បាត់ដំបងៈ ប្រព័ន្ធប្រកាសអាសន្ន សាកល្បងដំបូងគេនៅកម្ពុជាពីគ្រោះមហន្តរាយ ត្រូវបានបំពាក់នៅតាមដងស្ទឹងសង្កែក្រុងបាត់ដំបង ដើម្បីផ្តល់ដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលប្រព័ន្ធនេះមានមេក្រូប្រកាសអាសន្នស្វ័យប្រវត្តិ នៅពេលដែលទទួលបានដំណឹងពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ថា ការបំពាក់នូវប្រព័ន្ធប្រកាសអាសន្ននេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលវាជាប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ ក្នុងការជួយដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ឱ្យរួចពីគ្រោះធម្មជាតិតាមរយៈការត្រៀមខ្លួនជាមុន។
លោកបានប្រាប់ឱ្យដឹងថា៖«នេះជាការបំពាក់សាកល្បង និងដំបូងគេ នៅក្រុងបាត់ដំបង ដោយខេត្តដទៃទៀតមិនទាន់មានបំពាក់នៅឡើយទេ ហើយគម្រោងនេះ ជាគម្រោងរបស់អង្គការ People In Need ឬហៅកាត់ថា PIN ដែលមានការសហការពីយើងក្នុងការបំពាក់ប្រព័ន្ធនេះ»។
លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា គម្រោងក៏មានបំណងបំពាក់ប្រព័ន្ធនេះ នៅតាមបណ្តាខេត្តងាយរងហានិភ័យផ្សេងទៀតដែរ ជាពិសេសតំបន់ទេសចរណ៍ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផលប៉ះពាល់ផ្សេងៗនៅតំបន់ទាំងនោះ ដោយទិសដៅបន្ត គម្រោងនឹងពង្រីកនៅក្នុងករណីដែលមានថវិកាគ្រប់គ្រាន់។
ជាមួយគ្នានោះដែរ លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានថ្លែងថា ប្រព័ន្ធប្រកាសអាសន្ននេះ គឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីជូនដំណឹងទៅកាន់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀត។
លោកបញ្ជាក់ថា៖«ប្រព័ន្ធនេះ មានមេក្រូជាឧបករណ៍ប្រកាសអាសន្នស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បន្ទាប់ពីការទទួលបានសារប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់មេក្រូបញ្ជូនសំឡេងសារទៅកាន់ប្រព័ន្ធបន្លឺសំឡេងអេឡិចត្រូនិករបស់មេក្រូ ហើយប្រជាជនរស់នៅក្នុងតំបន់គោលដៅនឹងឮសារប្រកាសចេញពីមេក្រូដោយស្វ័យប្រវត្តិ។ សារប្រកាសឱ្យដឹងមុនអាចផ្សាយសារទៅកាន់ប្រជាជនក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រការ៉េ នៃទីតាំងដែលបានដំឡើងនោះ»។
លោកបានបន្តថា ប្រព័ន្ធប្រកាសអាសន្ននេះ ក៏ទទួលជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការកសាងភាពធន់សហគមន៍មូលដ្ឋានទាក់ទងនឹងការប្រែប្រួលអាកាសធាតុជាការងារអាទិភាពមួយក្រោមការគាំទ្រពីក្រសួងបរិស្ថាន។
លោកស្រីបានបញ្ជាក់ថា៖«ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ គឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជាទឹកជំនន់និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារៈសំខាន់ណាស់ អាចផ្តល់ដំណឹងដលពលរដ្ឋយល់ដឹងនឹងត្រៀមខ្លួនជាមុនឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម»។
លោកស្រីបន្តថា រហូតមកដល់ពេលនេះក្រៅពីកំពុងអនុវត្តនៅសង្កាត់ស្លាកែត មានទីតាំងចំនួន ៣ ផ្សេងទៀតនៅក្រុងបាត់ដំបងដែលបានបំពាក់ប្រព័ន្ធប្រកាសអាសន្នជាមុន ដើម្បីការពារគ្រោះមហន្តរាយពីធម្មជាតិនេះ៕