ភ្នំពេញ : ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ប៉េង ហួត គ្រុប បាន​រៀបចំ​ដោយ​ជោគ​ជ័យ​នូវ​ព្រឹត្តិ​ការណ៍ CSX FUN RUN 2023 កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រោម​ប្រធាន​បទ «រត់​ដើម្បី​កុមារ​កម្ពុជា​»​។​

​ព្រឹត្តិ​ការណ៍​នេះ​ជា​ការ​បោះ​ជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​យុទ្ធ​នាកា​រ​ប្រចាំ​ឆ្នាំ​របស់ CSX ស្ដីពី​បរិស្ថាន សង្គម ​និង​អភិបាល​កិច្ច (ESG) ដោយ​បាន​ទាក់​ទាញ​អ្នក​ចូល​រួម​ជាង​៧០០​នាក់​មកពី​វិស័យ​ផ្សេងៗ រួម​ទាំង​មន្ត្រី​រដ្ឋាភិ​បាល ​អ្នកដឹក​នាំ​ធុរកិច្ច​ និង​អ្នក​វិនិ​យោគ​អន្តរ​ជាតិ​។​

​ការ​ជួប​ជុំ​នេះ​មាន​គោល​បំណង​ជំរុញ​គោល​បំណង​សំខាន់ៗ​ចំនួន​៤​ ដូចជា​ ការ​លើក​កម្ពស់​កីឡា​ និង​សប្បុ​រសធម៌​ ការ​រៃ​អង្គាស​ថវិកា​សម្រាប់​មូល​និធិ​គន្ធ​បុប្ផា ការ​បង្កើត​ឱកាស​បណ្តាញ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​ទីផ្សារ​មូល​បត្រ​។​

​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​ លោក​ស៊ូ សុជាតិ អគ្គ​នាយក​នៃ​និយត​ករ​មូល​ប​ត្រ​កម្ពុជា លោក​ហុង ​សុហួរ ​អគ្គនា​យក CSX និង​លោក​ គី ​សិទ្ធី​ តំណាង​ឱ្យ​មូលនិ​ធិ​គន្ធ​បុប្ផា​កម្ពុជា​។​

​លោក សុ​ហួរ ដែល​បាន​ធ្វើជា​អធិ​បតី​ក្នុង​កម្ម​វិធី Fun Run 2023 នៅ​ប៉េង​ហួត​បឹង​ស្នោ​បាន​ថ្លែង​នៅ​ថ្ងៃទី​២៣ ​ខែធ្នូថា៖ 
«ខ្ញុំ​ជឿ​ជាក់​ថា ​អ្នក​ដែល​ចូល​រួម​នៅ​ទីនេះ​សុទ្ធ​សឹង​តែ​ជា​អ្នក​ស្រឡាញ់​កីឡា​ ស្រឡាញ់​សុខ​ភាព​និង​ មាន​បេះ​ដូង​សប្បុ​រស​ធម៌​»។ 

លោក​បាន​បន្ដ​ថា អ្នក​ចូលរួម​សុទ្ធ​តែមាន​ចំណែក​ក្នុង​ការ​ជួយ​ផ្លាស់​ប្តូរជីវិត​កុមារ​កម្ពុជា​ជា​ច្រើន​រូប​ដែល​កំពុងតែ​ជួប​ប្រទះ​នូវ​បញ្ហា​​សុខ​ភាព​ផ្សេងៗ ក៏ដូច​ជា​មាន​ចំណែក​ជួយ​ធ្វើឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅក្នុង​សេដ្ឋ​កិច្ច​សង្គម​កម្ពុជា​ឱ្យ​កាន់​តែមា​ន​ភាព​ប្រសើរ​ឡើង​ពីព្រោះ​ការ​កសាង​អនា​គត​របស់​ប្រទេស​ជាតិ​ត្រូវការ​ចាំបាច់​នូវ​ធន​ធាន​ដែល​មាន​សមត្ថ​ភាព និង​សុខ​ភាព​ល្អ​។​

លោក សុ​ហួរ បាន​ពន្យល់​ថា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​និយាយ​ដោយ​សាមញ្ញ​ ទីផ្សារ​ភាគ​ហ៊ុន ​គឺជា​គ្រឹះស្ថា​នសាធា​រណៈ។ ​លោក​បាន​ពន្យល់​លម្អិត​អំពី​តួនាទី​២​របស់​ខ្លួន ​ទី១​-​ការ​ជួយ​ក្រុមហ៊ុន​នានា​ក្នុង​ការ​បង្កើន​ដើម​ទុន​ពី​សា​ធារ​ណជន​សម្រាប់​ការ​ពង្រីក​អាជីវ​កម្ម និង​ទី​២-​ការជួយ​សា​ធារណ​ជន​ឱ្យទ​ទួល​បាន​ប្រាក់​ចំណូល​បន្ថែម​តាម​រយៈ​ការវិនិ​យោគ​ភាគ​ហ៊ុន​។​

​លោក​បាន​បន្ថែម​ថា តួនាទី​ដ៏​សំខាន់​របស់​ផ្សារ​ហ៊ុន​ក្នុង​ការ​គាំទ្រនិង​បំផុស​ចលនា​បរិ​ស្ថាន ស​ង្គម​ និង​អភិ​បាល​កិច្ច (ESG) ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​។​
​លោក សុហួរ បាន​ថ្លែងថា​៖ «​កា​រលេង​កីឡា​គឺជា​ការវិនិ​យោគ​លើ​សុខ​ភាព​ ការបរិច្ចាគ​គឺជា​ការវិនិ​យោគ​លើ​ការកែ​ប្រែ​សង្គម​ឱ្យ​ល្អ​ប្រសើរ ឯ​ការ​ទិញ​ភាគ​ហ៊ុន គឺជា​ការ​វិនិ​យោគ​ដើម្បី​សេរី​ភាព​ហិរញ្ញ​វត្ថុ​នៅ​ពេល​អនា​គត»​។​

​​សមិទ្ធ​ផល​ដ៏​គួរឱ្យ​សរ​សើរ​នៃ​ព្រឹត្តិ​ការណ៍​ CSX FUN RUN 2023 នេះ​គឺ​ការ​ប្រមូល​ថវិកា​ចំនួន ៧​ ៧៧៧​ ដុល្លារ​ ដែល​នឹង​បរិច្ចាគ​ដល់​មូល​និធិ​គន្ធ​បុប្ផា ​ជា​សក្ខី​ភាព​បង្ហាញ​ពី​ទឹកចិត្ត​សប្បុ​រស និង​ការប្តេ​ជ្ញាចិត្ត​របស់​អ្នក​ចូល​រួម​។​

អ្នក​ចូល​រួម​ក៏​ទទួល​បាន​កាដូ​ រួម​ទាំង​រង្វាន់ និង​វត្ថុ​អនុស្សា​វរីយ៍​ចំនួន​៥៥រ​ង្វាន់ និង​ឱកាស​បើក​គណនី​ជួញ​ដូរ​ភាគ​ហ៊ុន​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​។​

​បន្ថែម​ពីលើ​នេះ លោក ស៊ូ សុជាតិ​ បាន​កត់​សម្គាល់​ពី​ការរីក​ចម្រើន​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ដែល​ប្រៀ​បធៀប​នឹង​ព្រឹត្ដិ​ការណ៍​រត់​ម៉ារ៉ា​តុង​ដើម្បី​សម្បុ​រស​ធម៌​នេះ​​។

លោក​បាន​បញ្ជាក់​​ថា​៖ «ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​និង​កំពុង​មាន​ភាព​ប្រសើរ​​ឡើង​គួរឱ្យកត់​សម្គាល់ ​ពោលគឺ​បាន​ផ្លាស់ប្តូ​រ​ពី​ការ​បោះ​ជំ​ហាន​ដើរ​បន្តិច​ម្ដងទៅជា​ការ​ចាប់​ផ្តើម​រត់ដែលមាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ម៉ារ៉ា​តុង​នេះ​ផង​ដែរ ហើយ​និយត​ករ​មូល​ប​ត្រ​កម្ពុជា ​នឹង​បន្តគាំ​ទ្រ ផ.ម.ក ដើម្បី​ពង្រីក​យុទ្ធ​នាការ​​ស្ទួយ​​បរិស្ថាន ​និង​សង្គមក៏ដូច​ជា​បង្កើត​ការ​យល់​​ដឹង​ជា​សាធា​រណៈ​ចំពោះ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​ផង​ដែរ»។ 

CSX Fun Run 2023 ជា​ព្រឹត្ដិកា​រណ៍​កីឡា​សម្បុរស​ធម៌​ដែល​អាជី​វក​ម្មសប្បុ​រសធ​ម៌និង​សហ​គមន៍​អាច​រួមគ្នា​សម្រាប់​បុព្វ​ហេតុ​កាន់​តែច្រើនដោ​យ​បង្ហាញ​ពី​ឥទ្ធិព​ល​​នៃកិច្ចខិ​តខំ​ប្រឹង​ប្រែង​រួមគ្នា​ក្នុងការ​ធ្វើឱ្យមា​ន​ភាព​ខុស​គ្នា​ជា​វិជ្ជមាន​ក្នុង​សង្គម​៕ ​