ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដូចគ្នាពីទំនាក់ទំនងកម្ពុជា-វៀតណាមថា នឹងកាន់តែពង្រឹងនិងពង្រីកខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង ២។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃបានឱ្យដឹងថា ការបង្ហាញសុទិដ្ឋិនិយមលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដូចនេះ ធ្វើឡើងក្នុងឱកាសលោក ស សុខាជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត និងសហការីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី ២៦ ខែធ្នូដែលក្នុងនោះភាគីទាំង ២ ក៏បានពិភាក្សាលើការងារការបន្តកិច្ចសហប្រតិបត្តិការក្នុង
វិស័យសន្តិសុខផងដែរ។
ក្នុងជំនួបនោះលោក ស សុខា បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត វៀតណាម ដែលតែងយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំង ២ ព្រមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។
ក្រសួងមហាផ្ទៃបានលើកឡើងថា៖ «ភាគីទាំង ២ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងតាមព្រំដែន រួមចំណែករក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំង ២»។
ក្នុងជំនួបនោះ ភាគីទាំង ២ ក៏បានចូលរួមសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការនិងលទ្ធផល នៃជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងបណ្តាថ្នាក់ដឹកនាំវៀតណាម ក្នុងឱកាសលោកបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ កាលពីពេលថ្មីៗនេះ។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ២៧ ខែធ្នូថា ការលើកឡើងពីទំនាក់ទំនងល្អៗនៃប្រទេសទាំង ២ នេះ គឺជារឿងធម្មតាទេ ព្រោះភាគីទាំង ២ សុទ្ធសឹងតែជាតំណាងផ្លូវការរបស់ប្រទេស។
លោក ស៊ឺន សម បានថ្លែងថា៖ «អ្នកការទូត ឬថ្នាក់ដឹកនាំនៃប្រទេស តែងតែនិយាយពាក្យល្អៗដាក់គ្នា ទៅវិញទៅមកហើយជឿជាក់ថា ល្អយ៉ាងនេះ ឬល្អយ៉ាងនោះជាដើម ពីព្រោះថ្នាក់ដឹកនាំនៃប្រទេសទាំង ២ មិនអាចលើកយកចំណុចអវិជ្ជមានលើកយកមកនិយាយនៅក្នុងជំនួបពិភាក្សាទេ»។
ទោះជាយ៉ាងណា លោក ស៊ឺន សម បានបញ្ជាក់ដែរថា កម្ពុជាគួរតែប្រកាន់ភ្ជាប់នូវសារសំខាន់ៗរបស់ប្រទេសជាតិ ព្រោះដឹងហើយថា ក្នុងជំនួបថ្នាក់ដឹកនាំប្រទេសនាពេលកន្លងមកនេះ ភាគីវៀតណាមតែងតែបញ្ជូននូវសារសំខាន់ៗដើម្បីដាក់មកកម្ពុជា ដូចជា ស្នើឱ្យកម្ពុជាសម្រួលកិច្ចការងារមួយចំនួន សម្រាប់ជនជាតិវៀតណាមដែលកំពុងស្នាក់នៅកម្ពុជាជាដើម។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យភាគីទាំង ២ គោរពគ្នាទៅវិញមក និងអនុវត្តឱ្យបាននូវកិច្ចព្រមព្រៀងនានា នៃប្រទេសទាំង ២ កន្លងមក ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជនទាំង ២៕