កែបៈលោក សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានលើកឡើងថា អាជ្ញាធរមីន គឺជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងការងារសកម្មភាពមីន ដើម្បីរួមចំណែកដល់កិច្ចគាំពារសន្តិភាព ការអភិវឌ្ឍ និងការផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។
លោកបានលើកឡើងដូចនេះ នៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក អាជ្ញាធរមីននៅខេត្តកែប ដែលបានធ្វើឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២៣។
លោក សែម សុវណ្ណនី បានឱ្យដឹងដែរថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការកាត់បន្ថយជនរងគ្រោះថ្នាក់ពី៤ ៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកក្រោម១០០នាក់ ក្នុង១ឆ្នាំ»។
លោកបានបន្តថា៖ «ដោយសារការជំរុញប្រសិទ្ធភាពក្នុងប្រតិបត្តិការបោសសម្អាតមីន និងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសាលារៀន សហគមន៍ និងជនគោលដៅ។ អាជ្ញាធរមីន គឺជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំ ត្រួតពិនិត្យនិងគ្រប់គ្រងការងារសកម្មភាពមីនដើម្បីរួមចំណែកដល់កិច្ចគាំពារសន្តិភាព ការអភិវឌ្ឍ និងការផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា»។
យោងតាមរបាយការណ៍អាជ្ញាធរមីន ក្នុងរយៈពេល ១១ ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទៃដីទំហំ ២ ៩៩៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។
ប្រភពដដែលបានឱ្យដឹងថា មីនប្រឆាំងមនុស្សចំនួន ១ ១៧៦ ៤៦២ គ្រាប់,មីនប្រឆាំងរថក្រោះចំនួន ២៦ ៣២១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ៣ ១០០ ១២៣ គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោលហើយប្រជាពលរដ្ឋទទួលផលមានចំនួន ៤ ៨៦២ ៥៧៥ គ្រួសារ ស្មើនឹង ១២ ៦៦៦ ៦៧៤ នាក់។
ជាមួយគ្នានេះដែរ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣០ នាក់ ក្នុងនោះជនរងគ្រោះស្លាប់មាន ៤ នាក់ របួស ១៧ នាក់ និងពិការអវយវៈ ៩ នាក់។ តួលេខនេះ មានការថយចុះ ២៥ ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះ ៤០ នាក់។
លោក សែម សុវណ្ណនី បានឱ្យដឹងទៀតថា នៅឆ្នាំនេះ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះប្រមាណជិត ២ លាននាក់ទទួលបានសារអប់រំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកក៏បានលើកឡើងដែរថា ក្រុមការងារយេនឌ័រអាជ្ញាធរមីនកំពុងកសាងស្តង់ដាជាតិ ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីនដំបូងបង្អស់ក្នុងពិភពលោក។បច្ចុប្បន្នមានបុគ្គលិក២៣ភាគរយជាស្ត្រីកំពុងបម្រើការក្នុងវិស័យមីននៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរលោកក៏បានឱ្យដឹងថា៖ «នៅឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជាត្រូវបានរដ្ឋភាគីចំនួន ១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលត្រូវធ្វើពីថ្ងៃទី២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលក្នុងនាមជាប្រធាន កម្ពុជាបានដាក់អាទិភាពចំនួន ៣ គឺជំរុញសកលភាវូបនីយកម្ម, ពង្រឹងការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបោសសម្អាតមីន) និងជួយជនរងគ្រោះ ដោយសារមីន»។
សូមបញ្ជាក់ដែរថា ដើម្បីគាំទ្រដល់ផែនការអាទិភាពអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» អាជ្ញាធរមីន ក៏បានរៀបចំគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិ ត្រូវបានបោសសម្អាត។ មកទល់នឹងខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបានប្រែក្លាយភូមិមានមីន ទៅជាភូមិអស់មីនសរុបចំនួន១ ៧៧៧ភូមិក្នុងនោះរាជធានី-ខេត្តចំនួន១៤ ត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន។
បច្ចុប្បន្ន អាជ្ញាធរមីននៅតែទទួលបានការបន្តគាំទ្រពីម្ចាស់ជំនួយមួយចំនួនផងដែរ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័រវែស ស្វ៊ីស ចិន កាណាដា នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ឥណ្ឌា យូអិនឌីភី និង អេចឌី អរអ៊ែនឌី ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ៕