ភ្នំពេញៈ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តឱ្យប្រតិភូចិន ធ្វើការវិនិយោគលើការកែច្នៃផលិតផលកសិកម្មក្នុងខេត្តនេះដោយអះអាងថា បាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្ពស់ផ្នែកកសិកម្ម ហើយក៏ជាខេត្តត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ផងដែរ។
ការជំរុញបែបនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកMa Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។
ក្នុងជំនួបនេះ លោក សុខ លូ បានថ្លែងស្វាគមន៍ដល់គណៈប្រតិភូនៃខេត្តយូណាន ដែលបានចំណាយពេលវេលាធ្វើដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីខេត្តបាត់ដំបង ដើម្បីពិភាក្សារឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តយូណាន និងខេត្តបាត់ដំបងឱ្យមានភាពរឹងមាំ ដោយខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ខេត្តបាត់ដំបង ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលផ្សារភ្ជាប់ទៅនឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគទាំងក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផល វារីវប្បកម្ម និងបសុសត្វ។
លោកបញ្ជាក់ថា៖ «បើទោះបីខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្មក៏ពិតមែន តែការវិនិយោគលើផ្នែកកែច្នៃផលិតផលកសិកម្មនៅមានកម្រិតនៅឡើយ ដូច្នេះយើងនៅតែត្រូវការអ្នកវិនិយោគជាច្រើនបន្ថែមទៀត ដើម្បីជំរុញផ្នែកការកែច្នៃផលិតផលកសិកម្មដែលមាននៅក្នុងខេត្តបាត់ដំបង»។
លោក Ma Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន បានថ្លែងដែរថា ខេត្តយូណាន និងខេត្តបាត់ដំបង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធយូរមកហើយដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ ខេត្តបាត់ដំបង និងខេត្តយូណានមានភាពស្រដៀងគ្នា ទាំងសំណង់អគារបុរាណ ផលិតផលកសិកម្មមួយចំនួនជាដើម។ លោកបញ្ជាក់ថា៖ «ខេត្តបាត់ដំបង ជាខេត្តដែលអំណោយផលផ្នែកអាកាសធាតុ ដែលស័ក្តិសមសម្រាប់ការធ្វើកសិកម្មនៅលើទឹកដីមួយនេះ។ ហើយយើងសង្ឃឹមថា ខេត្តបាត់ដំបង និងខេត្តយូណាននឹងមានចំណងមិត្តភាពផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ មិនសូវមានអ្នកវិនិយោគ ឬក្រុមហ៊ុន មកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាច្រើនទេ ហើយប្រសិនជាប្រតិភូចិនមានចំណាប់អារម្មណ៍ ចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង វាជាឱកាសល្អមួយ ពីព្រោះកន្លងមកផលិតផលកសិកម្មនៅខេត្តនេះ មានដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម គឺមានចំនួនច្រើនដែលលើសពីតម្រូវការទីផ្សារក្នុងស្រុកផងដែរ។
លោកបានឱ្យដឹងទៀតថា ចំពោះផលប្រយោជន៍ពីការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មវិញ គឺសម្រាប់អ្នកដែលមានចម្ការផលិតផលកសិកម្មទាំងនោះ ពួកគាត់អាចមានលទ្ធភាពបង្កបង្កើនផល និងបន្តថែរក្សា ពីព្រោះនៅពេលកសិករបានប្រមូលផលម្ដងៗផ្លែឈើរបស់ពួកគាត់ មានទីផ្សារ និងលែងចុះថោក។ ក្រៅពីនេះ ប្រជាពលរដ្ឋមូលដ្ឋាន ក៏ទទួលបានចំណូល និងអត្ថប្រយោជន៍ផ្សេងៗ នៅពេលដែលមានការបង្កើតរោងចក្រ ដូច្នេះច្បាស់ណាស់ប្រាកដជាត្រូវការកម្លាំងពលកម្ម។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! គាត់អាចទទួលបានចំណូលចិញ្ចឹមជីវិតបាន សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់ផងដែរ។ ហើយខ្ញុំក៏គិតថា រាជរដ្ឋាភិបាលរបស់យើង ក៏ទទួលបានផលប្រយោជន៍ពីការបង់ពន្ធ ជាពិសេសពន្ធអាករលើរោងចក្រ សហគ្រាស ដែលបង្កើតផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើង»។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ មានក្រុមហ៊ុន ShindoShigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តអិហិមិ ប្រទេសជប៉ុន បានមកសិក្សា និងស្វែងយល់ពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តនេះទៅលើការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម៕