ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលនៃការកសាងប្រទេសកម្ពុជាឡើងវិញពីដំបូង ប្រទេសជប៉ុន គឺជាដៃគូសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពជំនាញ បច្ចេកទេស និងជំនួយអភិវឌ្ឍន៍ផ្សេងៗ ហើយពេលនេះក៏ឈានដល់កម្រិតខ្ពស់នៃភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយដែលត្រូវដើរតួនាទី និងពង្រឹងតទៅមុខទៀតផងដែរ។
លោកលើកឡើងដូចនេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នាថ្ងៃទី ២៧ ធ្នូ សម្រាប់សម្អាតទឹកកខ្វក់ចេញពីតំបន់កណ្ដាលក្រុងបង្ហូរចូលបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ក្រោមហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនក្នុងទឹកប្រាក់ប្រមាណ ២៤ លានដុល្លាអាមេរិក។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ ជប៉ុននៅតែជាដៃគូ ហើយមិនត្រឹមតែជាដៃគូជួយប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនង និងភាពសកម្មនៃដៃគូនេះ កាន់តែកើនបន្តទៀត ហើយឆ្នាំនេះជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ប៉ុន្តែក៏ឈានដល់កម្រិតខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវដើរតួនាទី និងពង្រឹងតទៅមុខទៀត»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា សមិទ្ធផលដែលកើតមានឡើងនេះ ដោយសារសុខសន្តិភាព បើមានសង្គ្រាម នឹងវេទនាដូចពេលមុនមិនខាន។
លោកបានបញ្ជាក់ទៀតថា៖ «ទន្ទឹមនឹងយើងនិយាយពីអ្វីដែលមាននៅពេលបច្ចុប្បន្ន និងសមិទ្ធផលយើងទៅអនាគត យើងត្រូវនិយាយផងដែរថា យើងត្រូវដាក់ទិសដៅដើម្បីការពារសមិទ្ធផលនេះ និងធានានូវការវិវឌ្ឍទៅមុខទៀត កុំឱ្យវាថយទៅដូច ៤០ ឆ្នាំមុន។ យើងត្រូវការពារសុខសន្តិភាពឱ្យបានដាច់ខាត»។
នៅក្នុងពិធីនេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងថា សមិទ្ធផលទាំងនេះមិនត្រឹមតែជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។
លោកបានថ្លែងថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលកន្លងមក មិត្តជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ២ ៧៧៧ លានយ៉េនជប៉ុនស្មើនឹងប្រមាណ ២៤ លានដុល្លារអាមេរិកសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី»។
សូមបញ្ជាក់ដែរថា គម្រោងនេះបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលក្នុងនោះស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះ មានសមត្ថភាពបូមបានសរុបចំនួន ២ គ្រឿង គឺ ៧ ម៉ែត្រគុបក្នុង ១ នាទី ឬ ៤៦៨ ម៉ែត្រគុបក្នុង ១ ម៉ោង មានទីតាំងនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃលើផ្ទៃដីទំហំ ៣ ហិកតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ ហិកតា ដែលគម្រោងនេះក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តិកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកបន្ថែមទៀតផងដែរ។
នៅក្នុងពិធីនោះ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ ហើយស្របពេលដែលទីក្រុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានក្លាយជាបញ្ហាដែលមិនអាចចៀសបានដូចទៅនឹងការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំរាមជាដើម។
លោកបានបញ្ជាក់ថា៖ «ប្រព័ន្ធទឹកកខ្វក់គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ទីក្រុងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែទន្ទឹមនឹងនោះវាមិនមែនជាការងាយស្រួលនោះទេក្នុងការស្វែងរកទីតាំងដីទំនេរសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងទីក្រុងដែលកំពុងតែមានការអភិវឌ្ឍនិងការពង្រីកជាបន្តបន្ទាប់»។
លោកបានបន្តថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះគឺជាស្ថានីយដែលអាចធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មានគុណភាពខ្ពស់ដំបូងគេនៅកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់របស់ជប៉ុនដែលទើបបង្កើតថ្មីនិងប្រព័ន្ធដែលអាចធ្វើប្រតិបត្តិការនៅលើផ្ទៃដីតូចជាងប្រព័ន្ធប្រព្រឹត្តិកម្មទូទៅ។
លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបញ្ជាក់ថា៖ «ប្រទេសជប៉ុន បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការដល់ប្រទេសកម្ពុជាលើវិស័យជាច្រើនរួមមានការបង្រួបបង្រួមសន្តិភាព និងការស្តារប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍធនធានមនុស្សជាដើម ក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យទឹកគឺមានសារៈសំខាន់ដែលមិនអាចខ្វះបានសម្រាប់ប្រជាជន»។
ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងកម្ពុជា ដែលឆ្នាំនេះជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះដោយគ្រាន់តែកម្ពុជាមួយព្រឹត្តិការណ៍អនុស្សាវរីយ៍ជាង ៧០ កម្មវិធី ត្រូវបានប្រារព្ធឡើង ហើយកម្មវិធីទាំងនេះត្រូវបានប្រព្រឹត្តឡើងយ៉ាងរលូននិងប្រកបដោយភាពសប្បាយរីករាយ៕