ភ្នំពេញៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលបានផ្ដល់សារណែនាំឱ្យប្រជាពលរដ្ឋត្រៀមការពារសុខភាព ជាពិសេសកុមារ ស្ដ្រីមានផ្ទៃពោះ និងមនុស្សចាស់ ត្រូវនៅកន្លែងដែលត្រជាក់ និងរក្សាខ្លួនឱ្យមានសារជាតិទឹកជានិច្ច ក្នុងអំឡុងពេលរដូវប្រាំងឆ្នាំ ២០២៤ ខាងមុខ ដែលអាកាសធាតុនឹងឡើងកម្តៅដល់ ៤១ អង្សាសេ។
សារណែនាំឱ្យត្រៀមការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំង រួមមាន ត្រូវរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធទឹកស្អាតល្អ លើសពី ២ លីត្រក្នុង ១ ថ្ងៃ បើទោះបីជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។
ត្រូវច្រៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា៖ ពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។
សេចក្តីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងចេញកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងទៀតថា ក្រៅពីនេះត្រូវងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ និងត្រូវស្លៀកសម្លៀកបំពាក់ជួយការពារកម្ដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស និងលឿងជាដើម។
ជាមួយគ្នានេះដែរក្នុងពេលអាកាសធាតុក្ដៅខ្លាំងប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវជ្រកក្រោមម្លប់ ដោយត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះ មានកុមារ ស្ដ្រីមានផ្ទៃពោះ និងជនចាស់ជរាផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា៖ «ដូច្នេះរដូវប្រាំងខាងមុខនេះ បញ្ហាសុខភាព ជាបញ្ហាសាធារណៈមួយដែរ ហើយការការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំងបែបនេះ គឺដើម្បីធ្វើឱ្យខ្លួនយើងចៀសវាងពីជំងឺផ្សេងៗ»។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបន្តទៀតថា ទន្ទឹមនឹងសារណែនាំទាំងនេះ ប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ និងសុខភាពដែលមានប្រភពច្បាស់លាស់ ដើម្បីការពារសុខភាពខ្លួនឱ្យបានត្រឹមត្រូវ ខណៈដែលរោគសញ្ញាជំងឺដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង មានលក្ខណៈវិវឌ្ឍន៍ទៅជាជំងឺអស់កម្លាំង ដួលសន្លប់ បែកញើសខ្លាំង ខ្លួនត្រជាក់ ស្បែកស្អិត ជីពចរដើរញាប់ និងក្អួតចង្អោរជាដើម។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា នៅឆ្នាំ ២០២៤ ខាងមុខអាកាសធាតុនឹងកើនកម្ដៅខ្លាំងជាងឆ្នាំមុនៗ ដូច្នេះអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋត្រៀមការពារសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវធ្វើតាមការណែនាំពីវិធីសាស្ត្រព្យាបាល ដែលមិនមានប្រភពច្បាស់លាស់ ត្រឹមត្រូវនោះទេ។
លោកបញ្ជាក់ថា៖ «ក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅនៅរដូវប្រាំងខាងមុខនេះសូមប្រជាពលរដ្ឋយើងកុំមានការបារម្ភ ហើយគួរតែធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវធ្វើតាមការណែនាំ ឬចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់នោះទេ»។
សូមបញ្ជាក់ថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ស្ថានភាពអាកាសធាតុនៅកម្ពុជា ក្នុងរដូវប្រាំង ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ ២០២៤ អាកាសធាតុនឹងកើនកម្ដៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៤១ អង្សាសេ៕