យើងចាប់ផ្ដើមសរសេរ អាន និងប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដែលជួយប្រជាជនទទួលបានចំណេះដឹង និងបន្ដការស្រាវជ្រាវកាន់តែច្រើន ចៀសឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងពាលាផងដែរ»។
លោក ព្រឿង ប្រណីត កវីនិពន្ធ និងសមាគមអ្នកនិពន្ធខ្មែរ (KWA) បានបកស្រាយអំពីនីតិវិធីជ្រើសរើសយ៉ាងហ្មត់ចត់ ដែលកវី ២ រូបក្នុងប្រទេសនីមួយៗ ត្រូវបានជ្រើសរើសជើងឯករបស់ខ្លួន។ ស្នាដៃដែលឈ្នះទាំងអស់ត្រូវបានបកប្រែ ឬសង្ខេបទៅជាភាសាអង់គ្លេស និងភាសាម្ចាស់ប្រទេសដែលរៀបចំ (ឡាវ) ដើម្បីធានាបាននូវការយល់ដឹងទូលំទូលាយក្នុងចំណោមអ្នកចូលរួម។
លោកបានឱ្យដឹងថា៖ «យើងគ្រប់គ្នាបានជ្រាបច្បាស់ហើយថា ការបង្កើតស្នាដៃអក្សរសិល្ប៍មួយ ប្រកបដោយនវានុវត្តន៍ និងការច្នៃប្រឌិត គឺទាមទារឱ្យអ្នកសរសេរមានកម្រិតយល់ដឹងមូលដ្ឋាន យ៉ាងច្បាស់លាស់។ ការយល់ច្បាស់អំពីបរិបទសង្គមមួយ លើគ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និងជីវភាពពិតរបស់មនុស្សក្នុងតំបន់ ទើបស្នាដៃមានភាពប្រាកដនិយម។
លោក ប្រណីត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងតែងតែទទួលស្គាល់ថា អក្សរសិល្ប៍ដែលមាននិរន្តរភាព និងតម្លៃ គឺជាប្រភេទស្នាដៃ ដែលបានបង្ហាញ និងប្រៀបធៀបតិចឬច្រើន នូវព្រឹត្តិការណ៍សង្គមជីវិតពិតក្នុងសង្គមនោះ»។
លោកថ្លែងថា ការជួបជុំនេះ គឺជានិមិត្តរូបការបន្តពូនជ្រំរឹតបន្តឹងចំណងមិត្តភាព បន្តចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ និងកាន់តែយល់ចិត្ត អ្នកនិពន្ធ ដែល រស់នៅតាមបណ្តោយទន្លេមេគង្គ។ ស្ថិតក្នុងប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ពិតជាមានសារៈសំខាន់ណាស់ចំពោះប្រជាជាតិរស់តាមដងទន្លេមេគង្គ។ ការចាប់យកជម្រើសសរសេរអក្សរសិល្ប៍ដើម្បីបំបាត់ភាពតប់ប្រមល់ពីការងារ មិនសុទ្ធតែជាចំណូលចិត្ដរបស់មនុស្សគ្រប់រូបនេះ។
លោក សុធារ ថ្លែងថា៖ «ខ្ញុំចាប់ផ្ដើមតែងនិពន្ធអំពីបញ្ហាសង្គម ឆ្លុះបញ្ចាំងពីតថភាពសង្គមសព្វថ្ងៃ។ ខ្ញុំបានប្រើប្រាស់វិធីសាស្ដ្រផ្សេងៗទៅលើស្នាដៃរបស់ខ្ញុំ ដូចជា តួអង្គជារុក្ខជាតិ សត្វជាដើម គិតដល់ភាពលេចធ្លោរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិ។
លោក សុធារ បានថ្លែងដោយលើកពីសម្ដេចតេជោ ហ៊ុន សែន សមិទ្ធផលរបស់លោក គឺការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងកម្ពុជាពីគំនរផេះផង់ឱ្យមានការអភិវឌ្ឍ។
លោក សុធារ ថ្លែងថា លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញបទពិសោធឱ្យឃើញនៅក្នុងវិស័យកសិកម្ម នូវភាពលេចធ្លោចំពោះបច្ចេកទេសកសិកម្ម និងកសិកម្មសរីរាង្គ។
លោកថ្លែងថា៖ «ងារជាអ្នកនិពន្ធនេះពិតជាក្ដីសុបិន ១ ក្នុងចំណោមក្ដីសុបិនរបស់ខ្ញុំធំៗទាំង ៣ សម្រាប់ជីវិតនេះ»។ «សម្រាប់ខ្ញុំ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គមានសារៈសំខាន់ ២ គឺលើកតម្កើងអក្សរសិល្ប៍បណ្ដាប្រទេសជុំវិញទន្លេមេគង្គ និងរួមគ្នាអភិរក្ស ថែរក្សាធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ រួមទាំងអក្សរសិល្ប៍ វប្បធម៌ និងប្រពៃណីរបស់អ្នករស់នៅតាមដងទន្លេមេគង្គ ព្រោះខ្ញុំមើលឃើញថា ទន្លេមេគង្គទាំងមូលកំពុងតែត្រូវបានគំរាមកំហែងអំពីការអភិវឌ្ឍនានាដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើទន្លេនេះ ដូចជា ប្រជានេសាទ និងជនជាតិដើមភាគតិចជាដើម។
ចំពោះការប្រឡងប្រជែងស្នាដៃអក្សរសិល្ប៍ លោក សុធារ មានជំនឿថា អ្នកនិពន្ធនៅបណ្ដាប្រទេសតាមដងទន្លេមេគង្គនឹងរួមគ្នាជាសំឡេងតែមួយដើម្បីជួយការពារ ថែរក្សា អភិវឌ្ឍធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និងសិល្បៈ។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប្រជែងអក្សរសិល្ប៍នេះចំនួន ៣ ដង គឺលើកទី ២ នៅខែមីនា ឆ្នាំ ២០០៩ លើកទី ៥ នៅខែមីនា ឆ្នាំ ២០១៤ និងលើកទី ១១ នៅខែកុម្ភៈ ក្នុងឆ្នាំ ២០២១៕