ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល ពង្រឹងវិធានការសុខាភិបាល ជំរុញសេវាពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរ និងបង្កើនកម្រិតសមត្ថភាពនៃការព្យាបាលជូនពលរដ្ឋ ដោយត្រូវរៀបចំជាផែនការសកម្មភាព ដើម្បីដាក់ឱ្យអនុវត្តតែម្តង។លោកបានលើកឡើងដូចនេះ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
លោកបានថ្លែងថា៖ «ខ្ញុំបានជួបជាមួយនឹងឯកឧត្តមឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមកាងារដើម្បីពិភាក្សាពង្រឹងវិធានការគន្លឹះនៅក្នុងវិស័យសុខាភិបាលនៅតាមមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពង្រឹងពេទ្យបង្អែកកម្រិត១ កម្រិត២ កម្រិត៣ ដោយរៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត ដោយធ្វើយ៉ាងណាជំរុញមណ្ឌលសុខភាព ពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅដល់អ្វីដែលប្រជាពលរដ្ឋត្រូវការ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា ត្រូវបង្កើនកម្រិតសមត្ថភាពនៅក្នុងការព្យាបាលជូនប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់ការព្យាបាលគឺជាតំណាក់កាលចុងក្រោយ ដែលដំណាក់កាលសំខាន់បំផុតរបស់រាជរដ្ឋាភិបាលគឺត្រូវធ្វើយ៉ាងម៉េចបង្ការនូវការឈឺថ្កាត់របស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ៖ «ការបង្ការការឈឺតាមរយៈការខិតខំបង្កើនសេដ្ឋកិច្ចដើម្បីឱ្យពួកគាត់ទទួលបានអាហារូបត្ថម្ភល្អ។ អ៊ីចឹងការបង្ការ និងការការពារប្រជាពលរដ្ឋយើងតាមរយៈការបង្កើនអាហារូបត្ថម្ភ ធានានូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែល្អ»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាគោលដៅសំខាន់ បើសិនជាការពារមិនបាន ត្រូវព្យាបាល ដោយត្រូវបង្កើតប្រព័ន្ធសុខាភិបាល ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន សុខភាពល្អ។
«នេះជាគោលដៅធំដែលយើងបានធ្វើក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋយើង។ នេះជាអ្វីដែលជាការប្តេជ្ញាចិត្តរបស់យើង»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ុន ម៉ាណែត។
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូដែរថា ទាំងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត គឺតែងតែអនុវត្តទៅតាមគោលការណ៍ណែនាំឬអនុសាសន៍របស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត។
លោកបានបន្តថា សម្រាប់ខេត្តព្រះវិហារ មានមន្ទីរពេទ្យបង្អែកចំនួន២ មណ្ឌលសុខភាពចំនួន ៣០ និងប៉ុស្តិ៍សុខភាពចំនួន១៦ ខណៈដែលសេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែក និងនៅក្នុងមណ្ឌលសុខភាពទាំងនោះ គឺបម្រើជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល គឺយើងតែងតែជំរុញនូវការផ្ដល់សេវាជូនទៅដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយសមធម៌ ហើយនិងប្រកបដោយសុវត្ថិភាព ដែលយើងតែងតែធ្វើជាប្រចាំ។ ជាពិសេសយើងបានចុះទៅផ្ទាល់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីឱ្យក្រុមគ្រូពេទ្យបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ»។
បើតាមលោក គួង ឡូ ជាមួយនឹងការជំរុញបន្ថែមពីសំណាក់នាយករដ្ឋមន្ត្រី និងពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត នឹងចុះទៅធ្វើការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ឱ្យកាន់តែមានសមត្ថភាពថែមទៀត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ចំណែកលោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏បានឱ្យដឹងដែរថា ការវិនិយោគរបស់រាជរដ្ឋាភិបាលទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាការចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ។
លោកបានថ្លែងថា៖ «កាលណាប្រជាពលរដ្ឋយើងមានសុខភាពល្អ អញ្ចឹងការជួយដល់សេដ្ឋកិច្ចក៏មានលក្ខណៈល្អប្រសើរផងដែរ ហើយតាមរយៈការវិនិយោគហ្នឹង ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រូវធ្វើយ៉ាងម៉េចចាត់វិធានការថែរក្សាសុខភាពកុមារនៅតាមសាលារៀន ជាពិសេសការគ្រប់គ្រងចំណីអាហារ»។
លោក យី គឹមថាន បានបន្ថែមទៀតថា ការគ្រប់គ្រងអាហារូបត្ថម្ភបានល្អ វាក៏ចូលរួមចំណែកទប់ស្កាត់អត្រាឈឺ និងឆ្លងជំងឺផ្សេងៗ ជាពិសេសគឺចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕