ភ្នំពេញៈ ស្របពេលដែលព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៣-២០២៤ ខិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ដើម្បីរៀបចំតុបតែងលម្អទីតាំងសប្បាយឱ្យបានច្រើនជម្រើស និងត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិ។
នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ»នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ លោក ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ដោយឈរលើមូលដ្ឋាននៃព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៣- ២០២៤ កាន់តែខិតជិតចូលមដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លោកបានផ្តល់នូវអនុសាសន៍ចំនួន៣ ចំណុច ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យអធិអធម និងបរិយាកាសប្បាយរីករាយ។
លោកបានថ្លែងថា៖ «ក្រសួងទេសចរណ៍ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ដើម្បីរៀបចំតុបតែង លម្អទីតាំងសប្បាយឱ្យបានច្រើនជម្រើស បម្រើជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកល។ ជាពិសេសទីតាំងដែលរាប់ថយក្រោយ(Countdown) និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់វិស័យតាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី សម្តែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងការកម្សាន្តផ្សេងៗ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក»។
លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំល្អជាងគេប្រចាំឆ្នាំ ( BestCountdown City of The Year) ដោយត្រូវពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណពិសេសសំខាន់ៗ ដូចជា សន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ការតុបតែលម្អ ជម្រើសទីតាំងកម្សាន្ត ភាពពេញចិត្ត និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះគឺជាផ្នែកមួយនៃការលើកកម្ពស់នៃវិស័យទេសចរណ៍។
លោកបានបន្តថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តនានា ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹង ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសកលខាងមុខ»។
លោក ហ៊ុន ម៉ាណែតថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានភាពសប្បាយរីករាយ។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី បានណែនាំ ឱ្យអាជ្ញាធរកម្លាំងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេសថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ប្រឆាំងនូវបទល្មើសគ្រប់បែបយ៉ាង ពង្រឹងការអនុវត្តគោលនយោយបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។
លោកសង្កត់ធ្ងន់ថា៖«ជាពិសេសប្រឆាំងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាលុបបំបាត់នូវភាពអសកម្ម ភាពហានិភ័យដល់ប្រជាពលរដ្ឋ ដើម្បីរក្សារាជធានីភ្នំពេញ ទៅជាកន្លែងដែលរស់នៅដោយផាសុកភាព និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត»។
នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែធ្នូនេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានលើកឡើងថា អង្គសន្និបាត បានលើកយកមកពិភាក្សា ចូលរួមមតិយោបល់ និងអនុសាសន៍នានា សម្រាប់ជាធាតុចូលសំខាន់បន្ថែមទៀត សម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤ ទាំងវិស័យទេសចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
លោកបានថ្លែងថា៖«ទិសដៅរបស់រដ្ឋបាលខេត្តរួមមាន ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្ត ការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត និងដោះស្រាយបញ្ហាប្រឈមមួយចំនួន»។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជាប្រាប់ឱ្យដឹងដែរថា ការផ្តល់អនុសាសន៍របស់នាយករដ្ឋមន្ត្រី ដើម្បីជាសារក្រើនរំឭកបន្ថែមដល់អាជ្ញាធរឱ្យមានការរៀបព្រឹត្តិការណ៍ឆ្លងឆ្នាំសកលជាពិសេសរាជធានីខេត្តដែលកំពុងមានសក្តានុពលទេសចរណ៍។
លោកបាននិយាយថា៖«សង្កេតឃើញឥឡូវនេះមានការៀបចំច្រើននៅតាមបណ្តាខេត្ត ហើយនៅខេត្តសៀមរាបឃើញថាមានការៀបចំតាំងភ្លើងជាបណ្តើរៗ ដូច្នេះយើងជឿជាក់ថា៣ថ្ងៃមុនឆ្នាំសកលនឹងមានភ្ញៀវដើរកម្សាន្តច្រើនទាំងភ្ញៀវបរទេស និងក្នុងស្រុក»។
ទន្ទឹមនឹងនេះលោកក៏បានសំណូមពរដល់ប្រតិបត្តិករទេសចរណ៍ ពោលម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាននានា ទទួលសេវាកម្មប្រកបដោយគុណធម៌ និងសុចរិត ចៀសវាងរកស៊ីកេងប្រវ័ញ្ចភ្ញៀវទេសចរ។
លោក ហូ វណ្ឌី បានបន្ថែមថា៖«ព្រោះអំឡុងពេលនេះពលរដ្ឋទៅដើរកម្សាន្តជាលក្ខណៈគ្រួសារច្រើន អ៊ីចឹងកុំឱ្យអ្នកប្រកបរបរទេសចរណ៍យកថ្លៃហួសហេតុ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ជាពិសេសំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរដល់កន្លែងណា រក្សាអនាម័យ បរិស្ថាន នៅកន្លែងនោះទើបទាក់ទាញភ្ញៀវទេសចរជានិរន្តរភាព»។
សូមជម្រាបថា ការប្រកួតប្រជែង «ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងប្រចាំឆ្នាំ២០២២ កន្លងទៅជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣ បានជាប់ជយលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕