បាត់ដំបង: សំរាមកាកសំណល់សរីរាង្គ ប្លាស្ទិក និងផលិតផលឧស្សាហកម្មជាច្រើនដែលបានប្រមូលពីតំបន់ទីក្រុង ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងចាក់សំរាមទំហំ ៨ ហិកតា ដែលវាបានបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ ដោយសារវាស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត នៃក្រុងបាត់ដំបង។
ការកើនឡើងបរិមាណនៃកាកសំណល់បង្កបញ្ហាប្រឈមផ្នែកបរិស្ថាន និងសុខភាព ដែលទាមទារឱ្យមានដំណោះស្រាយ ការគ្រប់គ្រង និងការចោលប្រកបដោយប្រសិទ្ធភាព។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា៖ «ទីតាំងចាស់ដែលក្លាយជាតំបន់ក្រុងនេះលែងអាចរក្សាទុកសំរាមបានទៀតហើយ ដោយសារវាអាចជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ»។
នៅទីលានចាក់សំរាមក្នុងសង្កាត់ស្លាកែត បុគ្គលក្នុងឯកសណ្ឋានបាននាំគ្នាប្រមូលនិងកែច្នៃប្លាស្ទិក ដោយការបកស្ទិកឃ័រ ខ្លះកៀប ហើយខ្លះទៀតកិនប្លាស្ទិកបំបែកពីឧបករណ៍អេឡិចត្រូនិកយ៉ាងញាប់ដៃញាប់ជើង។
លោក ពិសិដ្ឋ បាននិយាយថា៖ «ការងាររបស់ពួកគេគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនៃការគ្រប់គ្រងកាកសំណល់ និងដើម្បីជំរុញឱ្យមានវដ្តនៃការប្រើប្រាស់ និងការប្រើប្រាស់ឡើងវិញប្រកបដោយនិរន្តរភាព»។
ទោះបីជាសំរាមភាគច្រើនត្រូវបានកែច្នៃឡើងវិញក៏ដោយ ក៏សំរាមក្នុងបរិវេណទីតាំងនៃទីក្រុងនេះធ្វើប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅជុំវិញ។ដោយទទួលស្គាល់បញ្ហាប្រឈមទាំងនេះ ការអភិវឌ្ឍយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ គឺទីតាំងបំបែកសំរាមជាវត្ថុធាតុដើមសម្រាប់ផលិតជាសម្ភារប្រើប្រាស់ឡើងវិញត្រូវបានបង្កើតជារូបរាងឡើងក្នុងខេត្តបាត់ដំបង។
គម្រោងនេះមានតម្លៃសាងសង់ ៦,២៨ លានដុល្លារអាមេរិក ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ និងបញ្ចប់នៅថ្ងៃទី ៤ មេសា ឆ្នាំ ២០២២។មានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ទីលានចាក់សំរាមនេះជាការបោះជំហានថ្មីទៅរកការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាពក្នុងតំបន់។ នៅលើផ្ទៃដីទំហំជិត ៣ ហិកតា ទីលានអាចផ្ទុកសំរាមបានជាង ៣១ ម៉ឺនម៉ែត្រគុប និងជាផ្នែកមួយនៃផ្ទៃដីទាំងមូលទំហំ ២០,៨០ ហិកតា។
លោក ពិសិដ្ឋ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងសំណល់រឹងដោយបង្ហាញពីសក្តានុពលនៃការប្រើប្រាស់សំរាមលើសពីសំណល់រំខានចិត្ដប្រជាពលរដ្ឋ។
លោក ពិសិដ្ឋ បានថ្លែងថា៖ «យើងទាញផលប្រយោជន៍ពីសំរាមបានប្រមាណ ៧០ ភាគរយ ដោយបំប្លែងទៅជាជីកំប៉ុស បំប្លែងប្លាស្ទិកដែលបំពុលបរិស្ថានសម្រាប់ប្រើប្រាស់ឡើងវិញ។ នេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន»។
ដោយទទួលបានកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីលានចាក់សំរាមដែលដំណើរការបានរយៈពេល ៣ ខែមកនេះ មានសមត្ថភាពផ្ទុកសំរាមបាន ១០ ឆ្នាំទៅមុខទៀត។
ជាមធ្យម ទីលានចាក់សំរាមថ្មីនេះទទួលសំរាមប្រមាណ ១០០ តោនក្នុង ១ ថ្ងៃ និងមានគោលដៅប្រមូលសំរាមពីឃុំ ស្រុកនៅតំបន់ជុំវិញ ដោយប្រែក្លាយជាទីលានមួយនេះ ទៅជាទីលានកប់សំរាមកម្រិតតំបន់។
លោក ពិសិដ្ឋ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងដៃគូរបស់ ADB ក្នុងការកាត់បន្ថយចំនួនកន្លែងចាក់សំរាម កាត់បន្ថយផលប៉ះពាល់បរិស្ថានពាក់ព័ន្ធនឹងសំរាម និងក្លិនស្អុយ។
ការអភិវឌ្ឍទីក្រុង និងឧស្សាហកម្មយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យមានការកើនឡើងនៃបរិមាណសំណល់រឹងដែលបានបង្កើតនៅក្នុងទីក្រុង ឧទាហរណ៍ ទីក្រុងបាត់ដំបងជាដើម។ នេះបើយោងតាមនាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma។
ជាលទ្ធផល អាជ្ញាធរមូលដ្ឋានបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសំរាមក្នុងស្រុកមួយឈ្មោះ «Leap Lim Garbage Co. Ltd.»។ ដើម្បីជួយប្រមូល និងកែច្នៃសំណល់ប្លាស្ទិកដោយប្រើ «ទីតាំងបំបែកសំរាមជាវត្ថុធាតុដើមសម្រាប់ផលិតសម្ភារប្រើប្រាស់ឡើងវិញ»នេះដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិហេដ្ឋារចនាសម្ព័ន្ធបរិស្ថានទីក្រុង និងគ្រប់គ្រងដោយ ADB។
លោកស្រី Varma បានឱ្យដឹងថា៖ «ចាប់តាំងពីប្រតិបត្តិការនៃទីលានចាក់សំរាមនេះមក វាបានជួយកាត់បន្ថយកាបូនឌីអុកស៊ីត តាមរយៈការបំបែក និងកែច្នៃសំណល់ប្លាស្ទិក ដែលជាក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា»។
លោកស្រីថា អាជ្ញាធរមូលដ្ឋានទទួលស្គាល់តួនាទីសំខាន់របស់គ្រឹះស្ថាននេះក្នុងការជួយលើកកម្ពស់អនាម័យនិងបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ប្លាស្ទិកក្នុងក្រុងបាត់ដំបង។
លោកស្រី Varma បានបន្ដថា៖«ជាមួយនឹងការវិនិយោគទឹកប្រាក់ ៥៥ ម៉ឺនដុល្លារ ទីលាននេះបានក្លាយជាទីតាំងលើកកម្ពស់អនាម័យ និងស្តង់ដាបរិស្ថានក្នុងតំបន់»។
វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនមុខ ចាប់ពីការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុដល់ការជំរុញការងារក្នុងសហគមន៍។ នេះបើតាមមន្ដ្រីជាន់ខ្ពស់មកពី ADB រូបនេះ។
លោកស្រីបានគូសបញ្ជាក់អំពីសមត្ថភាពទីលានថ្មីនេះ ដែលអាចបម្រើប្រជាជនប្រមាណ ១២៨ ០០០ នាក់ ដោយផ្ដោតលើយុទ្ធសាស្ត្រជំរុញទីផ្សារកែច្នៃប្លាស្ទិកផ្សេងៗ បង្កើនវិស័យកសិកម្មតាមរយៈការផលិតជីកំប៉ុស និងទប់ស្កាត់ការប្រមូលផ្តុំកាកសំណល់ដែលមិនអាចបំបែកបានផងដែរ។
លើសពីអត្ថប្រយោជន៍សេដ្ឋកិច្ច លោកស្រី Varma បានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់របស់ទីលានចាក់សំរាមក្នុងការថែរក្សាអនាម័យទីក្រុង និងអេកូឡូស៊ី ដែលធ្វើឱ្យបាត់ដំបងមិនត្រឹមតែមាននិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងមានកន្លែងរស់នៅដ៏ផាសុកភាពផងដែរ។
ការសង្កេតរបស់លោកស្រីបានបង្ហាញថា ទោះបីជា ថវិកាមានកម្រិតក៏ដោយ ក៏ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងកាកសំណល់ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍ និងបរិស្ថាន។លោកស្រី បានថ្លែងទៀតថា៖ «ទីលានចាក់សំរាមនេះកំពុងផ្តល់ឱកាសការងារដល់សហគមន៍មូលដ្ឋានដែលមានកម្មករចំនួន ១៣ នាក់ក្នុងនោះមានស្ត្រី ៦ នាក់»។
វាក៏កំពុងរួមចំណែកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុដោយជួយបំបែក គ្រប់គ្រង និងកែច្នៃកាកសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។កាកសំណល់ប្លាផ្លាស្ទិកអាចនៅក្រោមដីបានយូរណាស់ ហើយវាអាចបញ្ចេញសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទៅក្នុងដីជុំវិញដែលបន្ទាប់មកអាចជ្រាបចូលទៅក្នុងទឹកក្រោមដី ឬប្រភពទឹកជុំវិញផ្សេងទៀត ព្រមទាំងប្រព័ន្ធអេកូឡូស៊ីផងដែរ។ នេះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រភេទសត្វ និងមនុស្សដែលផឹកទឹក។
លោក ពិសិដ្ឋ បានរៀបរាប់អំពីទីលានចាក់សំរាមថ្មីនេះថា វាមានអគាររដ្ឋបាល អគារញែកសំរាម អគារសម្រាប់ថ្លឹងយានយន្ដដឹកសំរាមចូល ទីកន្លែងលាងសម្អាតរថយន្ដ អគាររោងជាង អគារសម្រាករបស់បុគ្គលិកញែកសំរាម ក៏ដូចជាស្រះ ៤ សម្រាប់ធ្វើប្រព្រឹត្ដិកម្មទឹករងៃច្រោះមុនពេលបង្ហូរចេញទៅខាងក្រៅក្នុងការស្រោចស្រពដំណាំនិងការទាញយកហ្គាសពីសំរាមទាំងនោះ។
លោកបានថ្លែងថា៖ «រយៈពេល ១០ ឆ្នាំទៅមុខ សំរាមដែលកប់នៅទីនេះ អាចប្រែក្លាយទៅជាជីកំប៉ុស។ ប៉ុន្ដែបើយើងមិនយកមកធ្វើជាជីទេ វានឹងក្លាយទៅជាកូនភ្នំមួយ ដែលអាចដាំដើមឈើ ដោយប្រែក្លាយទៅជាទីលានបៃតង»។
គម្រោងទីលានថ្មីនេះបានផ្ដល់សោភណភាពដល់ក្រុងបាត់ដំបងទាក់ទាញភ្ញៀវទេសចរ ការវិនិយោគឧស្សាហកម្មរោងចក្រផ្សេងៗនិងបានចូលរួមចំណែកបង្កើតការងាររាប់រយនាក់ចាប់ពីអ្នកបម្រើសេវាកម្មប្រមូលសំរាម ដឹកជញ្ជូនសំរាម កប់ ញែក និងដាំដើមឈើជាដើម។
លោក ពិសិដ្ឋ បានលើកឡើងថា លោកស្នើឱ្យប្រជាពលរដ្ឋចូលរួមក្នុងការងារទុកដាក់ និងញែកសំរាម ដោយការវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ វាជាកិច្ចការមួយត្រូវធ្វើរួមគ្នា និងសម្អាតរួមគ្នាគ្រប់ជាន់ថ្នាក់ទាំងពីថ្នាក់ដឹកនាំរហូតដល់កុមារ៕