ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា នឹងមិនខ្ចីបំណុលគេរហូតដល់វ័ណ្ឌកនោះទេ ខណៈដែលកម្ពុជា មានច្បាប់ថវិកាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាខ្ចីក្នុងកម្រិតណាមួយ ដោយការខ្ចីនោះគឺយកមកវិនិយោគលើគម្រោងដែលមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងធ្វើដោយមានតម្លាភាព។
លោកថ្លែងឡើងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
លោក ថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ជូនពលរដ្ឋជាម្ចាស់ប្រទេស ការជំពាក់ ការខ្ចីបំណុល គឺជាកាតព្វកិច្ចរបស់យើង ដែលត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ។ យើងមិនខ្ចីរហូតដល់ជំពាក់វ័ណ្ឌកដូចគេនោះទេ យើងមានច្បាប់ថវិកាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាខ្ចីកម្រិតណា ដែលទ្រទ្រង់សេដ្ឋកិច្ចយើងទៅបាន ខ្ចីមកវិនិយោគលើគម្រោងដែលមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងធ្វើដោយតម្លាភាព។យើងមិនមែនចេះតែធ្វើឡើយ»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«គម្រោងព្រែកជីកហ្វូណន គឺជាគម្រោងផ្គុំគ្នាជាមួយគម្រោងផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលជប៉ុនបានធ្វើ ហេដ្ឋារចនាសម្ព័ន្ធ ដែលយើងបានជំនួយពីចិន,ពីADB និងពីធនាគារផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធដែលធ្វើខ្លួនឯង ដើម្បីជាតិនិងប្រជាជនរបស់យើង ដើម្បីលើកសេដ្ឋកិច្ចជាតិ ដើម្បីបានផលយកចែកឱ្យកូនចៅបងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង»។
លោកបានបន្តថា ប្រទេសមួយ អាចរីកចម្រើនទៅបានអាស្រ័យលើការវិនិយោគ ត្រូវការថវិកាបន្ថែម ដោយសារតែថវិកាជាតិមានមិនគ្រប់ បើទោះបីជារដ្ឋមានថវិកាបានពីពន្ធ ឬថវិកាសន្សំខ្លះក៏ដោយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ទី១- យើងស្នើសុំការជួយជាជំនួយឥណទានឥតសំណងដូចគម្រោងនេះ(គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ),ទី២-យើងខ្ចីកម្ចីការប្រាក់សមរម្យដើម្បីយើងមានលទ្ធភាពសងបាន និងទី៣- យើងអញ្ជើញវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេសយកលុយឯកជនមកវិនិយោគជាដើម»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការដែលខ្ចីលុយគេ យកមកប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ហើយប្រើប្រាស់ឱ្យចំគោលដៅ មិនមែនមានតែកម្ពុជាទេ ដែលបានធ្វើ នៅតាមបណ្តាប្រទេសមហាអំណាចមានបំណុលបរទេសដូចគ្នា ប៉ុន្តែបំណុល ដែលខ្ចីគេមកត្រូវមានតម្លាភាព និងប្រសិទ្ធភាព ដែលជាទូទៅ រាល់ការខ្ចីបំណុលបរទេស មេដឹកនាំនៃប្រទេសនីមួយៗ តែងតែមានគោលនយោបាយច្បាស់លាស់ ដើម្បីប្រើប្រាស់បំណុលនោះ ឱ្យឆ្លើយតបនឹងតម្រូវការ ហើយអាចទាញប្រយោជន៍បានពីការខ្ចីនោះ ដូចជា ខ្ចីយកមកធ្វើព្រែកជីកហ្វូណននេះជាដើម គឺកម្ពុជា អាចទាញប្រយោជន៍បានមកវិញ។
លោក សុខ ទូច បានបញ្ជាក់ថា៖«គម្រោងព្រែកជីកហ្វូណនតេជោនេះ យើងទាញប្រយោជន៍បានច្រើនណាស់ ជាពិសេស វិស័យដឹកជញ្ជូនផ្លូវទឹក គឺយើងលែងខ្ចីដង្ហើមគេដក,ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះថោក និងសម្រួលដល់សេដ្ឋកិច្ចបានច្រើន។ តែយ៉ាងណា ខ្ញុំយល់ថា ការខ្ចីបំណុលគេ ត្រូវតែប្រកបដោយតម្លាភាព ប្រសិទ្ធភាព គុណភាព ចំទិសដៅ និងមិនឥតប្រយោជន៍ ព្រោះកន្លងទៅយើងឃើញ ប្រទេសមួយចំនួនជាបទពិសោធន៍ ខ្ចីគេច្រើនយូរៗទៅអត់លុយសង គេកាត់យកកំពង់ផែ កាត់យកកោះជាដើម អ៊ីចឹងបានថា រដ្ឋាភិបាលត្រូវប្រយ័ត្នដែរ លើបញ្ហានេះ»។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតក្រៅស្រុកមួយ ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដោយបានច្រានចោលនូវព័ត៌មានដែលការសែតនេះថារដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១ ៧០០ លានដុល្លារអាមេរិក សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។
ក្រសួងបានបំភ្លឺថា ជាទិដ្ឋភាពច្បាប់ ពិតាននៃការខ្ចី ត្រូវបានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំនីមួយៗ។ ជាក់ស្ដែង, ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានអនុម័ត យល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ ក្នុងកម្រិត ១ ៧០០ ០០០ ០០០ SDR (មួយប៊ីលាន ប្រាំពីររយលាន អេសដេអ៊ែ) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០ USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងអភិវឌ្ឍន៍ ចំនួន ២៨ ហើយកម្មវិធី/គម្រោងទាំងនេះ ត្រូវបានរំលេចនៅក្នុងតារាង គ ១ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងការអនុវត្តជាក់ស្ដែងសម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ ក្នុងកម្រិត១ ៣២៦ ២១២ ០០០ SDR សម្រាប់ហិរញ្ញប្បទានកម្មវិធី/តម្រោងអភិវឌ្ឍន៍ចំនួន ២១ គឺប្រមាណ ៧៨ភាគរយ នៃពិតានដែលច្បាប់បានអនុញ្ញាត ។
ទន្ទឹមនេះ ក្រសួងបានបញ្ជាក់ថាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានអនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ ក្នុងកម្រិត ១ ៧០០ ០០០ ០០០ SDR (មួយប៊ីលាន ប្រាំពីររយលាន អេសក្លេអ៊ែ) សមមូលនឹង ២ ២៨៧ ៣៣៩ ០០០USD សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងអភិវឌ្ឍន៍ចំនួន ២៤ ដែលបញ្ជីគម្រោងអភិវឌ្ឍន៍តាមវិស័យដែលនឹងហិរញ្ញប្បទានពីការខ្ចីនេះ ក៏មានរំលេចនៅក្នុងសេចក្ដីថ្លែងហេតុ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។
ក្រសួងបញ្ជាក់ថា៖«ជាទិដ្ឋភាពបច្ចេកទេស ក្នុងការខ្ចីបំណុលពីដៃគូ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវស្មារតី ប្រយ័ត្នប្រយែងខ្ពស់ ដោយមានយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលច្បាស់លាស់ និងការវិភាគគ្រប់ជ្រុងជ្រោយតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ជាពិសេស គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គន្លឹះនៃការគ្រប់គ្រងបំណុលសាធារណៈ ចំនួន៥»។
ក្រសួងបន្តថាក្នុងនោះរួមមាន៖ទី១.ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ទី២.ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់;ទី៣. ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើន ផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ទី៤.ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។
ចំណែកទី៥.ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការ គ្រប់គ្រងការវិនិយោគសាធារណៈព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
ដោយឡែក ចំពោះគម្រោងព្រែកជីកហ្វូណន ក្រសួងសេដ្ឋកិច្ចក៏បានអះអាងដែរថា វាមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខ័ណ្ឌ នៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះនឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships - PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ហើយជាក់ស្តែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះដោយជោគជ័យរួចមកហើយ។
តាមយន្តការនេះ រាជរដ្ឋាភិបាលនឹងមិនខ្ចីបំណុលពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អភិវឌ្ឍគម្រោងនេះ ឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវលើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សា សមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគសម្រាប់ហិរញ្ញប្បទាន ដើម្បីរៀបចំអភិវឌ្ឍគម្រោង នេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលបានការផ្តល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ៕