​ភ្នំពេញៈ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ​សុខ ​ធី ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រ​វាត់​ជាមួយ​អ្នក​ប្រដាល់​របស់​ចិន​Qing Fuhengនៅ​ក្នុង​ព្រឹត្តិ​ការណ៍ Cambodia Kun Khmer KKIF ដែល​នឹង​ធ្វើ​នៅ​សួន​ច្បារ​មាត់​បឹង​ខេត្ត​តាកែវ​ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ​ នា​ព្រលប់​ថ្ងៃទី​៣០ ខែធ្នូ​ ចំណែក​ ចាន់ ប៊ុន​ហឿន ​ដែល​ទើប​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ថ្មី​ថ្មោង​ ក៏បាន​បង្ហាញ​ពី​ទឹកចិត្ត​មោះ​មុត​ ក្នុង​ការ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​មកពី​ប្រទេស​ថៃ KritsanaSrisangក្នុង​ពេល​នោះ​ដែរ​។​

​សម្រាប់​ការ​បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​ដ៏​ចំណាស់​ជាង​គេ​របស់​ប្រទេស​កម្ពុជា​នេះ ​សុខ ​ធី ត្រូវ​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ជាមួយ​កីឡា​ករ​ចិន Qing Fuheng ហើយ​នេះ​ជា​ខ្សែ​ក្រវាត់​ទី​២ ដែល​អ្នក​រៀប​ចំ​កម្ម​វិធី​ Cambodia Kun Khmer KKIF ដាក់​ឱ្យ​ប្រកួត​ដណ្តើម ​បន្ទាប់​ពី​បាន​ដាក់​ខ្សែក្រ​វាត់​ទី​១ ឱ្យ​ប្រកួត​ដណ្តើម​នៅ​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃទី​១៦ ​ខែធ្នូ ហើយ​ ចាន់ ប៊ុន​ហឿន ជា​អ្នក​ឈ្នះ បន្ទាប់​ពី​រូបគេ​បាន​បុក​កែង​ឆ្វេង​ចូល​មុខ​កីឡា​ករ​ថៃ SakunthaiAphichet បណ្តាល​ឱ្យស​ន្លប់​ធំ​ត្រឹម​ទឹក​ទី​១​។​

​ចំពោះ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រ​វាត់​លើក​នេះ លោ​ក ស្រ៊ឺ ស្រេង អ្នក​ផ្គូ​ផ្គង​កីឡា​ករ​ក្នុង​កម្ម​វិធី ​Cambodia Kun Khmer KKIF បាន​ប្រាប់​កាល​ពី​រសៀល​ថ្ងៃទី​២៧ ខែ​ធ្នូ​ថា​៖ «​ជាធ​ម្មតា​កីឡាក​រ​បរទេស​ដែល​យើង​បាន​នាំ​យក​មក​ប្រកួត​ គឺ​យើង​បាន​ផ្ចិត​ផ្ចង់​យក​អ្នក​មាន​សមត្ថ​ភាព​ល្អៗ​ ចំណែក​កីឡាករ​ចិន​ ដែល​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​ សុខ ធី គឺ​គាត់​មិន​ធ្លាប់​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ទេ ប៉ុន្តែ​គាត់​ជា​ជើង​ឯក​ម្នា​ក់នៅ​ចិន ​ដែល​មាន​សមត្ថ​ភាព​ល្អ ​ហើយ​ក៏​ធ្លាប់​បាន​មក​ប្រកួត​នៅ​ថៃ​ច្រើន​លើក​ផង​ដែរ​ ហេតុ​នេះ​ការប្រកួត​នេះ​អាច​នឹង​មាន​ភាព​តាន​តឹង និង​ល្អ​មើល​»​។​

​ជា​មួយ​គ្នា​នេះ ម្ចាស់​ខ្សែក្រ​វាត់​ទម្ងន់​ ៦៥​ គីឡូក្រា​ម​របស់  Cambodia Kun Khmer KKIF ចាន់ ប៊ុន​ហឿន ​បាន​និង​កំពុង​បង្ហាញ​ការ​អន្ទះ​សា​ខ្លាំង​ក្នុង​ការ​ប្រកួត​ជា​មួយ ​KritsanaSrisang​។ បើ​ទោះបីជា​កីឡា​ករ​ថៃ​ម្នាក់​នេះ មាន​សមត្ថ​ភាព​ខ្លាំង ​និង​មាន​ជំនាញ​វាយ​ដៃ​ទទេ ​ហើយ​ជា​ម្ចាស់​ខ្សែក្រ​វាត់​BKFC របស់​ថៃក្ដី​ប៉ុន្តែ ប៊ុន​ហឿន មិន​បាន​បង្ហាញ​ការ​ខ្លាច​រអា​នោះ​ទេ ចំពោះ​ការ​ប្រកួត​លើក​នេះ​។​

កីឡាក​រ ​ចាន់ ​ប៊ុន​ហឿន បាន​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ​ដូចជា​អត់​មាន​ភ័យ​ឬ​បារម្ភ​អ្វី​នោះ​ទេ​ គឺ​បន់​ឱ្យតែ​ដល់​ថ្ងៃ​ប្រកួត​។ បើ​ទោះ​បីជា​​គេ​មាន​ខ្សែក្រ​វាត់​ ២ ​ទៅ​ ៣​ ខ្សែ ហើយ​ជា​កីឡាករ​ល្អ​លំដាប់​អ្វី​ក៏ដោយ ​គឺ​ឱ្យតែ​គីឡូ​ប៉ុន​គ្នា ខ្ញុំ​វ៉ៃ​ជូន​ឱ្យ​ទាំងអ​ស់ ព្រោះ​ការ​ប្រកួត​មួយ​ច្រក​ម្នាក់​ទេ​! បើ​មិន​គេ គឺ​យើង​»​។​

 ប៊ុន​ហឿន ​បាន​បន្ថែម​ថា​៖ «​បើ​យើង​ខ្លាច​ យើង​ភ័យ ​គ្រាន់តែ​គេ​មាន​ខ្សែ​ក្រវាត់​ ២ ​ទៅ​ ៣ គឺ​មិន​ចាំ​បាច់​ធ្វើជា​អ្នក​ប្រដាល់​ទេ ​ហើយ​ខ្ញុំ​ពេល​នេះក៏​មិន​ដូច​មុន​ដែរ​។ខ្ញុំ​បាន​ហ្វឹក​ហាត់​ដិត​ដល់​ អ៊ីចឹង​បើ​គ្មាន​ករណី​ភ្លាត់​ស្នៀត​កើត​ឡើង​ទេ ខ្ញុំ​វ៉ៃ​ឱ្យ​បង​ប្អូន​មើល ​ហើយ​ការជួប​គេ​ល្អ​បែបនេះ​ ក៏​ជា​រឿង​ល្អ​មួយ​ដែរ ​ដើម្បី​យើង​អាច​ដឹង​ពី​សមត្ថ​ភាព​ពិត​របស់​យើង​ថា វា​ឈាន​ទៅ​ដល់​កម្រិត​ណា​ឱ្យ​ប្រា​កដ​ ព្រោះ​បើ​វ៉ៃ​តែ​ជា​មួយ​អ្នក​ធម្មតាៗ​ យើង​នៅតែ​មិន​ដឹង​សមត្ថ​ភាព​ពិត​របស់​ខ្លួន​ឯង​ដដែល​ហ្នឹង​»​។
 
​ទន្ទឹម​នឹ​ងនេះ ​កីឡាករ​លំដាប់​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ​៦ ​នាក់​ទៀត ​ក៏ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ ក្នុង​កម្មវិ​ធី Cambodia Kun Khmer KKIF នៅ​ទី​រួម​ខេត្ត​តាកែវនៅ​​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ​ ក្នុង​នោះ​អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង ​រឿង សោ​ភ័​ណ្ឌ ត្រូវ​ជួប​កីឡាករ​របស់​ម៉ា​រ៉ុ​ក Oussama El Kouche ក្នុង​ទម្ងន់​ ៦៩ ​គីឡូ​ក្រាម​ រីឯ ធន់​ រិទ្ធី​ ត្រូវ​ប៉ះ​អ៊ីរ៉ង់ ​Mohammad Rahmani ក្នុង​ទម្ងន់​ ៧៣​ គីឡូ​ក្រាម​។

 ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឃីម បូរ៉ា ត្រូវ​ប្រកួត​ជា​មួយ​កីឡា​ករ​ឡាវ Ananthasak ក្នុង​ទម្ងន់​ ៦០ ​គីឡូ​ក្រាម ​ហើយ​ជើង​ថ្មី​កំពុង​ល្បី​ឈ្មោះ ​សំអឿន សុ​ផា ត្រូវ​ជួប​អ៊ីរ៉ង់ Seyedshaho ក្នុង​ទម្ងន់ ​៦៧​ គីឡូក្រា​ម ​រីឯ ឃ​ន សុនី ត្រូវ​ប៉ះ​កីឡាករ​របស់​កា​មេ​រូន Mbang Hen Eric ក្នុង​ទម្ងន់ ​៦៣,៥​ គីឡូក្រា​ម ​ខណៈនៅ​ វ៉ាន់​ថង ត្រូវ​តទល់​នឹង​កីឡា​ករ ​ArashShafaei ក្នុង​ទម្ងន់​៥៤​ គីឡូក្រា​ម ដោ​យ​កីឡា​ករ​បរទេស​ទាំង​២​នេះ បាន​ហ្វឹក​ហាត់​នៅ​ក្លិប Kun Khmer International Fight Gym (KKIF) របស់​លោក ​ស្រី ​ចាន់​ថន​៕