តាកែវៈ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមេត្រីភាព ដើម្បីធ្វើកិច្ចសហការលើវិស័យសិល្បៈ វប្បធម៌ និងទេសចរណ៍ ជាមួយនឹងថ្នាក់ដឹកនាំក្រុងវីហ្វាង ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។នេះបើយោងតាមការផ្សព្វផ្សាយឱ្យដឹងពីរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។
រដ្ឋបាលខេត្តតាកែវបានលើកឡើងថា រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែធ្នូ អភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូទៅទស្សនកិច្ចទីក្រុងវីហ្វាង ខេត្តសានទុង ប្រទេសចិន ដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមេត្រីភាពលើវិស័យសិល្បៈ វប្បធម៌ និងទេសចរណ៍។
ក្នុងដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូក៏បានជួបពិភាក្សាការងារជាមួយបណ្តាតំណាងក្រុមហ៊ុននានានៅក្នុងខេត្តសានទុង ចំនួន ១៦ ក្រុមហ៊ុន ដើម្បីទាក់ទាញអ្នកវិនិយោគចិនមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសខេត្តតាកែវ តាមរយៈការធ្វើបទបង្ហាញពីសក្តានុពលរបស់ខេត្ត។
ទាក់ទងនឹងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តតាកែវ និងភាគីចិននេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ខេត្តតាកែវគឺជាខេត្តដែលជាទីតាំងនៃការកើតឡើងនៃកម្ពុជាជាលើកដំបូង គឺនគរគោកធ្លក ហើយការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ តភ្ជាប់ទំនាក់ទំនងនេះ គឺធ្វើយ៉ាងណាឱ្យទេសចរចិនចូលមកកាន់កម្ពុជាកាន់តែច្រើនគឺជារឿងល្អ។
ប៉ុន្តែលោកថា៖ «កន្លងមក យើងឃើញមានការចុះកិច្ចព្រមព្រៀងជាមួយចិននេះ បានត្រឹមតែចុះកិច្ចព្រមព្រៀងទេ ប៉ុន្តែការអនុវត្តវិញ ហាក់ដូចជានៅមានកម្រិតនៅឡើយ។ ដូច្នេះ ខ្ញុំស្នើឱ្យរដ្ឋាភិបាលចិន អនុវត្តកិច្ចព្រមព្រៀងនេះឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ចិន និងកម្ពុជានៅជាមួយគ្នា និងជាដៃគូដ៏រឹងមាំរបស់កម្ពុជា»។
សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ក្នុងនោះក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំង ២ បានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសក្នុងពេលថ្មីៗភាគីទាំង ២ បានឈានដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងទំនាក់ទំនងដែកថែប៕