ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្កើនការយល់ដឹងពីបញ្ហាមេរោគអេដស៍ជូនដល់បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដើម្បីបង្រៀនមុខវិជ្ជា «អប់រំសុខភាព» ជូនដល់សិស្សានុសិស្សសំដៅរួមចំណែកលុបបំបាត់ជំងឺអេដស៍នៅកម្ពុជា។
សិក្ខាសាលាបង្កើនការយល់ដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដោយមានការឧបត្ថម្ភពីអង្គការUNAIDSប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
សិក្ខាសាលានេះធ្វើឡើងដើម្បីបញ្ជ្រាបចំណេះដឹងជូនដល់បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនមួយចំនួននៅរាជធានីភ្នំពេញក្រោមអធិបតីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសំណាក់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ត្រីអប់រំក្រោមឱវាទ ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីគ្រឹះស្ថានសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញចំនួន៥៧នាក់ ក្នុងនោះមានស្រី២១នាក់ ។
បើតាមក្រសួងអប់រំ សិក្ខាសាលានេះក្នុងគោលបំណងចូលរួមលើកទឹកចិត្ត និងបង្កើតបរិយាកាសឱ្យមានការយល់ចិត្តដើម្បីជួយដល់សិស្សានុសិស្ស និងប្រជាជនគន្លឹះដែលកំពុងរស់នៅ ឬប្រឈមជាមួយការឆ្លងរីករាលដាលនៃមេរោគអេដស៍ឱ្យមានសុខភាពល្អក្នុងជីវិតរស់នៅប្រកបដោយបរិយាកាស ដែលគ្មានការមាក់ងាយ និងការរើសអើង តាមរយៈការបង្កើនទំនុកចិត្តដល់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀនមុខវិជ្ជា«អប់រំសុខភាព» លើប្រធានបទ ការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយដល់សិស្សានុសិស្សរបស់ខ្លួន។
សូមជម្រាបថា រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ដែរថា ការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជនជាក្តីកង្វល់ដ៏ធំ ព្រោះការផ្លាស់ប្តូរប្រជាសាស្ត្រនៃការឆ្លងបច្ចុប្បន្ន ភាគច្រើនកើតចេញពីសកម្មភាពប្រព្រឹត្តមិនមានសុវត្ថិភាពដែលបានពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល។
ពាក់ព័ន្ធបញ្ហាអេដស៍នេះដែរ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា កម្ពុជានឹងប្រើប្រាស់ហិរញ្ញប្បទាន ចំនួន៤២លានដុល្លារ សម្រាប់កម្មវិធីអេដស៍ និងរបេងសម្រាប់៣ឆ្នាំ គឺឆ្នាំ២០២៤-២០២៦ ដែលនឹងអាចអនុវត្តបានចាប់ពីដើមឆ្នាំ២០២៤ តទៅដើម្បីជំរុញការកាត់បន្ថយឱ្យបានជាអតិបរមាក្នុងការឆ្លងរាលដាលនៃជំងឺទាំង២នេះ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ធ្លាប់បានឱ្យដឹងថា កម្ពុជាបានដាក់ចេញគោលដៅ៦ចំណុចទាក់ទងនឹងសកម្មភាពការងារនានាដើម្បីចូលររួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺអេដស៍។
ចំណុចទាំង៦នោះ រួមមាន ទី១ កម្ពុជាបានរៀបចំកម្មវិធីអេដស៍ដោយយកប្រជាជនជាស្នូលគឺអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះជាស្នូល ជាត្រីកោណដែលមានអ្នកចេញគោលនយោបាយ អ្នកផ្តល់សេវា និងសហគមន៍ធ្វើការរួមគ្នា។ ទី២ កម្ពុជាជាប្រទេសតែមួយគត់ដែលអង្គភាពរដ្ឋាភិបាលធ្វើការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះជាមួយដៃគូអភិវឌ្ឍន៍ដើម្បីពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍។ ទី៣ កម្ពុជាបានបង្កើនថវិកាបដិភាគក្នុងមូលនិធិសកលបានជាង៦០ភាគរយ ដើម្បីទិញ ឱសថប្រឆាំងមេរោគអេដស៍(៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ឆ្នាំ២០២១ ២០២២ និង ២០២៣។
ទី៤កម្ពុជាកំពុងផ្តល់អត្ថប្រយោជន៍នៃកម្មវិធីគាំពារសង្គមដល់អ្នកផ្ទុកមេរោគអេដស៍និងប្រជាជនគន្លឹះទី៥ កម្ពុជាបានសម្រេចគោលដៅ៩០-៩០-៩០រួចហើយនៅឆ្នាំ២០១៧មុនកាលកំណត់(ឆ្នាំ២០២០)និងទី៦ គោលដៅបញ្ចប់អេដស៍៩៥-៩៥-៩៥ នៅឆ្នាំ២០២៥៕