ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់អគ្គស្នងការនគរបាលជាតិ ឱ្យរៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។
ការណែនាំរបស់លោក ស សុខា នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ និងស្របពេលដែលក្រសួងមហាផ្ទៃ កំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងារ របស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។ នេះបើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
មុននឹងឈានដល់ការបណ្តុះបណ្តាលប្រជាការពារ លោក ស សុខា ក៏បានស្នើអគ្គស្នងការនគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេលើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។
លោក ស សុខា បានថ្លែងថា ៖ «យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀតតាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់»។
លោកជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម បានថ្លែងនៅថ្ងៃទី២៧ ខែធ្នូដោយលោកបានគាំទ្រចំពោះការស្នើរបស់លោក ស សុខា ឱ្យមានការបណ្តុះបណ្តាលប្រជាការពារតាមភូមិ ឃុំ សង្កាត់ ព្រោះការជ្រើសរើសប្រជាការពារនាពេលកន្លងមក គឺដោយការស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសរួមចំណែកដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយទទួលបានការគាំទ្រជាសម្លៀកបំពាក់ និងសម្ភារផ្សេងៗពីក្រុមការងារគណបក្សចុះជួយមូលដ្ឋាន និងសប្បុរសជនផ្សេងៗ។
លោក ជ័យ តិច បានថ្លែងថា៖«ការបណ្តុះបណ្តាលប្រជាការពារនេះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគាត់យល់ថា ក្នុងនាមប្រជាការពារមានសារៈសំខាន់បែបណា សម្រាប់ការការពារសុវត្ថិភាព នៅក្នុងមូលដ្ឋាន និងចូលរួមចំណែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាឱ្យពួកគាត់បានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ពួកគាត់ មានព្រំដែន អ្វីដែលគាត់ធ្វើបាន និងមិនអាចធ្វើបានជាដើម»។
ជុំវិញបញ្ហានេះដែរ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ក្រោយទទួលបានការណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងរៀបចំផែនការបណ្តុះបណ្តាល ប៉ុន្តែការរៀបចំរបៀបណានោះ មិនទាន់អាចធ្វើអត្ថាធិប្បាយបានទេ។
ប្រជាការពារ មិនមែនជាមន្ត្រីសាធារណៈ ឬនគរបាលយុត្តិធម៌ទេ ដូច្នេះការបណ្តុះបណ្តាលជូនពួកគាត់ត្រឹមតែកម្រិតការយល់ដឹងពីការគ្រប់គ្រងកម្លាំង ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសធ្វើយ៉ាងណាឱ្យពួកគាត់យល់ដឹងពីផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈជាអាទិភាព និងរួមចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន។
លោក ឆាយ គឹមខឿន បានថ្លែងថា៖ «យើងមិនអាចបណ្តុះបណ្តាលគាត់ឱ្យដូចនគរបាលបានទេ យើងអាចបណ្តុះបណ្តាលគាត់ឱ្យយល់ដឹងពីសណ្តាប់ធ្នាប់ ពីច្បាប់ចរាចរណ៍ជាដើម។ យើងកំពុងតែរៀបចំនូវគ្រូបង្គោលដោយឱ្យគាត់យល់ដឹងក្នុងកម្រិតណាមួយព្រោះកន្លងមក យើងក៏ធ្លាប់បានបណ្តុះបណ្តាលដែរ នៅតាមភូមិ ដែលមានមេប៉ុស្តិ៍ជាអ្នកបណ្តុះបណ្តាលពួកគាត់ឱ្យយល់ដឹងពីការការពារ និងសហការ ហើយកិច្ចការនោះ មេប៉ុស្តិ៍ជាអ្នកគ្រប់គ្រង»។
បើតាម លោក ឆាយ គឹមខឿន ការងារលើកនេះ អាចឱ្យបណ្ឌិតសភានគរបាល ជាអ្នកបណ្តុះបណ្តាល តែយ៉ាងណា រង់ចាំមើលផែនការដាក់ចេញសិន។
ចំណែក លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញថ្លែងថា លោកមិនទាន់អាចធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការបណ្តុះបណ្តាលប្រជាការពារនេះទេ ដោយរង់ចាំថ្នាក់លើបើកប្រជុំដាក់ចេញនូវផែនការថា ត្រូវបណ្តុះបណ្តាលបែបណានោះជាមុនសិន។
បើតាមក្រសួងមហាផ្ទៃ កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ ចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍តាមភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងប្រជាការពារក៏បានដើរតួនាទីរួមចំណែកបំពេញការងារ ជាកម្លាំងសន្តិសុខបម្រើឱ្យការបោះឆ្នោតបានយ៉ាងល្អផងដែរ៕