ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប ជាមួយនឹងក្រុមហ៊ុនឯកជនចិនមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។
អនុប្រធានទី១ CDC និងជាប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ២៦ ខែធ្នូ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូងរបស់គណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយនឹងក្រុមហ៊ុន China Metro Group ដើម្បី សិក្សាពីតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ ដែលជាបុរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរជាតិអប្សរា។ នេះបើតាមហ្វេសប៊ុក របស់លោក ស៊ុន ចាន់ថុល។
លោក ចាន់ថុល បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងចៀសវាងការស្ទះចរាចរណ៍។
អាកាសយានដ្ឋានអន្តរជាតិអង្គរបានបើកដំណើរការផ្លូវការកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ដោយមានចម្ងាយ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប។ ដោយអ្នកដំណើរអាចធ្វើដំណើរតាមសេវាកម្មតាក់ស៊ីពីព្រលានទៅក្រុងសៀមរាបដោយរថយន្តធុនតូចមានតម្លៃ ៣៥ ដុល្លារ ១ ជើង និងឡានក្រុងតូច ៤០ ដុល្លារ ១ ជើង។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី យល់ឃើញថា ជាគម្រោងល្អដែលនឹងជួយកាត់បន្ថយពេលវេលា និងការចំណាយរបស់ភ្ញៀវទេសចរ បើគម្រោងនេះលេចជារូបរាងឡើងមែន។
លោកនិយាយថា៖«យើងដឹងហើយថា ចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងវាហាក់ឆ្ងាយដែរ។ ដូច្នេះបើមានជម្រើសនៃការធ្វើដំណើរកាន់តែច្រើន កាន់តែល្អ សម្រាប់ភ្ញៀវដោយគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប វាអាចនឹងក្លាយជាជម្រើសថ្មីបន្ថែម»។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាឱកាសដែលលោកទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ កាលពីខែតុលា នៅរដ្ឋធានីប៉េកាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group លោក Li Kuo បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាពីគម្រោងរបស់ក្រុមហ៊ុនក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលចេញពីអាកាសយានដ្ឋានអន្តរជាតិថ្មីទាំង ២ របស់កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មី ២ នោះគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគម្រោងនានាដែលក្រុមហ៊ុន China Metro Group កំពុងសិក្សាក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុនឱ្យគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែក ស្ពានអាកាស និងផ្លូវក្រោមដី៕