ភ្នំពេញៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) កំពុងពិនិត្យ និងពិភាក្សាដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលដឹកកម្មករនិយោជិតឱ្យទៅជារថយន្តដឹកអ្នកដំណើរដែលមានកៅអីអង្គុយត្រឹមត្រូវ សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ប្រសើរជាងមុន។
ការជំរុញបែបនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំស្ដីពីជម្រើសការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត ដែលមានកៅអីអង្គុយត្រឹមត្រូវ សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ប្រសើរជាងមុនដែលដឹកនាំដោយលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)។
លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងតាមរយៈហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែធ្នូថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីជម្រើសនៃការផ្លាស់ប្តូររថយន្តដឹកទំនិញដែលដឹកកម្មករនិយោជិតឈរទៅជារថយន្តដឹកអ្នកដំណើរដែលមានកៅអីអង្គុយត្រឹមត្រូវប្រសើរជាងមុន។
លោកបានថ្លែងថា៖ «សូមជំរុញដល់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ធ្វើយ៉ាងណាជំរុញរថយន្តដឹកកម្មករទាំងអស់ត្រូវរៀបចំឱ្យស្របតាមលក្ខណៈបច្ចេកទេសព្រមទាំងមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់»។
លោកគង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) បានឱ្យដឹងថា កន្លងមក ទោះបីនៅតាមរោងចក្រមួយចំនួនមានការផ្លាស់ប្ដូររថយន្តដឹកទំនិញសម្រាប់ដឹកកម្មករនិយោជិតទៅជារថយន្តក្រុងដែលមានសុវត្ថិភាពប្រសើរជាងហើយក្ដី ប៉ុន្តែសម្រាប់អ្នកបើកបរវិញ លោកមើលឃើញថា នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ឱ្យពេញលេញ ហើយក៏នៅមិនទាន់មានការពិនិត្យគ្រឿងរថយន្តរបស់ខ្លួនមុនពេលធ្វើដំណើរឱ្យល្អត្រឹមត្រូវដែរ។
លោកបានប្រាប់ថា៖ «ដូច្នេះអ្វីដែលពួកគាត់ជំរុញនេះ វាជារឿងល្អមួយ ប៉ុន្តែយើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងវិនិយោគបន្ថែមលើការងារសុវត្ថិភាពការធ្វើដំណើររបស់កម្មករនិយោជិត ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើកម្មករនេះ គឺជាជំងឺរ៉ាំរ៉ៃមួយ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ»។
លោក គង់ អាទិត្យ បានបន្ថែមថា ចំពោះការវិនិយោគបន្ថែមនេះ គឺសំដៅលើការពង្រីកវិសាលភាពការអនុវត្តទៅរោងចក្រផ្សេង តំបន់ផ្សេង ខេត្តផ្សេងទៀត ដែលទាក់ទងនឹងការផ្លាស់ប្ដូររថយន្តដឹកទំនិញមកជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាពប្រសើរជាងនេះ។
ចំណែកលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនេះ វាគឺជាបញ្ហាប្រឈមដ៏ចម្បងមួយដែលទាមទារចាំបាច់ឱ្យមានវិធានការកាន់តែខ្លាំងឡើងថែមទៀត ទោះបីកម្ពុជាកំពុងទទួលបានជោគជ័យលើបញ្ហាសុវត្ថិភាពចរាចរណ៍ខ្លះក៏ពិតមែន។
លោកបានបន្តថា កន្លងមក គ្រោះថ្នាក់ចរាចរណ៍វាច្រើនតែកើតឡើងទៅលើកម្មករដែលពួកគាត់ធ្វើដំណើរតាមរយៈរថយន្តរួមដឹកកម្មករ ប៉ុន្តែមកដល់បច្ចុប្បន្នរថយន្តរួមដឹកកម្មករបានថយចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ តែបែរជាមានការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករដែលពួកគាត់ធ្វើដំណើរតាមរយៈម៉ូតូផ្ទាល់ខ្លួនទៅវិញ។
លោកថា៖«ដូច្នេះហើយបានជាបញ្ហាសុវត្ថិភាពចរាចរណ៍ គឺត្រូវការវិធានការកាន់តែខ្លាំងឡើង និងត្រូវការការចូលរួមពីស្ថាប័នដែលពាក់ព័ន្ធកាន់តែច្រើនថែមទៀតដើម្បីចូលរួមគាំទ្រខិតខំធ្វើយ៉ាងណាផ្ដល់នូវសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវនៅក្នុងប្រទេសកម្ពុជាទាំងចំណោមកម្មករនិយោជិតក៏ដូចជាយុវជនដែលជាអ្នកបន្តវេន»។
បើតាមលោក គឹម បញ្ញា បច្ចុប្បន្នអង្គការលោកបានកំពុងអនុវត្តគម្រោងផ្លាស់ប្ដូររថយន្តដឹកទំនិញដឹកកម្មករនិយោជិតមកជារថយន្តក្រុងដែលមានសុវត្ថិភាពសម្រាប់ដឹកកម្មករនៅក្នុងរោងចក្រគោលដៅចំនួន៤៣ក្នុងរាជធានីខេត្តចំនួន៧រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម តាកែវនិងខេត្តស្វាយរៀង។
លោកបានបន្ថែមថា ទោះបីសកម្មភាពរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីផ្ដោតតែរោងចក្រចំនួន៤៣ក៏ពិតមែន តែក្នុងការជំរុញនិងការប្ដូររថយន្តនេះ អង្គការនឹងព្យាយាមធ្វើឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។
បើតាមអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតស្បែកជើងប្រមាណជាង៧០ម៉ឺននាក់ ដែលប្រឈមអាយុជីវិតខ្លួនឯងទៅនឹងហានិភ័យនៃការធ្វើដំណើរទៅមកកន្លែងការងារនៅលើដងផ្លូវដែលមានចរាចរណ៍កកស្ទះនិងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែករកចំណូលសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារខ្លួនឯង។
អង្គការដដែលបានបន្ថែមទៀតថា អ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាប្រមាណជាង២០ភាគរយ គឺជាកម្មករនិយោជិត ហើយក្នុងនោះមួយភាគធំគឺស្ដ្រីដែលបានស្លាប់ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕