ភ្នំពេញៈ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដែលចាត់ទុកជាចំណុចបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។
យោងតាមខ្លឹមសារដែលបានផ្សព្វផ្សាយពីទីភ្នាក់ងារព័ត៌មានជប៉ុន JIJI PRESS លោក Shunichi Suzuki បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែធ្នូ ថា លោកនឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសស្រីលង្កា និងកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ តទៅ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងប្រទេសអាស៊ី ២ នេះ។
តាមរយៈទីភ្នាក់ងារព័ត៌មានជប៉ុន JIJI PRESS ដដែល លោករដ្ឋមន្ត្រីហិញ្ញវត្ថុជប៉ុន បានលើកឡើងថា នៅប្រទេសកម្ពុជា លោកនឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី ដែលប្រទេសទាំង២ បានប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត នៅឆ្នាំ២០២៣ នេះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ថាលោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីការអញ្ជើញមករបស់លោក Shunichi Suzuki នេះនៅឡើយទេ ដោយលោកបានទទួលដំណឹងតាមរយៈការផ្សព្វផ្សាយព័ត៌មានពីអន្តរជាតិដូចគ្នា។
ប៉ុន្តែជុំវិញគម្រោងមកទស្សនកិច្ចនេះដែរ លោក ប៉ែន បូណា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ដោយរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុននេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ កាន់តែប្រសើរ ហើយក៏បង្ហាញផងដែរថា កម្ពុជានិងជប៉ុនបានបន្តកិច្ចសហប្រតិបត្តិការល្អ និងពង្រីកបន្ថែមដើម្បីប្រយោជន៍ប្រទេសទាំង២។
លោកបានថ្លែងបញ្ជាក់ថា៖ «ជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកច្រើននៅក្នុងការស្តារកម្ពុជាឡើងវិញ តាំងពីក្រោយរបបខ្មែរក្រហមមក ហើយឥឡូវនេះ ជប៉ុនក៏ដើរតួនាទីសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការនានាដែលផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា»។
លោក ប៉ែន បូណា បានបន្ថែមថា កម្ពុជានិងជប៉ុនបានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បន្ថែមទៀត ចាប់ពីពេលនេះទៅ ខណៈឯកអគ្គរាជទូតជប៉ុនក៏បានបញ្ជាក់ផងដែរថា ជប៉ុនស្នើឱ្យប្រជាពលរដ្ឋកម្ពុជាបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការជាមួយជប៉ុន រីឯនាយករដ្ឋមន្ត្រីកម្ពុជាវិញក៏ស្នើឱ្យប្រជាជនជប៉ុនគាំទ្រគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជាតទៅទៀត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Shunichi Suzuki មកកាន់កម្ពុជានឹងរួមចំណែកបន្ថែមលើការពង្រឹងចំណងការទូតទ្វេភាគីកម្ពុជា-ជប៉ុន ស្របពេលប្រទេសទាំង២ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្រាប់។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ជប៉ុននឹងពិចារណាជួយកម្ពុជាលើវិស័យច្រើនទៀត ជាពិសេសពាក់ព័ន្ធទៅនឹង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយកន្លងមកជប៉ុនក៏ជួយច្រើនលើវិស័យនេះ ទាំងក្នុងទម្រង់ជំនួយឥតសំណងក្តី កម្ចីសម្បទានក្តី។ ជប៉ុនមិនទាន់មានច្រើនទេលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនេះ ក្រៅពីកំពង់ផែទឹកជ្រៅមួយនៅខេត្តព្រះសីហនុ»។
លោក ភា ថ្លែងថា ជប៉ុនគួរពិចារណាមកវិនិយោគផ្ទាល់កាន់តែច្រើននៅកម្ពុជា តាមរយៈការដាក់រោងចក្រធំៗ វិស័យដឹកជញ្ជូន ឡូជីស្ទិក ជាដើម។
លោក គិន ភា ថ្លែងថា៖ «ខ្ញុំយល់ថាដំណើរទស្សនកិច្ចនេះ ចង់ ឬមិនចង់អាចស្ថិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ជប៉ុនក្នុងការទប់ទល់ឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម នៅកម្ពុជានិយាយដោយឡែក ព្រោះជប៉ុនជាសម្ព័ន្ធមិត្តអាមេរិក ហើយក៏ជាដៃគូប្រកួតប្រជែងក្នុងតំបន់ធំជាមួយចិនផងដែរ។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាតែងធ្វើពិពិធកម្មការទូត ហើយក៏បញ្ជាក់ថាកម្ពុជាមិនមែនរាប់អានតែចិនឡើយ»។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគិតត្រឹមរយៈពេល ១១ខែ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានទំហំប្រមាណជាង ១,៦ពាន់លានដុល្លារ ខណៈការកម្ពុជា នាំចេញទំនិញទៅជប៉ុនក្នុងទំហំ ជាង ១ពាន់លានដុល្លារ ហើយការនាំចូលទំនិញពីជប៉ុនមកកាន់កម្ពុជាវិញមានទំហំប្រមាណ ៥៧៣ លានដុល្លារ៕